ភ្នំពេញៈ តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាសរុបជាង ១ ម៉ឺននាក់ បានចេញទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាសម្រាប់អាណត្តិទី ៥ កាលពីព្រឹកថ្ងៃអាទិត្យទី ២៥ ខែកុម្ភៈ ។ គណបក្សនយោបាយចំនួន ៤ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យមណ្ឌលបោះឆ្នោតទាំង ៨ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ ព្រឹកសម្រាប់បម្រើឱ្យ ការបោះឆ្នោតនេះក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់ល្អ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យមើលការិយាល័យបោះឆ្នោតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ភ្ញៀវពិសេសភ្នាក់ងារគណបក្សនយោបាយ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនផងដែរ។
លោកបញ្ជាក់ថា៖«ការបោះឆ្នោតនេះក្រោមការឃ្លាំមើលពីអ្នកសង្កេតការជាតិប្រមាណ ៧៦០ នាក់ អ្នកសង្កេតការណ៍អន្តរជាតិ ៣០ នាក់ ក្នុងនោះមានភ្ញៀវពិសេស៣នាក់ហើយភ្នាក់ងារគណបក្សនយោបាយយកចិត្តទុកដាក់ជាងអ្នកព័ត៌មាន និងអ្នកសង្កេតការណ៍ទៅទៀត គឺ ២២៨ នាក់ លោក (គណបក្ស) បានដាក់នៅគ្រប់ការិយាល័យទាំង ៣៨»។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា នៅក្នុងការិយាល័យបោះឆ្នោតមណ្ឌលរាជធានីភ្នំពេញស្ថិតក្នុងសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ មានអង្គបោះឆ្នោតចំនួន ៩១១ នាក់ចែកចេញជា ២ ការិយាល័យ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ឱ្យដឹងបន្ថែមនៅរសៀលថ្ងៃទី ២៥កុម្ភៈថា តាមរបាយការណ៍បឋម មានអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាបានចេញទៅបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន ៩៩,៨៦ % ដែលជាតួលេខខ្ពស់បំផុត ខណៈគ.ជ.ប មិនទាន់បានបូកសរុបបញ្ចប់នៅឡើយ។ លោកថា ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានផ្តល់នូវទំនុកចិត្តខ្ពស់ ចំពោះដំណើរការបោះឆ្នោតនេះទាំងមូល។
លោកសួស យ៉ាមី សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី ១ ឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះមានសារៈសំខាន់ខ្លាំងណាស់ចំណុចទី ១ គឺលទ្ធិប្រជាធិបតេយ្យដែលមានប្រយោជន៍សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ព្រោះការបោះឆ្នោះព្រឹទ្ធសភានេះ មានការចូលរួមពីអង្គបោះឆ្នោតនានា។ ចំណុចទី ២ គឺការកសាង និងការអភិវឌ្ឍ គឺសំដៅដល់អ្នកដែលជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នឹងមានសំឡេងប្រៀបដូចជាសមាជិកសភាមួយរូបដែរ។
លោក សួស យ៉ាមី បញ្ជាក់ថា ចំណុចសំខាន់ទី ៣ សមាជិកព្រឹទ្ធសភាក៏មានសិទ្ធិស្នើក្នុងការកែលម្អច្បាប់ផងដែរ បើមើលឃើញថា ច្បាប់ណាមានចំណុចខ្វះខាតឬប៉ះពាល់សិទ្ធិពលរដ្ឋ។ លោក ម៉ម សារិន ចៅសង្កាត់ពងទឹក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញបានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅការិយាល័យវិទ្យាល័យព្រះស៊ីសុវត្ថិមានដំណើរការល្អ ទាំងសណ្តាប់ធ្នាប់ទូទៅ និងការតម្រង់ជួរចូលបោះឆ្នោត។
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ការិយាល័យបោះឆ្នោតដែលមានតែ ២ ការិយាល័យសម្រាប់មណ្ឌលរាជធានីភ្នំពេញ ហាក់មានភាពចង្អៀតបន្តិច អាចនាំឱ្យមានការពិបាកដល់អង្គបោះឆ្នោត ដែលមានវ័យចាស់ មានជំងឺ សុខភាពមិនសូវល្អ មិនអាចឈរតម្រង់ជួររង់ចាំយូរបាន។ លោកម៉ម សារិន ថ្លែងថា៖«គឺវាចង្អៀតបន្តិចហើយមនុស្សច្រើន ការិយាល័យតិច ដែលការិយាល័យយើងមានតែ២ទាល់តែយើងអត់ធ្មត់បន្តិច បើសិនជាក្នុងអាណត្តិទៅមុខទៀត យើងពង្រីកការិយាល័យថែម១ទៀត អាហ្នឹងល្បឿននៃការបោះឆ្នោតនេះបានលឿន កុំឱ្យគាត់មកបោះឆ្នោតឈរចាំយូរ»។
