ប៉ៃលិន/បាត់ដំបងៈ​អាជ្ញា​ធរ​ខេត្ត​ប៉ៃលិន ​និង​ខេត្ត​ផ្សេងៗ​ទៀត​បាន​ និង​កំពុង​ប្រារព្ធ​ពិធី​អប​អរសាទ​រ​អង្គភា​ព​ផ្ដល់​សេវា​សា​ធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិ​បាល ​ដែល​ទទួល​បាន​ជយ​លាភី ​ដោយ​មាន​ការ​រៀបចំ​​ដង្ហែ​ក្បួន​ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យ​កា​ន់តែ​ទូលំទូ​លាយ​អំពី​ការ​ប្រកួ​តប្រជែង​អង្គ​ភាព​ផ្ដល់​សេវាសា​ធារណៈ​គំរូ​ទៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។​

​លោក​ស្រី ​បាន​ ស្រីមុំ អភិ​បាល​ខេត្ត​ប៉ៃ​លិន​ រួមទាំង​មន្ត្រី​ពាក់​ព័ន្ធ​​ក្នុង​ខេត្ត បាន​ចូលរួម​អប​អរ​សាទរ​ដល់​អនុ​វិទ្យា​ល័យ​ភ្នំ​យ៉ាត​ដែល​បាន​ទទួល​ជយ​លាភី​ចំណាត់​ថ្នាក់​លេខ​១ សម្រាប់​អង្គ​ភាព​ផ្តល់​សេវា​សា​ធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ប្រចាំ​ឆ្នាំ​២០២៣​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៦ ​ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​លោក​ស្រី ​បាន ​ស្រីមុំ បាន​ថ្លែង​ថា ​ការ​ទទួល​បាន​ ជយ​លាភី​ចំណាត់​ថ្នាក់​លេខ​១​ នេះ ​គឺ​កើត​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ ​បុគ្គ​លិក​អប់រំ​ សិស្សានុ​សិស្ស ​នៅ​ក្នុង​សាលា​រៀន​នេះ​ដែល​បាន​ចូល​រួម​បំពេញ​កាតព្វ​កិច្ច​ តួនាទី​តាម​អ្វី​ដែល​គោល​ការណ៍​បាន​កំណត់​ស្រប​ពេល​ដែល​ខេត្ត​ប៉ៃលិន​អាច​នឹង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ថ្នាក់​ជាតិ​។ 

​លោក​ស្រី​បាន​បន្ត​ថា ​ចំពោះ​សមិទ្ធ​ផល​នេះ ​គឺជា​កិត្តិ​យស​សម្រាប់​ប៉ៃលិន​ ដែល​បាន​ផ្ដល់​សេវា​សា​ធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ ក្នុង​ចំណោម​ខេត្ត​ផ្សេងៗ​ទៀត​។​

​លោក​ស្រី​បាន​បញ្ជាក់​ថា​៖«​ក្រៅពី​អនុ​វិទ្យា​ល័យ​ភ្នំ​យ៉ាត​បាន​ទទួល​ជយ​លាភី​ហើយ យើ​ង​នឹង​ចូល​រួម​ខិតខំ​បន្ត​ទៀត​ធ្វើ​ឱ្យ​អនុ​វិទ្យា​ល័យ​ដែល​ខ្ញុំ​មើលឃើ​ញ​ចំនួន​២​កន្លែង​ទៀត​ នឹង​ធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ដើម្បី​ត្រៀម​ដាក់​ប្រកួត​ប្រ​ជែង​នៅ​ក្នុង​ឆ្នាំ​២០២៥​ ខាង​មុខ​»​។​

​ទន្ទឹម​នេះ​ដែរ​ លោក​ស្រី​ក៏បាន​អំពាវ​នាវ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ ​បុគ្គលិក​អប់រំ សិ​ស្សា​នុ​សិស្ស​នៅ​ក្នុង​សា​លា​រៀន​ផ្សេង​ទៀត​បន្ត​ចូល​រួម​សហ​ការ​គ្នា ​ដើម្បី​ធ្វើឱ្យ​សា​លារៀ​ន​របស់​ខ្លួន​បាន​ទទួល​ជយ​លាភី​ល្អ ​សម្រាប់​អង្គ​ភាព​ផ្តល់​សេវា​សាធា​រណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​។​

​ដោយ​ឡែក​ លោក​ លី វណ្ណៈ នាយក​រដ្ឋ​បាល​ខេត្ត​សៀម​រាប ​បាន​ឱ្យ​ដឹង​ដែរ​ថា ​ថ្នាក់​ដឹក​នាំ​ខេត្ត ​បាន​ត្រៀម​រៀបចំ​ការ​អប​អរ​សាទ​រ​ដោយ​ការ​ដង្ហែ​ក្បួន​នៅ​ថ្ងៃទី​២៩ ​ខែកុម្ភៈ​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្ដល់​សេវា​សា​ធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​របស់​អង្គ​ភាព​ជយ​លាភី​ទាំង​៤​របស់​ខេត្ត​សៀម​រាប​។ 

