ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយាគ្រោងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថា ដំណើរទស្សនកិច្ចនេះដើម្បីបង្កើនចំណងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ីជាពិសេសដើម្បីកៀរគរការវិនិយោគ និងទេសចរណ៍មកកម្ពុជា។
ដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសរបស់ប្រមុខរដ្ឋាភិបាលលើកនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ នេះបើយោងតាមខ្លឹមសារប្រកាសពីបណ្តាញសង្គមផ្លូវការលោកហ៊ុន ម៉ាណែត នៅថ្ងៃទី ២៥ ខែកុម្ភៈ។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងនៅថ្ងៃទី ២៥ ខែកុម្ភៈថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត ទៅកាន់ម៉ាឡេស៊ីលើកនេះជាបេសកកម្មការទូតសកម្មរបស់លោកក្នុងនយោបាយការបរទេសនៅឆ្នាំ ២០២៤ ដែលជាកិច្ចការដើម្បីបញ្ជាក់ពីការពង្រឹងចំណងមិត្តភាពល្អស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី បន្តពីរដ្ឋាភិបាលដឹកនាំដោយលោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានបញ្ជាក់ថា៖ «ម៉ាឡេស៊ី ជាប្រទេសសមាជិកអាស៊ានដែលចាំបាច់ណាស់សម្រាប់សម្តេចធិបតី ក្នុងនាមលោកជាប្រមុខដឹកនាំថ្មីរបស់រដ្ឋាភិបាលកម្ពុជាត្រូវទៅបំពេញទស្សនកិច្ចជាបន្តបន្ទាប់ក្នុងរង្វង់សមាជិកអាស៊ាន ដើម្បីបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ប្រាប់ភាគីដៃគូ និងពង្រឹងមិត្តភាពឱ្យកាន់តែស្អិតល្មួតថែមទៀត»។
លោក ប៉ែន បូណា បានបន្តថា កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងល្អជាប្រពៃណីនឹងគ្នាស្រាប់ ខណៈលោក ហ៊ុន ម៉ាណែត មេដឹកនាំថ្មីរបស់កម្ពុជាកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេស ហើយដំណើរទៅកាន់ម៉ាឡេស៊ីនេះមិនខុសពីរាល់ដង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេស ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ ដែលនឹងមានកម្មវិធីវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ផងដែរ។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត ទៅកាន់ម៉ាឡេស៊ីថា ជារឿងសំខាន់ដោយសារប្រទេសទាំង ២ ជាសមាជិកអាស៊ានដូចគ្នា។
លោកបានបន្តថា ដំណើរទស្សនកិច្ចនេះជាការពង្រឹងទំនាក់ទំនងផ្ទៃក្នុងអាស៊ាន ក្រៅពីការរឹតចំណងមិត្តភាពទ្វេភាគី នៅចំពោះមុខម៉ាឡេស៊ីជាដៃគូពាណិជ្ជកម្មលំដាប់ទី ១៤ របស់កម្ពុជា ហើយអាចពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជន ខណៈម៉ាឡេស៊ីជាប្រទេសអ្នកកាន់សាសនាមូស្លីមដ៏ធំមួយហើយនៅកម្ពុជាក៏មានប្រជាជនកាន់សាសនាមូស្លីមច្រើនដែរ។
លោក ស៊ឺន សម បានថ្លែងថា៖ «ដំណើរទស្សនកិច្ចនឹងទៅរឹតចំណងផ្នែកការទូតបន្ថែម ហើយថ្នាក់ដឹកនាំទាំង ២ អាចជជែកគ្នាលើចំណុច ឬប្រធានបទដែលមិនទាន់យល់គ្នាលើប្រការណាមួយ។ ក្នុងអាស៊ាន ម៉ាឡេស៊ីមានការអភិវឌ្ឍមួយដែរ មានទីផ្សារធំ ហើយមានបច្ចេកវិទ្យាជឿនលឿនដែរដែលកម្ពុជាគួរទាញយកសក្តានុពលបន្ថែម។ កម្ពុជាគួរតែសម្លឹងមើលទីផ្សារម៉ាឡេស៊ីដែលជាសមាជិកអាស៊ាន ក្រៅពីទីផ្សារតំបន់ផ្សេងៗ»។
បើតាមលោក ស៊ឺន សម ទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ីស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យគ្នានៅឡើយ បើទោះបីមានទំនាក់ទំនងល្អនឹងគ្នាក្តី ដែលកាលពីឆ្នាំ២០២២ គ្រាកម្ពុជាជាប្រធានអាស៊ាន អតីតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានរិះគន់កម្ពុជាខ្លាំងៗលើការដឹកនាំអាស៊ាន ដោយលើកឡើងថា កម្ពុជាមិនមានសមត្ថភាពដឹកនាំ និងដោះស្រាយបញ្ហាអាស៊ានជាដើម ហើយសមាជិកសភាម៉ាឡេស៊ីមួយចំនួនទៀតក៏ធ្លាប់រិះគន់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ទោះជាយ៉ាងណា ប្រទេសទាំង ២ ត្រូវការគ្នាទៅវិញទៅមកដែលទាមទារការពង្រឹងចំណងមិត្តភាពទ្វេភាគី ដោយថ្នាក់ដឹកនាំប្រទេសទាំងសងខាងគួរបង្កើនការជួបពិភាក្សាគ្នាជាញឹកញាប់ដើម្បីបកស្រាយចំណុចមិនយល់ស្របគ្នា ចៀសវាងការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមលោក ស៊ឺន សម បន្ថែម។
ទាក់ទងនឹងគម្រោងនៃដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះដែរ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ីបានបង្ហោះសារ និងវីដេអូឃ្លីបតាមបណ្តាញសង្គមប្រកាសស្វាគមន៍ និងគាំទ្រវត្តមានលោកហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនៅចុងខែកុម្ភៈនេះ និងជូនពរលោកឱ្យបំពេញទស្សនកិច្ចប្រកបដោយជោគជ័យផងដែរ៕