ភ្នំពេញៈ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ ដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រ គឺជាអ្នកទៅបោះឆ្នោត និងមានគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែង។
នៅការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិមាន២ការិយាល័យ ដែលការិយាល័យលេខ ១០០១ មានសមាជិកក្រុមប្រឹក្សាក្នុងបញ្ជីត្រូវបោះឆ្នោត ចំនួន ៤៦១នាក់ ចំណែកការិយាល័យលេខ ១០០២ មានសមាជិកក្រុមប្រឹក្សាក្នុងបញ្ជីឈ្មោះត្រូវបោះឆ្នោតមានចំនួន ៤៥០នាក់។
នៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់នៅរាជធានីភ្នំពេញបានមកជួបជុំគ្នា នៅមុខការិយាល័យទាំង២នេះ និងបានឈរតម្រង់ជាជួរដើម្បីចូលរួមធ្វើការបោះឆ្នោត។ ជាការកត់សម្គាល់ មន្ត្រីរៀបចំការបោះឆ្នោតនេះ បានសម្រួលដល់ការចូលបោះឆ្នោត ដោយផ្តល់អាទិភាពសម្រាប់អ្នកមានពិការភាព។
លោក ជាវ សេងលី សមាជិកក្រុមប្រឹក្សាសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្លែងថា៖«ការបោះឆ្នោតនេះជារឿងសំខាន់ ព្រោះជាអង្គការនីតិប្បញ្ញាត្តិមួយដ៏កំពូលសម្រាប់ជាតិ និងជាស្ថាប័នតាក់តែងសម្រាប់អនុវត្តច្បាប់តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លោក ហ៊ុន សុផល សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី៣ ថ្លែងថា៖«ការរៀបចំការបោះឆ្នោតលើកនេះកាន់តែមានភាពល្អប្រសើរជាងមុន ទាំងសោភ័ណភាព មានការរៀបចំសម្រួលគ្រប់យ៉ាងដល់អ្នកចូលបោះឆ្នោតមានទំនុកចិត្ត»។
គណបក្សនយោបាយចំនួន ៤ ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។
យោងតាមស្ថិតិ គ.ជ.ប បានឱ្យដឹងថា ចំនួនអ្នកបោះឆ្នោតសរុបក្នុងបញ្ជីបោះឆ្នោតមាន១១ ៧៤៧នាក់ ក្នុងនោះ ស្រីចំនួន២ ៥៨៤ និងមានការិយាល័យបោះឆ្នោតសរុបចំនួន៣៣ការិយាល័យនៅទូទាំង២៥រាជធានី ខេត្ត៕