ភ្នំពេញៈ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២៥ ខែកុម្ភៈថា ក្នុងករណីចាំបាច់ដែលមានការប្រែប្រួលតម្លៃស្រូវធ្លាក់ថ្លៃជាគំហុកដោយកត្តាបណ្តោះអាសន្នណាមួយ ក្រសួងមានយន្តការសម្រាប់អន្តរាគមន៍តាមរយៈការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេស ដើម្បីធានាស្ថិរភាពតម្លៃ។
លោកថា ជាគោលការណ៍ទូទៅនៃសេដ្ឋកិច្ចទីផ្សារសេរី ថ្លៃកសិផលតែងប្រែប្រួល និងត្រូវបានកំណត់ដោយទំហំនៃតម្រូវការ និងការផ្គត់ផ្គង់។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ក្នុងស្រុកមិនសូវមានឥទ្ធិពលខ្លាំងទៅលើតម្រូវការនាំចេញប៉ុន្មានទេ។ លោកហ្វីណង់បញ្ជាក់ថា៖«ការធ្លាក់ចុះបន្តិចមួយរយៈក្រោយនេះក៏ព្រោះតែប្រទេសនានាក្នុងតំបន់ធ្វើការប្រមូលផលស្រូវតំណាលគ្នានឹងប្រទេសកម្ពុជាដែរ ដែលធ្វើឱ្យការផ្គត់ផ្គង់លើទីផ្សារអន្តរជាតិមានការកើនឡើង ហើយធ្វើឱ្យថ្លៃថយចុះ។ នេះគឺជាទំនោរធម្មតាតាមរដូវកាលដែលកើតមាននៅរៀងរាល់ឆ្នាំ»។
ប៉ុន្តែលោកហ្វីណង់បញ្ជាក់ថា ៖ «នៅក្នុងករណីចាំបាច់ ដែលមានការប្រែប្រួលថ្លៃជាគំហុកដោយកត្តាបណ្តោះអាសន្នណាមួយ ដែលអាចជះឥទ្ធិផលដល់សន្តិសុខស្បៀង អតិផរណាថ្លៃឬប៉ះពាល់ដល់ការធ្វើផលិតកម្មរបស់កសិករ យើងមានយន្តការសម្រាប់អន្តរាគមន៍តាមរយៈការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេសដើម្បីធានាស្ថិរភាពថ្លៃ នៃកម្មវិធីគោលនយោបាយអាទិភាពទី៥បាន»។
យ៉ាងណាក្តី លោកហ្វីណង់ លើកឡើងថា យន្តការនេះមានចរិតបណ្តោះអាសន្ន និងប្រើប្រាស់តែក្នុងពេលចាំបាច់ខ្លាំងប៉ុណ្ណោះ ពោលគឺមិនអាចប្រើប្រាស់ជាលក្ខណៈយូរអង្វែងបានទេ។ ក្រុមការងារជំនាញ បាននិងកំពុងតាមដាន ព្រមទាំងវិភាគការវិវឌ្ឍថ្លៃស្រូវ និងថ្លៃផលិតផលស្រូវ ដើម្បីត្រៀមជួយរក្សាលំនឹងថ្លៃស្រូវ ក្នុងកម្រិតសមរម្យ និងជួយកសិករឱ្យទទួលបានប្រាក់ចំណេញក្នុងកម្រិតសមរម្យ។ លោកថា៖«រដូវប្រមូលផល ស្រូវសម្បូរហូរហៀរនៅលើទីផ្សារ ថ្លៃតែងថយចុះបន្តិច បើធៀបទៅនឹងរដូវខ្សត់ស្រូវមុនពេលច្រូតកាត់មកដល់ នេះគឺជាវដ្តធម្មតានៃសមតុល្យរវាងតម្រូវការ និងការផ្គត់ផ្គង់»។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា