លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា តួនាទីរបស់លោកជាឧបនាយករដ្ឋមន្ត្រីទី១១ ក្នុងជួររដ្ឋាភិបាលអាណត្តិទី៧ មិនគ្រាន់តែជាតំណែងនោះទេ ក៏ប៉ុន្តែជាទំនួលខុសត្រូវ ទំនុកចិត្ត និងជាភារកិច្ចក្នុងការសម្រេចចក្ខុវិស័យប្រមុខរដ្ឋាភិបាលលើការគ្រប់គ្រង កំណែទម្រង់ និងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ។
លោកបានលើកឡើងបែបនេះតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែកុម្ភៈ ជាសំណេរដែលលោកឆ្លើយតបទៅនឹងសារអបអរសាទរ និងជូនពរពីបណ្តាឥស្សរជន សហការី មិត្តភក្តិ និងប្រជាពលរដ្ឋនានាក្នុងឱកាសដែលលោកត្រូវបានតែងតាំងតួនាទីជាឧបនាយករដ្ឋមន្ត្រីនាពេលកន្លងទៅនេះ។
លោក ហ៊ុន ម៉ានី បានសរសេរថា ៖ «តួនាទីនេះ ជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ហើយក៏ជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងពីបណ្តាថ្នាក់ដឹកនាំ មន្ត្រីនានាដែលទទួលបន្ទុកកិច្ចការងារជារៀងរាល់ថ្ងៃ ជាពិសេសការទទួលស្គាល់ពីសារៈសំខាន់របស់ក្រសួងមុខងារសាធារណៈផ្ទាល់ លើការគ្រប់គ្រងនិងដឹកនាំការងារកែទម្រង់វិស័យរដ្ឋបាលសាធារណៈនេះឱ្យកាន់តែប្រសើរឡើង»។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដែលផ្តល់សេចក្តីទុកចិត្តនិងជឿជាក់លើក្រសួងមុខងារសាធារណៈ ជាពិសេសអង្គរដ្ឋសភាដែលបោះឆ្នោតផ្តល់តួនាទីបន្ថែមជាឧបនាយករដ្ឋមន្ត្រីដល់រូបលោក។
លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា៖ «ក្នុងតួនាទីជាឧបនាយករដ្ឋមន្ត្រី មិនគ្រាន់តែជាតំណែង ឬឋានៈប៉ុណ្ណោះទេ តែលើសពីនោះគឺជាទំនួលខុសត្រូវមួយដែលត្រូវរែកពុនឱ្យបាន ក្នុងបុព្វហេតុជាតិ និងប្រជាជនរបស់យើង។ នោះ គឺជាការរួមគ្នាសម្រេចនូវភាពប្រសើរបន្ថែម និងសម្រួចអនាគតនៃវិស័យរដ្ឋបាលសាធារណៈ សម្រាប់កូនចៅជំនាន់ក្រោយ ក្រោមចក្ខុវិស័យ និងម៌ាគាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី»។
លោកក៏បានប្តេជ្ញាចិត្តបំពេញតួនាទីដើម្បីសម្រេចចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រង កំណែទម្រង់ និងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈដើម្បីឆ្លើយតបទៅនឹងទំនួលខុសត្រូវដែលរដ្ឋាភិបាលប្រគល់ជូន ខណៈបណ្តាថ្នាក់ដឹកនាំទាំងផ្នែកនយោបាយ និងបច្ចេកទេស នៃក្រសួងមុខងារសាធារណៈ បានដឹងច្បាស់ពីតួនាទី និងត្រៀមខ្លួនឱ្យស័ក្តិសមនឹងទំនុកចិត្តនិងការជឿជាក់ ដែលនឹងខិតខំទាំងកម្លាំងកាយ ចិត្ត សម្រេចផែនការលើរដ្ឋបាលសាធារណៈនេះ។
លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈតទៅមុខ ជាកិច្ចការលំបាកសម្រាប់លោកហ៊ុន ម៉ានី និងក្រសួងមុខងារសាធារណៈ ដែលបញ្ហាប្រឈមធំជាងគេ គឺការកាត់បន្ថយចំនួនថ្នាក់ដឹកនាំតាមក្រសួងដែលមានចំនួនលើសលប់បើធៀបនឹងមន្ត្រីបច្ចេកទេសដែលលោកយល់ថា រដ្ឋាភិបាលត្រូវការមន្ត្រីបច្ចេកទេសបន្ថែមទៀត។
លោកបានប្រាប់ថា៖ «បញ្ហាប្រឈមមួយទៀតនោះក្នុងវិស័យមុខងារសាធារណៈ គឺមន្ត្រីច្រើនមើលបំណាំគ្នា បាត់បង់សមធម៌នៅក្នុងការប្រកួតប្រជែង។ មួយទៀត មន្ត្រីដែលបំពេញការងារជាក់ស្តែងមានកំណត់ ហើយមន្ត្រីមានតែឈ្មោះ ហើយសំអាងទៅលើសាច់ញាតិជាដើមមានច្រើន ដូច្នេះការងាររដ្ឋមានព្រំដែន»។
លោក យង់ ពៅ ក៏បានជំរុញឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ជ្រើសរើសធនធានមនុស្សក្នុងជួររដ្ឋាភិបាលឱ្យប្រកបដោយសមធម៌ គ្មានការរើសអើង មិនប្រកាន់និន្នាការផ្សេងៗ ដោយកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈនេះត្រូវផ្អែកតាមវិជ្ជាជីវៈ តម្រូវការការងារ មនសិការជាតិ បើពុំនោះទេ កំណែទម្រង់នេះនឹងមិនទទួលជោគជ័យឡើយ។
សូមជម្រាបថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាមរយៈព្រះរាជក្រឹត្យតែងតាំងដោយព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្រោយពីសមាជិករដ្ឋសភាចំនួន ១២០ រូប បានបោះឆ្នោតគាំទ្រ ជាឯកច្ឆន្ទក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៧។
លោក ហ៊ុន ម៉ានី បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីខែសីហា ឆ្នាំ២០២៣ ពោល គឺក្រោយរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើង ហើយលោកបានថ្លែងប្តេជ្ញាចិត្តជំរុញការធ្វើកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈផងដែរ ជាមួយបេសកកម្មធំៗចំនួន ៣ ក្នុងនោះរួមមាន៖ អនុវត្តចក្ខុវិស័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និងចុងក្រោយ ចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ៕