​ភ្នំពេញៈ​លោក​ ឈាង ​រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល បាន​ស្នើ​ដល់​អង្គ​ការ​សហ​ប្រជា​ជាតិ​សម្រាប់​សេវា​កម្ម​គម្រោង​(UNOPS)​ ឱ្យ​បន្ត​រក្សា​ពង្រីក​ការ​គាំទ្រ និ​ង​ចែក​រំលែក​បទពិ​សោធ​ន៍ល្អៗ ​ជា​ពិសេស​ផ្តោត​លើ​ការ​ងារ​លទ្ធ​កម្ម​ ដើម្បី​រួមគ្នា​លើក​​កម្ពស់​សុខុ​មាល​ភាព​របស់​ប្រជា​ជន​កម្ពុជា​។​

​លោក​ស្នើ​ដូច្នេះ​នៅ​ក្នុង​កិច្ច​ពិភា​ក្សា​ការ​ងារ​ជា​មួយ​លោក​ស្រី Eda KRAJA នាយិ​កា​អង្គ​ការ​សហ​ប្រជា​ជាតិ​សម្រាប់​សេវា​កម្ម​គម្រោង ​(United Nations Office for Project Service-UNOPS) ប្រចាំ​ប្រ​ទេស​កម្ពុជា និង​ប្រទេស​ឡាវនា​ទីស្តី​ការ​ក្រសួង​សុខាភិ​បាល​កាល​ថ្ងៃទី​២៦ ​ខែកុម្ភៈ​ ឆ្នាំ​២០២៤​។ ​នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក ក្រសួង​សុខាភិ​បាល​។​

​ក្រសួង​សុខាភិ​បាល​បាន​ឱ្យ​ដឹង​ថា ​លោក ​ឈាង រ៉ា បាន​លើក​ឡើង​ពី​អាទិ​ភាព​វិស័យ​សុខាភិ​បាល​ទាំង​៩​ចំណុច និង​អាទិ​ភាព​គន្លឹះ​ទាំង​៣​ចំណុច​ដើម្បី​លើ​កម្ពស់​វិស័យ​សុខាភិ​បាល​ ហើយលោក​ក៏បាន​សំណូម​ពរ​ឱ្យ​ UNOPS បន្ត​រក្សា​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដែល​អាច​អនុ​លោម​ និង​បន្ស៊ី​ជាមួយ​វិស័យ​អាទិ​ភាព​ទាំង​នោះ​ផង​ដែរ​។​

​លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​៖«​សូម​ឱ្យ​អង្គ​ការ​បន្ត​រក្សា​ពង្រីកនិង​ចែក​រំលែក​បទពិ​សោធ​ន៍ល្អៗ​ ដែល​បាន​អនុវត្ត​កន្លង​មក ជា​ពិសេស​ផ្តោត​លើ​ការ​ងារ​លទ្ធ​កម្ម​ជា​មួយ​ក្រុម​ហ៊ុន​ និង​ដៃគូ​ផ្គត់​ផ្គង់​ដើម្បី​រួមគ្នា​លើក​កម្ពស់​សុខុ​មាល​ភាព​របស់​ប្រជា​ជន​កម្ពុជាដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​គ្រប​ដណ្តប់​សុខ​ភាព​ជាស​កលស្រប​តាម​ផែនកា​រ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ​របស់​រដ្ឋាភិ​បាល​អាណ​ត្តិ​ទី​៧»​។​

​នា​ឱកា​ស​នោះ​ដែរ​ លោក​ស្រី នាយិ​កា​អង្គការ UNOPS បាន​ឱ្យ​ដឹង​ថា អង្គកា​រ UNOPS បាន​ចា​ប់ផ្តើម​ការ​ងារ​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជាង​ ១០ ​ឆ្នាំ ​មកហើ​យ ​ជាពិសេស​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​ក្រសួង​សុខាភិ​បាល ដើម្បី​អនុវត្ត​លើ​គម្រោង​នានា​។​