ក៏បានឱ្យដឹងដែរថា ការឡើងចុះនៃតម្លៃស្រូវនៅលើទីផ្សារ គឺជារឿងធម្មតា ដោយសារកម្ពុជាជាទីផ្សារសេរី។ លោកថា៖«ថ្មីៗនេះ មានការត្អូញត្អែររបស់ប្រជាកសិករយើង ពាក់ព័ន្ធនឹងការចុះថ្លៃនៃស្រូវសើម។ ជាការពិត ថ្លៃស្រូវសើមដែលលក់ចេញនាពេលនេះ មានទំនោរធ្លាក់ចុះបន្តិច ប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំមុនៗ ថ្លៃស្រូវសើមដែលលក់បានក្នុងឆ្នាំនេះ នៅតែលក់បានថ្លៃជាងឆ្នាំមុនៗ»។ លោកបន្ថែមថា តម្លៃស្រូវប្រែប្រួលដោយសារកត្តាជាច្រើន ដូចជាដល់រដូវច្រូតកាត់, បញ្ហាគុណភាពស្រូវមានសំណើម, សមត្ថភាពឡសម្ងួត, ទុនប្រមូលស្រូវ និងរួមទាំងតម្រូវការទីផ្សារជាដើម។
លោក ខាន់ វិជ្ជា ប្រធានសហគមន៍កសិកម្មត្រពាំងក្រឡាញ់ ក្នុងឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់ឱ្យដឹងថា ប្រភេទស្រូវ OM៥៤៥១ (ឈ្មោះស្រូវម្យ៉ាងមានប្រភពមកពីវៀតណាម) លក់បានថ្លៃពី៩ ៨០ រៀល ទៅ ១ ០០០ រៀលក្នុង ១ គីឡូក្រាម តម្លៃនេះវាធ្លាក់ចុះជាងខែមករា។ «តម្លៃនេះ កសិករនៅចំណេញខ្លះ តែបើធ្លាក់កាន់តែខ្លាំងទៀត យើងអាចនឹងលែងចំណេញ។ វាពិបាកដោយសារតែពឹងផ្អែកលើទីផ្សារវៀតណាម ឱ្យតែកសិករប្រមូលផលស្របគ្នា តម្លៃតែងតែធ្លាក់ចុះ»។
ទិន្នន័យពីក្រសួងកសិកម្ម ស្តីពីតម្លៃមធ្យមភាគស្រូវសើមនៅតាមបណ្ដាខេត្តមួយចំនួន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបង្ហាញថា នៅខេត្តបន្ទាយមានជ័យប្រភេទស្រូវ OM៥៤៥១ តម្លៃចន្លោះពី ៩៩០ រៀល ទៅ ១ ០០០ រៀល ខណៈស្រូវ IR ៥៥៥ មានតម្លៃ ១ ០៤០ រៀល ក្នុង ១ គីឡូក្រាម។
ខេត្តកំពង់ចាម ស្រូវ OMសើម តម្លៃចន្លោះ ៩៩០ រៀលទៅ១ ០៥០ រៀល ក្នុង ១ គីឡូក្រាម,ខេត្តព្រៃវែង OM៥៤៥១ តម្លៃពី ១០៣០ រៀល ទៅ ១ ០៥០ រៀល ក្នុង ១គីឡូក្រាម,ត្បូងឃ្មុំ តម្លៃចន្លោះពី ១ ០០០ រៀល ទៅ ១ ១០០ រៀល ខណៈដែលស្រូវសែនក្រអូបតម្លៃពី ១ ២៥០ រៀល ទៅ ១ ៣០០ រៀល ក្នុង ១ គីឡូក្រាម។
ខេត្តកំពង់ធំ តម្លៃចន្លោះពី ៩៩០ រៀល ទៅ ១ ០៣០ រៀល ខណៈស្រូវសែនក្រអូបតម្លៃ ១ ២២០ រៀល ក្នុង ១ គីឡូក្រាម និងខេត្តបាត់ដំបង ស្រូវតម្លៃចន្លោះពី ៩៨០ រៀល ទៅ ១ ០២០ រៀល ក្នុង ១ គីឡូក្រាម៕