ភ្នំពេញៈមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការដាក់ផ្លាកសញ្ញាកំណត់ល្បឿននៅតាមតំបន់នៃទីប្រជុំជនត្រូវបានដាក់នៅតាមគ្រប់ផ្លូវទាំងអស់រួចហើយដោយធ្វើឡើងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ រីឯការដាក់ផ្លាកបន្ថែម គឺដើម្បីបង្ហាញឱ្យអ្នកបើកបរយល់ច្បាស់ពីល្បឿនរថយន្តក្នុងទីប្រជុំជន។
នេះជាអះអាងរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ២៦ ខែកុម្ភៈ បន្ទាប់ពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបានចាប់ផ្ដើមដាក់ផ្លាកប៉ាណូបន្ថែមទៀត ដើម្បីបង្ហាញឱ្យអ្នកបើកបរយល់ច្បាស់ពីការប្រើប្រាស់ល្បឿនរថយន្តក្នុងតំបន់ទីប្រជុំជនដែលកំណត់ត្រឹម ៤០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ក្នុងគោលបំណងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទីប្រជុំជន និងតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់។
លោកបានឱ្យដឹងថា ការដាក់ផ្ទាំងប៉ាណូដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ គឺជាការជំរុញបន្ថែមឬធ្វើឱ្យអ្នកបើកបរកាន់តែមើលឃើញ ដាស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ដល់អ្នកបើកបរក្នុងទីប្រជុំជនឬកន្លែងដែលតែងតែមានគ្រោះថ្នាក់ញឹកញាប់។
លោក ផន រឹម បានបញ្ជាក់ថា៖ «មិនថាតែទីប្រជុំជនទេ ផ្លាកសញ្ញាកំណត់ល្បឿន ត្រូវបានដាក់គ្រប់ផ្លូវទាំងអស់ ដើម្បីដាស់អារម្មណ៍អ្នកប្រើប្រាស់ដងផ្លូវឱ្យមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ចៀសវាងគ្រោះថ្នាក់ និងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ»។
បើតាមលោក ផន រឹម ក្រៅពីការគិតគូរនៅតំបន់ទីប្រជុំជនហើយ កន្លងមកក្រសួងបានដាក់ចេញជាគោលការណ៍ណែនាំស្តីពីការផ្លាស់ប្តូរផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា ត្រង់តំបន់សាលារៀន (School Zone) មកត្រឹមល្បឿន ៣០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ស្របតាមស្មារតីនៃមហាសន្និបាតទីក្រុងស្តុកខម ប្រទេសស៊ុយអែត កាលពីខែកុម្ភៈ ឆ្នាំ ២០២០។
លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំបានឱ្យដឹងនៅថ្ងៃទី ២៦ ខែកុម្ភៈថា កន្លងមកផ្លាកសញ្ញាកំណត់ល្បឿនបើកបរនៅតាមដងផ្លូវក្នុងតំបន់ទីប្រជុំជន គឺមានរួចហើយ ដូច្នេះការចាប់ផ្ដើមដាក់ផ្លាកប៉ាណូឡើងវិញក្នុងការបង្ហាញពីតំបន់ទីប្រជុំជនកំណត់ល្បឿនអតិបរមា៤០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់រថយន្តគឺដើម្បីឱ្យអ្នកបើកបរយល់កាន់តែច្បាស់ពីល្បឿននៃការធ្វើដំណើរ។
លោកបានបន្តថា ការចាប់ផ្ដើមដាក់ផ្លាកប៉ាណូឡើងវិញនេះ នឹងត្រូវរៀបចំឡើងនៅតាមបណ្តោយផ្លូវជាតិទូទាំងខេត្តកំពង់ធំ ខណៈឥឡូវនេះខាងមន្ទីរសាធារណការខេត្តកំពុងដាក់ផ្លាកប៉ាណូកំណត់ល្បឿននេះនៅតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងតំបន់ទីប្រជុំជន ភូមិសាស្ត្រក្រុងស្ទឹងសែន ជាមុនសិន បន្ទាប់មកនឹងរៀបចំដាក់នៅតាមផ្លូវខេត្តជាបន្តបន្ទាប់ទៀត។
លោកបានថ្លែងថា៖«ការដាក់ផ្លាកប៉ាណូនេះគឺដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងតំបន់ទីប្រជុំជន មួយទៀតចង់ឱ្យអ្នកបើកបរមានការយល់ដឹងអំពីស្ថានភាពនៅតំបន់ទីប្រជុំជនឬតំបន់មិនមែនប្រជុំជន ត្រូវបើកល្បឿនយ៉ាងម៉េច»។
ជុំវិញរឿងនេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានឱ្យដឹងដែរថា ជាទូទៅនៅតាមតំបន់ទីប្រជុំជនគឺបានរៀបចំដាក់ផ្លាកល្បឿនកំណត់រួចហើយ ៤០គីឡូម៉ែត្រក្នុង១ម៉ោង ដែលវាអាចគ្រប់គ្រាន់ក្នុងការយល់ដឹងសម្រាប់អ្នកបើកបរដែលបានទទួលការបណ្ដុះបណ្ដាល។ ក៏ប៉ុន្តែទោះបីជាយ៉ាងណា លោកថា នៅតំបន់ទីប្រជុំជន មានការដាក់ផ្លាកកំណត់ល្បឿនឬមិនមានការកំណត់ល្បឿន ក៏អ្នកបើកបរត្រូវតែបន្ថយល្បឿនដែរ។
លោកថា ដូច្នេះប្រសិនបើមានការដាក់ផ្លាកប៉ាណូបន្ថែមទៀត ដើម្បីបង្ហាញពីល្បឿនកំណត់ក្នុងទីប្រជុំជន គួរតែចាប់ផ្ដើមដាក់ផ្លាកជាផ្លូវការកុំឱ្យដូចផ្លាកសញ្ញាពីមុន ពីព្រោះនៅលើដងផ្លូវមិនមែនមានតែប្រជាពលរដ្ឋខ្មែរទេដែលបើកបរ ក្នុងនោះក៏មានជនបរទេសផងដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសុំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ សូមពិនិត្យឡើងវិញនូវផ្លាកសញ្ញាដែលបានដាក់នេះ ដោយរៀបចំយ៉ាងណាឱ្យផ្លាកសញ្ញាទាំងនោះមានលក្ខណៈផ្លូវការ ពីព្រោះមិនមែនមានតែពលរដ្ឋយើងនោះទេដែលបើកបរ ប៉ុន្តែក៏មានជនបរទេសដែលបើកបរលើដងផ្លូវដែរ ខណៈផ្លាកប៉ាណូដែលដាក់បន្ថែមហ្នឹង វាមើលទៅសម្រាប់តែជនជាតិយើង»។
ទន្ទឹមនេះដែរ លោក គឹម បញ្ញា ក៏ស្នើឱ្យមន្ត្រីនគរបាលចរាចរណ៍ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព ហើយចំណែកឯប្រជាពលរដ្ឋ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងហានិភ័យបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងខ្លួនឯង ក៏ដូចជាអ្នកដទៃ៕