​លោក​ស្រីបា​ន​បញ្ជាក់​ថា​៖«​កិច្ចស​ហប្រតិ​បត្តិការ​រវាង​អង្គការ​ជាមួយ​ក្រសួង​កន្លង​មក​ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​លទ្ធ​កម្ម​ទៅ​លើ​សម្ភារ ​និង​ឱសថ ​ការ​សម្រប​សម្រួល ​ទៅ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ និង​លុបបំ​បាត់​ជំងឺ​គ្រុន​ចាញ់ ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​របេង ​និង​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​សកល ​ដូច​ជា​ជំងឺ​កូ​វីដ​១៩ ​ជា​ដើម​»​។​

​មន្ត្រី​អង្គ​ការ​ដដែល​នេះ​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​សកម្ម​ភាព​ខាង​លើ ​អង្គការ​ក៏បាន​សហ​ការ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​ផ្សេងៗ​របស់​រាជ​រដ្ឋាភិ​បាល​និង​អង្គ​ការ​ជាតិ​-​អន្តរ​ជាតិ​ឈាន​ទៅ​សម្រេច​គោល​ដៅ​អភិ​វឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព ​(SDG) មុន​កាល​បរិច្ឆេទ​កំណត់​ផង​ដែរ​។​

​លោក ​នុត ​សម្បត្តិ ​ប្រធាន​វិទ្យា​ស្ថាន​ជីវសា​ស្ត្រ វេ​ជ្ជ​សាស្ត្រ និង​កសិ​កម្ម​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​បាន​សាទរ​ចំពោះ​ចំណង​មិ​ត្តភាព​លើ​វិស័យ​សុខាភិ​បាលជា​ពិសេស​ការជំ​រុញ​ឱ្យ​មាន​កា​របន្ត​គាំទ្រ​លើ​កិច្ចការ​លទ្ធ​កម្ម​នូវ​សម្ភារ និង​ឱសថ​សារ​វន្ត ​គឺជា​កិច្ច​ការ​សំខាន់​ដែល​ទាម​ទារ​ឱ្យ​មាន​កា​រជួយ​ឧបត្ថម្ភ​និង​យក​ចិត្តទុក​ដាក់​បន្ថែម​លើ​វិស័យ​សុខា​ភិ​បាល​។​

​លោក​បាន​ថ្លែង​ថា​៖«​ការ​ជួយ​គាំទ្រ​និង​ការចែក​រំលែក​បទ​ពិសោធន៍​ល្អៗ​លើ​វិស័យ​សុខាភិ​បាល​គឺជា​រឿង​សំខាន់ ព្រោះ​វា​នឹង​ឈាន​ទៅ​ជួយ​លើក​ស្ទួយ​លើ​ការ​ពង្រឹង​សមត្ថ​ភាព​ធ​ន​ធាន​មនុស្សពិ​សេស​ជំនាញ​បច្ចេក​ទេស​ពង្រឹង​ហេ​ដ្ឋ​រចនា​សម្ព័ន្ធ​ ពង្រឹង​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​គ្រូ​ពេទ្យ និង​ការ​ពង្រឹង​ការ​ស្រាវ​ជ្រាវ​បន្ថែម​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ឡើង​»​។
 
​នៅ​ក្នុង​ជំនួប​នេះ​ដែរ​ ទោះ​មិន​ទាន់​មាន​ការ​ឆ្លើយ​លើ​សំណើ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល​ពី​សំណាក់​អង្គ​ការ UNOPS​ ក្តី ប៉ុន្តែ​នា​ឱកាស​នោះ​លោក​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​ស្វាគ​មន៍​ដល់​អង្គ​ការ ​UNOPS ​ដែល​បាន​សហ​ការ​គាំទ្រ​ក្រសួង​សុខាភិ​បាល​ ទាំង​ការ​សម្រប​សម្រួល​បច្ចេក​ទេស​និង​ហិរញ្ញ​វត្ថុ​ក្នុង​កិច្ច​ការ​លទ្ធកម្ម​នូវ​សម្ភារ​និង​ឱសថ​សារ​វន្ត ​ក្នុង​ការ​ចូល​រួម​ចំណែក​លើក​កម្ពស់​សុខុ​មាល​ភាព​របស់​ប្រជា​ជន​កម្ពុជា​នា​ពេល​កន្លង​មក​៕