ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងចំនួន៣ផ្សេងៗគ្នា ដែលមានទំហំទឹកប្រាក់ជាង ៧៦ ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការលើកកម្ពស់ការអប់រំបរិស្ថាន កែលម្អការអប់រំកុមារតូច និងលើកកម្ពស់ផ្នែកវេជ្ជសាស្ត្រក្នុងតំបន់នៅកម្ពុជា។
ការចុះហត្ថលេខាផ្តល់ជំនួយនេះបានរៀបចំឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ដោយជំនួយនេះត្រូវបានផ្តល់ជូនក្រោមគ្រោងការជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
គម្រោងទី១ ដែលផ្តល់ជូននេះមានទំហំទឹកប្រាក់ប្រមាណ ១៦០ ០០០ ដុល្លារអាមេរិក សម្រាប់អនុវត្តដោយអង្គការ Nature Center Risen លើគម្រោងលើកកម្ពស់ការអប់រំបរិស្ថាន ចាប់ពីវ័យកុមារភាពក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច។
ដោយឡែក គម្រោងទី២ មានថវិកាប្រមាណ ៤១០ ០០០ ដុល្លារអាមេរិក សម្រាប់លើកកម្ពស់លទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូចរបស់សាលាមតេ្តយ្យសិក្សារដ្ឋ ដែលអនុវត្តដោយអង្គការសន្តិស្ម័គ្រចិត្ត។ ក្នុងគម្រោងនេះមានសកម្មភាពចំនួន ៣ នឹងត្រូវអនុវត្តក្នុងនោះ រួមមាន ១-ការកែលម្អអគារមត្តេយ្យសិក្សា និងសួនកុមារ, ២-ការអភិវឌ្ឍសមត្ថភាពគ្រូមត្តេយ្យសិក្សា និងមន្ត្រីរដ្ឋបាលអប់រំ និង៣-ការលើកកម្ពស់ការយល់ដឹងរបស់មាតាបិតា ចំពោះការអប់រំកុមារតូច នៅក្នុងសាលាមត្តេយ្យរដ្ឋ ក្នុងខេត្តឧត្តរមានជ័យដែលមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា។
ចំណែកគម្រោងទី៣ មានថវិកាប្រមាណ ១៩០ ០០០ ដុល្លារអាមេរិក សម្រាប់អនុវត្តដោយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍនិងជំនួយសង្គ្រោះអន្តរជាតិ។ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និង មណ្ឌលសុខភាពដោយដាក់មន្ទីរពេទ្យបង្អែកខេត្តក្រចេះជាស្នូលសម្រាប់ការវះកាត់នៅភូមិភាគឦសាននៃប្រទេសកម្ពុជា។
លោក តានីណៃ អ៊ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេដែលត្រូវបានអនុវត្តនៅក្នុងប្រទេសឬតំបន់កំពុងអភិវឌ្ឍន៍។
លោកបានបញ្ជាក់ថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ រដ្ឋាភិបាលជប៉ុន នឹងចូលរួមចំណែកដោះស្រាយបញ្ហានានាជប៉ុន»។
ជាមួយគ្នានោះដែរ លោកស្រី អ៊ីវ៉ាម៉ា មីយោកុ តំណាងអង្គការ Nature Center Risen បានលើកឡើងដែរថា ជាមួយគម្រោងនេះ អង្គការ Nature Center Risen នឹងជួយដល់ការអប់រំបរិស្ថាននៅតាមសាលាមត្តេយ្យក្នុងក្រុងព្រះសីហនុដែលគណៈកម្មាធិការបរិស្ថាននឹងត្រូវបង្កើតឡើងនៅសាលាមត្តេយ្យ ហើយគ្រូបង្វឹកជនជាតិជប៉ុននឹងអនុវត្តការអប់រំ ព្រមទាំងបណ្ដុះបណ្ដាលជាក់ស្តែងដល់គ្រូបង្រៀន។
លោកស្រីបានបញ្ជាក់ថា៖«ក្រៅពីនេះ គម្រោងនេះ ក៏មានគោលបំណងកែលម្អស្ថានភាពបរិស្ថាន ដែលរួមមាន សំរាម និងរុក្ខជាតិនៅក្នុងសាលាមត្តេយ្យតាមរយៈការដំឡើងឧបករណ៍អប់រំមួយចំនួន ដូចជា ផ្ទាំងរូបភាពបំភ្លឺ និងប្រអប់ជីកំប៉ុសជាដើម»។
ចំណែក លោកស្រី គីគុជី អាយ៉ាណុ តំណាងឱ្យអង្គការសន្តិស្ម័គ្រ(SVA) បានថ្លែងដែរថា គម្រោងនេះមានបំណងចង់កែលម្អលទ្ធភាពទទួលបានការអប់រំ និងគុណភាពនៃសកម្មភាពអប់រំ ដោយការកែលម្អបរិយាកាសអប់រំ។
«យើងចង់រួមចំណែកក្នុងការផ្សព្វផ្សាយលទ្ធភាពទទួលបានការអប់រំផ្នែកមត្តេយ្យសិក្សាដែលមានគុណភាពខ្ពស់ និងស្មើភាពគ្នា ដូចដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣»។លោកស្រី គីគុជី អាយ៉ាណុ បញ្ជាក់បន្ថែម។
ដោយឡែក លោក សាអេគិ ខាហ្សាតុ តំណាងអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្រ្គោះអន្តរជាតិ បានឱ្យដឹងដែរថា ថវិកាប្រមាណ ១៩០ ០០០ ដុល្លារអាមេរិកនឹងផ្តល់នូវសកម្មភាពនានា ជូនបុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ក្នុងការបង្កើនជំនាញ និងចំណេះដឹងរបស់ពួកគេ។
លោកបានបញ្ជាក់ថា៖«តាមរយៈគម្រោងនេះ យើងសង្ឃឹមថា មិនថាអ្នកជំងឺរស់នៅទីណានោះទេ ពួកគេនឹងអាចទទួលបានការព្យាបាលឆាប់រហ័ស និងត្រឹមត្រូវ»។
សូមបញ្ជាក់ដែរថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង១៥០គម្រោងមកហើយ នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុននេះ។ គម្រោងដែលកំពុងអនុវត្តទាំងនេះ ក៏បានរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជាផងដែរ៕