ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល បានដឹងពីតួនាទី ភារកិច្ចក្នុងការឆ្លើយតបផ្ដល់សេវាជូនកុមារដែលទទួលរងគ្រោះ។
ការប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំនេះធ្វើឡើងកាលពីសប្តាហ៍មុនដោយសារក្រសួងទាំង ២ បានសង្កេតឃើញថា ជារៀងរាល់ថ្ងៃកុមារនៅក្នុងប្រទេសកម្ពុជាបន្តទទួលរង និងជួបប្រទះអំពើហិង្សា ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការមិនអើពើ ខណៈដែលទម្រង់នៃអំពើទាំងនោះ បានកើតឡើងគ្រប់មជ្ឈដ្ឋានក្នុងសង្គមទាំងអ្នកមាន និងអ្នកក្រ ហើយនិងមានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។
សៀវភៅនេះ បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារនៃមន្ទីរសង្គមកិច្ចរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ-សង្កាត់គណៈកម្មាធិការទទួលបន្ទុក កិច្ចការនារី និងកុមារឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្ដីពីកិច្ចការពារកុមារ ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រប់ទម្រង់នៃអំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច ការរំលោភបំពាន ឬក៏ការមិនអើពើ។
ក្រៅពីនេះទៀត ស្ថាប័ន អង្គភាព និងភ្នាក់ងារដែលធ្វើការជាមួយនឹងកុមាររួមមាន៖ សាលារៀន ឬគ្រឹះស្ថានអប់រំ មណ្ឌលសុខភាព មន្ត្រីនគរបាល ក៏ដូចជាអង្គការមិនមែនរាជរដ្ឋាភិបាល ដែលអនុវត្តកម្មវិធីសម្រាប់កុមារ និងក្លិបកុមារ ត្រូវតែងតាំងមន្ត្រីទទួលបន្ទុកកិច្ចការពារកុមារដែលទទួលខុសត្រូវក្នុងការរាយការណ៍ពីការសង្ស័យថាមានអំពើហិង្សា ឬការរំលោភបំពាន ឬការមិនអើពើ ឬការកេងប្រវ័ញ្ចលើកុមារ។
សៀវភៅនេះមានវិសាលភាពអនុវត្តន៍ចំពោះកុមារទាំងអស់ដែលមានអាយុក្រោម ១៨ ឆ្នាំ និងធានាថា កុមារទាំងអស់ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាទទួលបានកិច្ចការពារ រាប់បញ្ចូលទាំងកុមារដែលរងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក អំពើជួញដូរ និងកុមារគ្មានអត្តសញ្ញាណពិតប្រាកដ មិនថាមានសញ្ជាតិខ្មែរ ឬមិនមានសញ្ជាតិខ្មែររស់នៅក្នុងប្រទេសកម្ពុជាស្របច្បាប់ ឬមិនស្របច្បាប់នោះទេ គឺត្រូវបានគ្របដណ្ដប់ដោយនីតិវិធីប្រតិបត្តិនេះ។
លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៥ ខែកុម្ភៈថា ការអនុវត្តទៅតាមនីតិវិធីនៅក្នុងសៀវភៅណែនាំនេះ មិនមែនតែស្ថាប័នរាជរដ្ឋាភិបាលនោះទេ តែអង្គការសង្គមស៊ីវិលក៏ត្រូវធ្វើតាមនីតិវិធីប្រតិបត្តិនេះដែរ ដើម្បីជាកិច្ចអន្តរាគមន៍រួមគ្នា ក្នុងការផ្ដល់សេវាជួយដល់កុមារដែលរងគ្រោះពីគ្រប់ទម្រង់នៃអំពើហិង្សាទាំងអស់នោះ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង សារៈប្រយោជន៍នៃសៀវភៅហ្នឹង គឺឱ្យអាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ជាពិសេសឃុំ-សង្កាត់ ស្រុក គាត់យល់ច្បាស់អំពីភារកិច្ចរបស់ខ្លួន និងនីតិវិធីជួយទៅដល់កុមារនៅពេលកុមារមានការរំលោភបំពាន ការគំរាមកំហែង ឬក៏ប្រឈមនឹងការរងគ្រោះអ្វីមួយ»។ បន្ថែមពីនេះ ការអនុវត្តសៀវភៅណែនាំនេះ ក៏បានផ្ដល់ប្រយោជន៍សម្រាប់កុមារ ដើម្បីទទួលបាននូវកិច្ចគាំពារ ការការពារហើយនិងទទួលបានសេវាសមស្របទៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិដែលមាន។
ទាក់ទងនឹងការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូថ្លែងថា ការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំនេះ វាជារឿងល្អមួយ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យពួកគាត់បានដឹងពីភារកិច្ច តួនាទីត្រូវអនុវត្ត ក៏ដូចជាចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ រួមគ្នាក្នុងការជួយការពារ និងជួយសង្គ្រោះកុមារដែលងាយរងគ្រោះ។
លោកបានថ្លែងថា៖ «ដូច្នេះវាគ្រាន់តែជាគោលការណ៍ណែនាំទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការអនុវត្តច្បាប់ទាក់ទងនឹងការការពារកុមារ។ អ៊ីចឹងយើងត្រូវនាំគ្នាធ្វើម៉េចដើម្បីអនុវត្តច្បាប់ហ្នឹងឱ្យមានប្រសិទ្ធភាព ជួយការពារទៅដល់កុមារ និងសង្គ្រោះកុមារដែលត្រូវរងគ្រោះដោយការរំលោភបំពានផ្សេងៗ»។
សូមបញ្ជាក់ថា យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ ២០២១-២០២២ បង្ហាញថា ចំនួន ៦៦% នៃកុមារកម្ពុជាអាយុពី ១ ឆ្នាំ ទៅ ១៤ ឆ្នាំ ធ្លាប់ទទួលរងការដាក់ពិន័យពីមនុស្សពេញវ័យនៅក្នុងគ្រួសាររបស់ពួកគេ។
ទន្ទឹមគ្នានេះ នៅឆ្នាំ ២០២២ ការសិក្សាស្ដីពីការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមរយៈអនឡាញបានរកឃើញ ១១% នៃអ្នកប្រើប្រាស់អ៊ីនធឺណិត ដែលមានអាយុចាប់ពី ១២ ឆ្នាំ ទៅ ១៧ ឆ្នាំ នៅកម្ពុជាបានទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ៕