ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរសុខាភិបាលបានចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសង្កាត់ចំនួន ១០៥ នៅក្នុងរាជធានីដែលជាយុទ្ធនាការកម្ចាត់មូសខ្លា និងបំបាត់ជំងឺគ្រុនឈាម ខណៈគិតត្រឹម ៦ សប្តាហ៍ដើមឆ្នាំនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន ១ ០០០ នាក់នៅរាជធានីភ្នំពេញ។
ជំរុញករណីជំងឺគ្រុនឈាមនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងនៅលើហ្វេសប៊ុកលោកពីថ្ងៃទី ២៤ ខែកុម្ភៈថា ការលើកកម្ពស់សុខភាព និងសុខុមាលភាពពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាដែលក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ។
លោកបានឱ្យដឹងថា៖ «រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិស្រាស្តក្នុងរាជធានីភ្នំពេញដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង»។
ដោយសារជំងឺគ្រុនឈាមមានការកើនឡើងគួរឱ្យបារម្ភ អភិបាលរដ្ឋបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីសប្តាហ៍មុនបានប្រជុំពិភាក្សាជាមួយមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធ និងអភិបាលខណ្ឌទាំង ១៤ ដើម្បីរិះរកវិធានការកាត់បន្ថយការរីករាលដាលនៃជំងឺគ្រុនឈាម។នេះបើតាមហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា៖ «តាមរយៈរបាយការណ៍ដែលបានបង្ហាញជំងឺគ្រុនឈាមបានកើតឡើងគួរឱ្យព្រួយបារម្ភដែលទាមទារឱ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយពិសេសគឺអនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម»។
ជាមួយគ្នានេះលោកបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ចុះពិនិត្យមើលមូលដ្ឋានរបស់ខ្លួនជាពិសេស ទីតាំងដែលបង្កឱ្យមូសអាចរស់នៅបានដើម្បីកម្ចាត់មូសទាំងនោះចោល។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានជំរុញដល់មន្ទីរសុខាភិបាលជាជំហានដំបូង ត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅខណ្ឌចំនួន ៥ ឱ្យបានរួចរាល់ក្នុងរយៈពេល ១ សប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង ១៤ ខណ្ឌ និង ១០៥ សង្កាត់ នៅតាមប្រឡាយ លូ នានា ដើម្បីលុបបំបាត់ជំងឺគ្រុនឈាមឱ្យបានទាំងស្រុង។
លោកបញ្ជាក់ថា៖ «មន្ទីរសុខាភិបាលត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណាកុំឱ្យជំងឺគ្រុនឈាមនេះកើនឡើងថែមទៀត»។
ក្រៅពីនេះ លោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាកន្លែងទឹកដក់ក្នុងសម្បកកង់ឡាន កង់ម៉ូតូ សម្បកកំប៉ុង ដបវត្ថុដក់ទឹកភ្លៀងជាដើម ដើម្បីរួមចំណែកកម្ចាត់ជម្រកមូសខ្លាដែលជាប្រភពចម្លងជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាព។
ពាក់ព័ន្ធបញ្ហានេះ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងរយៈពេល ៦ សប្តាហ៍កន្លងមក ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន ១ ០០០ នាក់ នៅរាជធានីភ្នំពេញ។
លោកបានបន្តថា ជាវិធានការបន្ទាន់ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដោយមានកិច្ចសហការពីកងពលតូចលេខ ៧០ បានចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង ១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅលុបបំបាត់មូសខ្លាឱ្យអស់ និងគ្មានជំងឺគ្រុនឈាមយាយីដល់ប្រជាពលរដ្ឋ។
ក្រុមការងារបានចុះធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅខណ្ឌចំនួន ៥ រួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលជាខណ្ឌមានបញ្ហាប្រឈមជំងឺគ្រុនឈាមខ្លាំងជាងគេ។
យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលបានឱ្យដឹងថា ឆ្នាំ ២០២៣ ជំងឺគ្រុនឈាមសរុបចំនួន ៣៥ ៣៩០ ករណី និងស្លាប់ចំនួន ៩៩ នាក់ (អត្រាស្លាប់ ០,២៨ ភាគរយ) គឺកើនឡើងជិត ៣ ដង ធៀបនឹងករណីឆ្នាំ ២០២២ ដែលមាន ១២ ៩៨៥ ករណី និងស្លាប់ ១ នាក់៕