​លោក​បាន​ប្រាប់​ថា​៖«​កិច្ច​ការ​នេះ​ជា​ឆន្ទៈ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ដល់​គ្រប់​អង្គ​ភាព​ផ្ដល់​សេវា​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ការ​ផ្ដល់​សេវា​សា​ធា​រណៈ​គំរូ ​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​គុណ​ភាព​ និង​ស័ក្ដិ​សិទ្ធិ​ភាព​នៃ​ការ​ផ្ដល់​សេវា​សាធា​រណៈ ​ដោយ​ចាប់​ផ្ដើម​ពី​វិស័យ​អាទិ​ភាព​ខ្ពស់​ មាន​វិស័យ​អប់រំ​ ចាប់​ពី​កម្រិត​សា​លា​បឋម​សិក្សា ​និង​អនុ​វិទ្យា​ល័យ ​ហើយ​និង​វិស័យ​សុខាភិ​បាល​ចាប់​ពី​កម្រិត​មណ្ឌល​សុខ​ភាព​»​។

បើតា​ម​លោក ​លោក ​លី វណ្ណៈ ​ចំពោះ​ខេត្ត​សៀម​រាប​ មាន​អង្គភា​ព​ផ្ដល់​សេវា​សាធា​រណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិ​បាលដែ​ល​ទទួល​បាន​ជយ​លាភី​មាន​ចំនួន​៤ ​រួមមាន​​អនុវិ​ទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន ព្រះ​ឥន្ទ​កោសា​ចំណាត់​ថ្នាក់​លេខ​២,​សាលា​បឋ​មសិក្សា​វត្ត​បូព៌​ចំណាត់​ថ្នាក់​លេខ​៣​និង​សាលា​បឋម​សិក្សា​ក្រ​វាន់ ចំណាត់​ថ្នាក់​លេខ​៦​។​រី​ឯវិស័យ​សុខាភិ​បាល​ដែល​ទទួល​បាន​ជយ​លាភីគឺ​មាន​មណ្ឌល​សុខ​ភាព​គោក​ចក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​។​

ដោយ​ឡែក​នៅ​ខេត្ដ​បាត់​ដំបង ​នាថ្ងៃទី​២៦ ​ខែ​កុម្ភៈ ​ក៏​មាន​ពិធី​ដង្ហែ​ពាន​ជយ​លាភី​សេវា​សាធា​រណៈ​គំរូ​ក្នុង​វិស័យ​អប់រំ ​និង​វិស័យ​សុខា​ភិបាល​ ឆ្នាំ​២០២៣ ផងដែរ ដោយ​ចាប់​ផ្ដើម​នៅ​សួន​សម្តេច​ក្រឡា​ហោម​វិមាន​ឯក​រាជ្យ ​ក្រុង​បាត់​ដំបង​ និង​​មាន​ការ​ចូល​រួម​ជា​អធិ​បតី​ពី​លោក សុខ ​លូ ​អភិ​បាល ខេត្ត​បាត់​ដំបង។​ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់លោក​សុខ​ លូ ។ 

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​ចំពោះ​អង្គ​ភាព​ផ្តល់​សេវា​សា​ធារណ​:គំរូ​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិ​បាល​ ឆ្នាំ​២០២៣ សម្រាប់​ខេត្ត​បាត់​ដំបង​រួម​មាន ​សាលា​បឋម​សិក្សា​សម្តេច ​ជា ​ស៊ីម ​ចំណាត់​ថ្នាក់​លេខ​១ ​ស្ទួន សា​លា​បឋម​សិក្សា​វត្ត​ចែង​ចំណាត់​ថ្នាក់​លេខ​៧ ​និង​អនុ​វិទ្យា​ល័យ​បាក់​អំរែក​ចំណាត់​ថ្នាក់​លេខ​១០​។

​សូម​បញ្ជាក់​ថា ​លោក​ ហ៊ុន ម៉ា​ណែត នា​យក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បាន​ចេញ​អនុ​ក្រឹត្យ​ទទួល​ស្គាល់​ជយលា​ភី​អង្គ​ភាព​ផ្តល់​សេវា​សា​ធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ​ ចាប់​ពី​កម្រិត​បឋម​សិក្សា​មាន​ចំនួន​ ១០​ សា​លា ​និង​កម្រិត​អនុវិទ្យា​ល័យ​មាន​ចំនួន ​១០​ សាលា​។ ដោយ​ឡែក​អង្គ​ភាព​ផ្តល់​សេវា​សា​ធារណៈ​គំរូ​ ក្នុង​វិស័យ​សុខាភិ​បាល​វិញ​ មាន​ចំនួន​ ១០ ​អង្គ​ភាព​ផង​ដែរ​។​

​អង្គ​ភាព​ផ្តល់​សេវា​សា​ធារណៈ​គំរូ ​ទាំង​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិ​បាល​ដែល​ទទួល​បាន​ជយ​លាភី​លេខ​១ នឹង​ទទួល​បាន​ថវិកា​ចំនួន ​២០០ ​លាន​រៀល​។ នេះ​បើ​តាម​អនុ​ក្រឹត្យ​របស់​រាជរ​ដ្ឋាភិ​បាល​កម្ពុជា​ចុះ​ថ្ងៃទី​២២​ ខែកុម្ភៈ ឆ្នាំ​២០២៤​៕