ភ្នំពេញៈ អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានគាំទ្រអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបើកវេទិកាផ្សព្វផ្សាយអំពីជំងឺផ្តាសាយបក្សី និងជំងឺឆ្កែឆ្កួតទៅកាន់សិស្សានុសិស្ស និងពលរដ្ឋប្រមាណជា ៧ ០០០ នាក់នៅក្នុងខេត្តចំនួន ៨។
ខេត្តទាំងនោះរួមមាន៖ ខេត្តកំពង់ធំ កំពត កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង បាត់ដំបង សៀមរាប និងខេត្តតាកែវ ដែលសរុបមានសិស្សានុសិស្សមកពីសាលារៀនចំនួន ៣២ និងប្រជាពលរដ្ឋចំនួន ៣២ ភូមិ ក្នុងនោះមានមនុស្សប្រមាណ ៧ ០០០ នាក់បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយនេះ។ នេះបើយោងតាមអង្គការ FAO បានឱ្យដឹងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។
FAO បញ្ជាក់ថា៖ «វេទិកានេះត្រូវបានចូលរួមដោយសិស្សសាលា និងប្រជាសហគមន៍ដើម្បីផ្សព្វផ្សាយក៏ដូចជាផ្តល់ចំណេះដឹងដល់ពួកគាត់ឱ្យយល់ដឹងពីវិធីសាស្ត្រក្នុងការការពារខ្លួនពីជំងឺផ្តាសាយបក្សី និងជំងឺឆ្កែឆ្កួត។ ជាងនេះទៅទៀត គឺដើម្បីឱ្យពួកគាត់យកចំណេះដឹងទាំងនោះទៅចែករំលែកទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះ»។
អង្គការ FAO បានបន្ថែមទៀតថា វេទិកាផ្សព្វផ្សាយពីជំងឺផ្តាសាយបក្សី និងជំងឺឆ្កែឆ្កួតបានបញ្ចប់ជាស្ថាពរនៅក្នុងខេត្តតាកែវនាពេលថ្មីៗនេះ ដោយមានការបង្ហាញពីស៊ុភើមាន់ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីបង្ហាញឱ្យកាន់តែមានភាពទាក់ទាញ និងយកចិត្តទុកដាក់លើការការពារ និងការគ្រប់គ្រងជំងឺផ្តាសាយបក្សី ដែលជំងឺផ្តាសាយបក្សីនេះនៅតែជាការគំរាមកំហែងដ៏សំខាន់លើសុខភាពសាធារណៈ។
លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម ខេត្តតាកែវ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៦ ខែកុម្ភៈថា ក្រោមការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) គឺអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (CDC) ព្រមទាំងមានការចូលរួមពីមន្ទីរកសិកម្មខេត្តតាកែវ បានរួមគ្នាធ្វើវេទិកាផ្សព្វផ្សាយពីជំងឺផ្តាសាយបក្សី និងជំងឺឆ្កែឆ្កួត ទៅដល់សិស្សានុសិស្ស និងប្រជាសហគមន៍សរុបចំនួនប្រមាណជា ៩០០ នាក់ ចាប់ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២៤។
លោកថា៖ «វេទិកាហ្នឹង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះសិស្សានុសិស្ស និងប្រជាពលរដ្ឋ គឺគាត់នៅជិតប្រភេទសត្វទាំងនោះ ដែលអាចមានហានិភ័យឆ្លងជំងឺមកលើពួកគាត់។ ដូច្នេះការផ្សព្វផ្សាយនេះ វាជាសារមួយដាស់តឿនឱ្យគាត់មានការប្រុងប្រយ័ត្នក្នុងការការពារខ្លួន»។
ក្រៅពីវេទិកាផ្សព្វផ្សាយនេះកន្លងមកនៅក្នុងខេត្តតាកែវ ក៏តែងតែមានការរៀបចំផ្សព្វផ្សាយពីជំងឺផ្ដាសាយបក្សីទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមសត្វរាល់ពេលមានកម្មវិធីចុះតាមមូលដ្ឋានម្ដងៗ។ ដោយឡែកពាក់ព័ន្ធជាមួយសិស្សានុ-សិស្ស គឺមិនសូវបានផ្សព្វផ្សាយទេ ដូច្នេះទើបតែមានការគាំទ្រពីអង្គការ FAO បានធ្វើការផ្សព្វផ្សាយខាងលើនេះ។
ជុំវិញរឿងនេះលោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការរៀបចំសហការគ្នាពីក្រសួងសុខាភិបាល និងក្រសួងកសិកម្ម ដើម្បីផ្សព្វផ្សាយពីជំងឺឆ្កែឆ្កួត និងជំងឺផ្ដាសាយបក្សីនេះ វាពិតជាល្អមែនទែន ព្រោះសត្វទាំង ២ ប្រភេទនេះបានកំពុងរស់នៅជិតជាមួយប្រជាពលរដ្ឋជាពិសេសនៅតាមមូលដ្ឋានសហគមន៍តែម្ដង។
លោកបន្តថា សត្វចិញ្ចឹមទាំង ២ ប្រភេទ វាអាចបង្កជំងឺឆ្លងមកមនុស្ស ខណៈជំងឺឆ្លងទាំងនោះ សុទ្ធតែជាប្រភេទជំងឺដែលគ្រោះថ្នាក់ និងពិបាកក្នុងការព្យាបាលឱ្យជាជាដើម។
លោកសម្បត្តិថា៖ «ដូច្នេះបើកាលណាប្រជាពលរដ្ឋយើងមានចំណេះដឹងជ្រៅជ្រះស្ដីពីការការពារកុំឱ្យឆ្លងជំងឺផ្ដាសាយបក្សី និងជំងឺឆ្កែឆ្កួត គឺបានរួមចំណែកធ្វើឱ្យសុខភាពសាធារណៈរបស់យើង ត្រូវបានការពារ ហើយវាក៏ផ្ដល់ប្រយោជន៍ទៅដល់សហគមន៍យើង បានចៀសឆ្ងាយពីជំងឺទាំងអស់នោះដែរ»៕