ភ្នំពេញៈ ក្រុមការងារក្រសួងកសិកម្ម នឹងដាក់សំណើជូនប្រធានក្រុមប្រឹក្សាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចាត់វិធានការចាំបាច់ និងសមស្រប ក្នុងការធានារក្សាតម្លៃស្រូវ និងធានាសន្តិសុខស្បៀង បន្ទាប់ពីមានការត្អូញត្អែរពីតម្លៃស្រូវធ្លាក់ថ្លៃក្នុងមួយរយៈពេលចុងក្រោយនេះ។
ការសម្រេចដាក់សំណើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ក្រុមការងារចម្រុះសម្របសម្រួលថ្លៃកសិផល ដែលដឹកនាំដោយលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម ចុះផ្សាយនៅព្រឹកថ្ងៃទី២៧កុម្ភៈ។
កិច្ចប្រជុំបានពិភាក្សាដោយផ្ដោតទៅលើការវាយតម្លៃស្ថានភាពនៃពាណិជ្ជកម្មស្រូវអង្ករ នៅចំពោះមុខនៃការធ្លាក់ថ្លៃស្រូវ និងសន្តិសុខស្បៀង។
ជាមួយគ្នានោះដែរ ក្រុមការងារនៃកិច្ចប្រជុំបានពិនិត្យមើលពីចរន្តនៃការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក លំហូរស្រូវនាំចេញទៅប្រទេសវៀតណាម និងបច្ចុប្បន្នភាពនៃការប្រមូលផល ព្រមទាំងការវាយតម្លៃលើផលិតកម្មនៅចុងរដូវប្រាំង និងដើមរដូវវស្សា។
បន្ទាប់ពីកិច្ចប្រជុំនេះ លោក យ៉ង សាំងកុមារ បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា លោកបានបន្តដឹកនាំការប្រជុំក្រុមការងារចម្រុះច្រវ៉ាក់តម្លៃកសិផល ដោយផ្តោតលើការរក្សាស្ថេរភាពថ្លៃស្រូវ និងសន្តិសុខស្បៀង។
លោកបានឱ្យដឹងថា៖« ក្នុងរយៈពេល ៣ ថ្ងៃនេះ យើងបានសហការគ្នាល្អជាមួយរោងម៉ាស៊ីនកិនស្រូវមួយចំនួនក្នុងការប្រមូលទិញស្រូវក្នុងតម្លៃសមរម្យ និងប្រកបដោយតម្លាភាព ដែលធ្វើឱ្យតម្លៃស្រូវមានភាពល្អប្រសើរឡើងវិញបើធៀបទៅដើមសប្តាហ៍មុន»។
លោក យ៉ង សាំងកុមារ ដែលជាប្រធានក្រុមការងារចម្រុះនេះបានថ្លែងថា លោកនឹងខំបន្តធ្វើការជាមួយរោងម៉ាស៊ីនកិនស្រូវនិងអ្នកពាក់ព័ន្ធដើម្បីរក្សាស្ថេរភាពថ្លៃស្រូវក្នុងកម្រិតសមរម្យមួយជូនប្រជាកសិករនិងរក្សាសន្តិសុខស្បៀងជូនសង្គមជាតិទាំងមូល៕