កោះកុងៈ រដ្ឋបាលឃុំ និងសហគមន៍នេសាទសម្រស់កោះស្ដេច ខេត្តកោះកុង បានលែងអណ្ដើកសមុទ្រ ២ ក្បាល ដែលជាប្រភេទកំពុងរងគ្រោះថ្នាក់ចូលទៅទឹកធម្មជាតិវិញ ក្រោយពីបានជួយសង្គ្រោះពេលជាប់មង។
អណ្ដើកសមុទ្រទាំង ២ ប្រភេទនេះរួមមាន ប្រភេទអណ្ដើកល្មិច (Chelonia mydas) ទម្ងន់ ៧,៥ គីឡូក្រាម និងប្រភេទអណ្ដើកក្រាស (Eretmochelys imbricata) មានទម្ងន់ ៧,២ គីឡូក្រាម ដោយបានលែងនៅ ឆ្នេរពយជប៉ុន ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ពីថ្ងៃទី ២៤ ខែកុម្ភៈ។ នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋបាលឃុំកោះស្ដេច។
រដ្ឋបាលឃុំបានលើកឡើងថា អណ្ដើកទាំង ២ ក្បាលនេះ គឺទទួលបានក្រោយពីការជួយសង្គ្រោះពេលទាក់ជាប់មងខ្មោច [មងចាស់] របស់អ្នកនេសាទនៅជិតកោះម្នាស់ ។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី ២៥ ខែកុម្ភៈថា បច្ចុប្បន្នលោកនៅមិនទាន់មានទិន្នន័យចំនួនអណ្ដើកសមុទ្រសរុបទេ ក៏ប៉ុន្តែគ្រាន់តែដឹងថានៅដើមឆ្នាំ ២០២៤ នេះ អណ្ដើកសមុទ្រត្រូវបានលែងវិញចំនួន ១៥ ក្បាល។
លោកបានបន្តថា អណ្ដើកសមុទ្រនេះក៏មានវត្តមានក្នុងខេត្តចំនួន ៤ របស់កម្ពុជា គឺខេត្តកែប កោះកុង ខេត្តកំពត និងព្រះសីហនុ ប៉ុន្ដែខេត្តព្រះសីហនុមិនសូវមានច្រើនទេ ព្រោះខេត្តនេះមានខ្សាច់ និងមានផ្កាថ្មច្រើន។
លោក អ៊ុក វិបុល បានថ្លែងថា៖ «អណ្ដើកសមុទ្រ កំពុងទទួលរងកត្តាគំរាមកំហែងពីការនេសាទដោយចៃដន្យ ការបំពុលបរិស្ថានដោយការចោលថង់ប្លាស្ទិក នៅពេលអណ្ដើកវាស៊ី បណ្ដាលឱ្យវាងាប់។ ក្រៅពីនេះក៏រងការគំរាមកំហែងពីការលួចចាប់កាប់សាច់ទិញ-លក់ ខណៈយើងកំពុងប្រឹងប្រែងដោះស្រាយជាមួយដៃគូអភិរក្សផ្សេងៗដើម្បីទប់ស្កាត់»។
លោកថា ឥឡូវនេះរដ្ឋបាលជលផល និងដៃគូពាក់ព័ន្ធកំពុងគិតគូរកំណត់ឧបករណ៍នេសាទដើម្បីកុំឱ្យពេលប្រើទៅអូសជាប់អណ្ដើកសមុទ្របាន៕