យោងតាមបញ្ជីបោះឆ្នោត គ.ជ.ប អ្នកបោះឆ្នោតមានចំនួនសរុប ១១៧៤៧ នាក់ ក្នុងនោះតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ចំនួន ១១៦២២ នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ នេះនៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែនប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភាបានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតភូមិភាគទី ៣ ស្ថិតក្នុងខេត្តកណ្តាល។ លោកហ៊ុន សែនបានប្រកាសកាលពីខែកក្កដាឆ្នាំ ២០២៣ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ៣ ថ្ងៃ ថា លោកនឹងត្រូវកាន់តំណែងជាប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ។
ដោយឡែក លោក ហេង សំរិន អតីតប្រធានរដ្ឋសភានិងបច្ចុប្បន្នជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាតំណាងរាស្ត្របានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតភូមិភាគទី ២ ស្ថិតក្នុងខេត្តត្បូងឃ្មុំ។
លោក គីមសួរ ភីរិទ្ធ ប្រធានក្រុមប្រឹក្សាវិន័យគណបក្សឆន្ទៈខ្មែរ និងជាបេក្ខជនពេញសិទ្ធិលេខរៀងទី ១ ប្រចាំមណ្ឌលភូមិភាគទី ៧ (ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និងខេត្តព្រះសីហនុ) បានឱ្យដឹងដែរថា ស្ថានភាពសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ នេះ គឺជាការបោះឆ្នោតអសកល បានប្រព្រឹត្តទៅដោយរលូន។
លោកបន្តថា សម្រាប់គណបក្សឆន្ទៈខ្មែរ ដែលចូលរួមការបោះឆ្នោតនេះពឹងផ្អែកទៅលើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀននិងគណបក្សដែលជាសម្ព័ន្ធភាពឆ្ពោះទៅមុខ។ គណបក្សឆន្ទៈខ្មែរសង្ឃឹមថា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះ បោះឆ្នោតជូនបេក្ខជនគណបក្សឆន្ទៈខ្មែរ តាមការណែនាំរបស់គណបក្សរបស់ខ្លួន ហើយគណបក្សឆន្ទៈខ្មែរសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អសម្រាប់ការបោះឆ្នោតនេះ។
លោក គីមសួរ ភីរិទ្ធ បានបន្ថែមថា៖«គណបក្សភ្លើងទៀន បានសម្រេចឱ្យគណបក្សឆន្ទៈខ្មែរ ដាក់បញ្ជីចូលរួមបោះឆ្នោត។ ដូច្នេះ គណបក្សឆន្ទៈខ្មែរ ក៏ដូចជាគណបក្សភ្លើងទៀនដែរ ខ្ញុំសង្ឃឹមថា លទ្ធផលនឹងល្អប្រសើរ ហើយបើមិនបានបាត់សំឡេងណាមួយទេ គណបក្សនឹងមានសំឡេងគ្រប់មណ្ឌល»។
ជុំវិញបញ្ហានេះដែរ លោក ញឿន រ៉ាដែន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សហ្វ៊ុននស៊ិនប៉ិច ដែលបានទៅចូលរួមបោះឆ្នោត នៅមណ្ឌលបោះឆ្នោត ភូមិភាគទី២ បានលើកឡើងថា ស្ថានភាពសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ ពិនិត្យឃើញថា អង្គបោះឆ្នោត បានទៅបោះឆ្នោត និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងនាថ្ងៃទី ២៥ ខែកុម្ភៈ ថា ស្ថានភាពនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ឆ្នាំ ២០២៤ បានប្រព្រឹទ្ធទៅដោយរលូន មានសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងគ្មានអំពើហិង្សាឡើយ។ អង្គបោះឆ្នោត បានទៅបោះឆ្នោតប្រកបដោយរបៀបរៀបរយដែលអាចចាត់ទុកថា ពួកគាត់ជាគ្រូបង្រៀនប្រជាពលរដ្ឋ ឱ្យចេះបោះឆ្នោត។ លោក សុខ ឥសាន បានបញ្ជាក់ទៀតថា ៖ «ដោយផ្អែកទៅលើសភាពការណ៍ ដូច្នេះហើយ យើងសង្ឃឹមថា ការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ត្រចះត្រចង់ និងប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សម្រាប់លទ្ធផល គណបក្សប្រជានកម្ពុជា រំពឹងថា នឹងទទួលបានជោគជ័យតាមការគ្រោងទុក»៕