ភ្នំពេញៈ ក្នុងឆ្នាំ ២០២៣ កន្លងទៅ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលចំណូលសរុបប្រមាណ ២១,០៨ លានដុល្លារអាមេរិកមកពីប្រភពនានាដែលប្រៀបធៀបនឹងឆ្នាំ ២០២២ គឺមានការកើនឡើង ១៣ ភាគរយ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២០ ខែកុម្ភៈ ដែលទើបទទួលបានកាលពីថ្ងៃទី ២៦ ខែកុម្ភៈ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ មូលនិធិសរុបប្រមាណ ២១,០៨ លានដុល្លារនេះទទួលបានពីប្រភពនានាដូចជា វិភាគទានរបស់រាជរដ្ឋាភិបាល ការកាត់កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ វិភាគទានរបស់កាកបាទក្រហម និងវិភាគទានរបស់សប្បុរសជនទូទៅជាដើម។
ប្រភពដដែលបានបន្តថា ទិន្នន័យនេះ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ឃើញថា ថវិកាបរិច្ចាគដែលមូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានមានការកើនឡើង ១៣ ភាគរយ និងទទួលបានសមាជិកសរុបចំនួនប្រមាណ ២៧១ ៧០២ នាក់។ ជាមួយគ្នានេះមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួនប្រមាណ ៣,៥៨ លានដុល្លារ ផងដែរ។
ទន្ទឹមនឹងចំណូលនេះ កាលពីឆ្នាំ២០២៣ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ក៏បានចំណាយថវិកាសរុបប្រមាណ ៤០,៧១៥ លានដុល្លារ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងបំពេញការងាររបស់មូលនិធិនេះ ប្រកបដោយវិជ្ជាជីវៈខ្ពស់ដើម្បីពិនិត្យ ព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់លាននាក់រហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះលោកក៏បានអំពាវនាវផងដែរថា៖«ដើម្បីបន្តនិរន្តរភាពមន្ទីរពេទ្យនេះ សូមឱ្យមានការបរិច្ចាគច្រើនបន្ថែមទៀត ព្រោះការចូលរួមបរិច្ចាគ និងការលើកស្ទួយស្មារតីខ្មែរជួយខ្មែរឱ្យបានកាន់តែបានកាន់តែទូលំទូលាយ និងមិនត្រឹមតែជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់នោះទេ ថែមទាំងបង្កើនស្មារតីសាមគ្គីភាពក្នុងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំផងដែរ»។
ជុំវិញរឿងនេះដែរ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភា
កម្ពុជាបានគាំទ្រចំពោះជំហររបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រមូលនិធិនិងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តដំណើរការ។
លោកបានថ្លែងថា៖«ការបន្តគាំទ្រដល់ការងារដំណើរការមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាគឺសំខាន់ណាស់ ព្រោះថា មន្ទីរពេទ្យគន្ធបុប្ឆាជាគំរូមន្ទីរពេទ្យនៃសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិ ហើយមន្ត្រីបុគ្គលិកពេទ្យនៅទីនោះសង្គ្រោះកុមារបានល្អប្រកបដោយវិជ្ជាជីវៈ។ហេតុនេះខ្ញុំក៏សំណូមពរឱ្យរដ្ឋាភិបាលខិតខំស្វែងរកជំនួយនានា ដើម្បីជួយមូលនិធិ ក៏ដូចជាសូមឱ្យសប្បុរសជនបន្តជួយមន្ទីរពេទ្យបន្តទៀត»។
តាមរយៈលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានប្តេជ្ញាថា នឹងបន្តខិតខំអំពាវនាវដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗទៀតដើម្បីបន្តសកម្មភាពរបស់មន្ទីរពេទ្យ។
សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃលើករណីសំខាន់ៗជាច្រើន។
ក្នុងនោះរួមមាន អ្នកជំងឺកុមារមកពិគ្រោះ និងព្យាបាលនៅផ្នែកចំនួន ៨៩៩ ៦៩២ ករណី, កុមារបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៨៤ ០៥៥ នាក់, ស្ត្រីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ចំនួន ១០៨ ៧១៩ ករណី និងសម្រាលកូនបានចំនួន ២១ ៦៤៤ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន ១៦ ១៦០ នាក់, វះកាត់សរុបចំនួន ២៧ ៧០០ នាក់, កុមារមានជំងឺបេះដូងពីកំណើតត្រូវបានវះកាត់បេះដូង និងអន្តរាគមន៍ឆ្លុះភ្ជិតសរសៃបេះដូងចំនួន ៩៤៩ នាក់៕