ភ្នំពេញៈ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសបន្តគាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យបានគ្រប់គ្រាន់ក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពនិងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
យោងតាមការផ្សាយកាលពីថ្ងៃទី ២៦ ខែកុម្ភៈ នៅលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ (២០១៩-២០២៣), ការប្រកាសឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ និងការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ប្រភពដដែលនេះបានឱ្យដឹងថា លោក ស សុខា បានណែនាំឱ្យបណ្ឌិត្យសភាបន្តអនុវត្តកម្មវិធីកំណែទម្រង់ បង្កើតនូវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីកសាងស្នាដៃឈានទៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការផលិតចេញនូវមូលធនមនុស្សប្រកបដោយសក្ដានុពល ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង។
លោក ស សុខា ក៏បានថ្លែងរំឭកដល់ថ្នាក់ដឹកនាំក្រោមឱវាទឱ្យមានភាពស្មោះត្រង់ ក្នុងការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រី និងការងារផ្សេងៗទៀត ដោយលោកមិនបណ្ដែតបណ្ដោយឱ្យមានចន្លោះប្រហោងឬភាពឆកល្វែងកើតមានដោយងាយៗឡើយក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលជាតិ។
លោកបានក្រើនរំឭកកុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្ត្រីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្ត្រីជិតដល់អាយុចូលនិវត្តន៍ជាដើម ហើយក៏សុំកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្ត្រី ពីព្រោះក្រសួងនឹងផ្ដល់ចំនួនក្របខ័ណ្ឌថ្មីជំនួសឱ្យអ្នកចាស់ដែលបានបណ្ដេញចេញ។
លោក ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងនូវសមិទ្ធផលធំៗជាច្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយសម្រេចបាន ៨១,៧៤% នៃផែនការក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ បើទោះបីជាជួបវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ។
លោកបានលើកឡើងថា សន្និបាតបានបង្កើតឱ្យមានក្រុមពិភាក្សា និងឡើងធ្វើបទបង្ហាញលើប្រធានបទចំនួន ៧ រួមមាន៖ ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាសម្រាប់អ្នកសិក្សា, ការបណ្ដុះគំនិតស្រាវជ្រាវដល់គ្រូនគរបាលជាតិ និងនិស្សិតនគរបាល ដើម្បីលើកកម្ពស់គុណភាពអប់រំ, ការរៀបចំផែនការគ្រូបន្តវេន ដើម្បីធានានិរន្តរភាពនៃការបណ្ដុះបណ្ដាល, ការលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តវិន័យអ្នកសិក្សា, ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការរៀបចំសៀវភៅគោល, ការរៀបចំខ្លួនឱ្យក្លាយជាបណ្ឌិត្យសភាឌីជីថល និងការជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលឱ្យដំណើរការបានល្អ។
លោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមថ្លែងថា លោកគាំទ្រលើកម្មវិធីកំណែទម្រង់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់អភិវឌ្ឍមូលធនមនុស្ស ព្រោះការអភិវឌ្ឍមូលធនមនុស្សពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាតិទាំងមូល និងគ្រប់វិស័យទាំងអស់។ ស្ថាប័នបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមន្ត្រីនគរបាល ដើម្បីឱ្យមានសមត្ថភាព ពាក់ព័ន្ធនឹងច្បាប់ ការងារអនុវត្តន៍សុចរិតភាព និងការអនុវត្តឱ្យស្របតាមតួនាទីក្នុងនាមជាកងកម្លាំង។ ជាក់ស្តែងកន្លងមកកងកម្លាំងមួយចំនួន មិនសូវជាយល់ច្បាស់ពីច្បាប់ និងការអនុវត្តនីតិវិធីមួយចំនួនដែលមានបច្ចុប្បន្នភាព។
លោកបានថ្លែងថា៖ «ការផ្តល់បច្ចុប្បន្នភាព និងចំណេះដឹង ជំនាញ សីលធម៌ ទៅដល់កងកម្លាំងរបស់យើងពិតជាមានសារៈសំខាន់ និងបន្តធ្វើជាប់រហូត ព្រោះវាស្របទៅនឹងការអភិវឌ្ឍប្រទេសជាតិកម្មវិធីជាតិ គោលនយោបាយ និងច្បាប់ដែលបានអនុម័តថ្មីៗ។ មន្ត្រីនគរបាលដែលបានចូលសាលា មិនសូវជាបញ្ហាទេ បញ្ហា តែអ្នកមិនបានចូលសាលា តែងតែអនុវត្តខុសពីតួនាទីភារកិច្ចរបស់កងកម្លាំង»៕