​ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាសថា លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ​៥ ​កាលពី​ថ្ងៃទី ២៥​ ខែកុម្ភៈ​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​យ៉ាង​​ច្រើន​លើសលប់ គឺ​សរុប​ចំនួន ១០០៥២​ សំឡេង​នៅក្នុង​មណ្ឌល​ភូមិភាគ​ទាំង​ ៨  ដោយ​ទទួលបាន​អាសនៈ​ចំនួន ៥៥​។​

​ជាមួយគ្នា​នោះដែរ គ​.​ជ​.​ប បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួលបាន​សំឡេងឆ្នោត ១ ៣៩៤​ សំឡេង​ទទួលបាន​ចំនួន ៣ ​អាសនៈ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ មិន​ទទួលបាន​អាសនៈ​នោះទេ​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ ថ្ងៃទី ​២៦ កុម្ភៈ​ បាន​សម្តែង​នូវ​ការ​ ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នាពេលនេះ​។​

​លោក​ថ្លែងថា លទ្ធផល​នេះ​បង្ហាញថា ពលរដ្ឋ​នៅតែ​មានការ​គាំំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​កាលពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០២៣  ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​បាន​ជាង ៨៣% ហើយ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ឆ្នាំ ​២០២៤ ​នេះ​ទទួល​បានការ​គាំទ្រ​មាន​ជាង ៨៥%​។

លោក សុខ ឥសាន​ ថ្លែងថា​៖ «​ខ្ញុំ​ពេញ​​ចិត្ត​ចំពោះ​លទ្ធផល​នេះ ព្រោះ​វា​ឡើងដល់​ជាង ៨៥% ​ដែល​ពលរដ្ឋ​គាំទ្រ​។ ក្នុងនាម​ខ្ញុំ​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក​​លោកស្រី​ដែលជា​អង្គ​បោះឆ្នោត  ដែល​បាន​ចេញទៅ​បោះឆ្នោត គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំង​ ៣៣ ក្នុង​គោលជំហរ​រឹងមាំ បានធ្វើឱ្យ​គណបក្ស​យើង​ទទួលបាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់​»​។​

​ចំណែក​លោក គីម​សួរ ភី​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សាវិន័យ​គណបក្ស​ឆន្ទៈ​ខ្មែរ ក៏បាន​ថ្លែង​ដែរ​ថា ទោះ​ជា​លទ្ធផល​នៃ​ការបោះឆ្នោត​ព្រឹទ្ធ​សភា​នេះ​មិន​ពេញចិត្ត​តាម​ការ​ចង់បាន​ក៏ដោយ ក៏ប៉ុន្តែ​គណបក្ស​ឆន្ទៈ​ខ្មែរ​ពេញចិត្ត​នូវ​អ្វីដែល​គណបក្ស​បាន​ប្រឹងប្រែង​ធ្វើ​អស់ពី​លទ្ធភាព​។

លោក​បាន​ថ្លែងថា​៖ «​យើង​បានធ្វើ​អស់ហើយ យើង​ធ្វើ​ដោយ​សុចរិត​។ ដូច្នេះ​ផល​ដែល​យើង​ទទួល​បានមក​យើង​ពេញ​ចិត្ត​។ គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន ៣ ​អាសនៈ​។ ដូច្នេះ អ្នក​ដែល​នៅ​ជិត​ភ្លើងទៀន​នៅតែមាន​អ្នក​ស្មោះត្រង់​ចំពោះ​អ្នក​ប្រជា​ធិ​ប​តេ​យ្យ​»​។​

​ចំណែក​លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិន​​ប៉ិច បាន​ថ្លែងថា គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​បាន​តាមដាន​យ៉ាង​យក​​ចិត្ត​ទុកដាក់​បំផុត​នៃ​ការវិវឌ្ឍ​ចុង​ក្រោយ​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​ ២០២៤ ដោយបាន​កត់​សម្គាល់​ឃើញថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​នយោបាយ​ល្អប្រសើរ​ដែល​អាច​ទទួល​យកបាន​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែងថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព និង​គ្មាន​អំពើហិង្សា​ទេ​។ សម្រាប់​ការបោះឆ្នោត​នេះ អវត្តមាន​អង្គ​​បោះឆ្នោត ចំនួន ១៧ ​នាក់ និង​មាន​ការិយាល័យ​ចំនួន​ ១១ ក្នុងចំណោម​ការិយាល័យ ​៣៣ បាន​បិទ និង​បន្ត​នីតិវិធី​រាប់​សន្លឹកឆ្នោត នៅមុន​ម៉ោង ៣​ រសៀល​។​

​លោក ហង្ស ពុទ្ធា ថ្លែងថា​៖ «​អ៊ីចឹង​ជាមួយនឹង​បញ្ជី​បោះឆ្នោត​ចំនួន ១១ ៧៤៧​ នាក់ អវត្តមាន​ចំនួន​ ១៧​ នាក់ មានន័យថា អ្នក​ចេញទៅ​បោះឆ្នោត គឺមាន​ដល់ ៩៩,៨៦% ហើយក៏​មិនមាន​បណ្តឹងតវ៉ា​ដែរ មកដល់​ពេល​នេះ​»​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាលពី​ល្ងាច​ថ្ងៃទី​ ២៥ ខែកុម្ភៈ លោក ប្រាជ្ញ ចន្ទ ប្រធាន​ គ​.​ជ​.​ប បញ្ជាក់ថា លទ្ធផល​នៃ​ការបោះឆ្នោត​នឹងត្រូវ​បាន​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​ក្នុង​រាជធានី ខេត្ត​ដោយ គ​ធ​.​ខ​ប យ៉ាង​ត្រឹមត្រូវ​តាម​ប្រមាណ​វិធី​ដោយ​ដៃ និង​តាម​កុំព្យូទ័រ ដែល​កំណត់ដោយ គ​.​ជ​.​ប និង​ដើម្បី​ពិនិត្យ​បញ្ជាក់​ភាពត្រឹមត្រូវ និង​សម្រេច​ជា​លទ្ធផល​បណ្តោះ​អា​​សន្ន និង​លទ្ធផល​ផ្លូវការ​។​

​លោក​ ប្រាជ្ញ ចន្ទ​ បន្ថែមថា ផ្អែក​តាម​ប្រតិ​ទិននៃ​ការបោះឆ្នោត គ​.​ជ​.​ប នឹង​បិទ​ផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត នៅ​ថ្ងៃទី​ ២៩ ខែកុម្ភៈ​ហើយ​ប្រសិន​​បើ​គ្មាន​ពាក្យ​បណ្តឹងតវ៉ា ឬ​ពាក្យ​​បណ្តឹង​ជំទាស់​នឹង​លទ្ធផល​បណ្តោះអាសន្ន​នេះ លទ្ធផល​ផ្លូវការ​អាច​នឹង​ប្រកាស​នៅ​ចន្លោះ​ពីថ្ងៃ​ទី ​៤ ដល់​ថ្ងៃទី​ ៦ ខែ​មីនា ឆ្នាំ ​២០២៤​។

លោក​សង្កត់ធ្ងន់ថា​៖ «​ជារួម បរិយាកាស​ទូទៅ​ជុំវិញ​ការបោះឆ្នោត​មាន​សភាព​ល្អប្រសើរ ដែល​បង្ក​លក្ខណៈ​ដល់​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង និង​ពុំមាន​សកម្មភាព​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​ឡើយ​។ យើង​អាច​ចាត់ទុក​ការបោះឆ្នោត​នេះ ជាការ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ទទួលបាន​លទ្ធផល​ជោគជ័យ​គួរ​ជាទី​មោទនៈ​»​។​

​ក្រោយ គ​.​ជ​.​ប ប្រកាស​លទ្ធ​ផល​បឋម បណ្តា​គណបក្សនយោបាយ​នានា ដែល​បាន​ចង​សម្ព័នភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើលិខិត​អបអរសាទរ ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រជា​ជនកម្ពុជា ដែល​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​លើសលប់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមា​ជិ​ក​ព្រឹទ្ធសភា នីតិកាល​ទី ​៥ នា​ថ្ងៃទី ​២៥ ខែកុម្ភៈ ឆ្នាំ ២០២៤​។​

​ក្នុង​លិខិត​របស់​គណបក្សនយោបាយ ដែល​បាន​ផ្ញើជូន​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់ បានលើកឡើង​ស្រដៀង​គ្នា​ថា​៖«​ជ័យជម្នះ​ដែល​គណបក្ស​ប្រជាជនកម្ពុជា ទទួលបាន​សំឡេង​យ៉ាងច្រើន​លើសលប់​នេះ គឺ​បានបង្ហាញ និង​ឆ្លុះបញ្ចាំង​ពី​ភាព​ឈ្លាសវៃ​មោះមុត​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ត្រឹមត្រូវ និង​ស្មារតី​សាមគ្គី​បង្រួបបង្រួម​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​រក្សា​ការពារ សុខសន្តិភាព ជូន​ប្រទេសជាតិ​ឱ្យ​បានជា​និរន្តរ៍​ផងដែរ​»៕