​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​សំខាន់ៗ ដើម្បី​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេភាគី ក្នុងការ​ត្រួសត្រាយ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ និង​ពង្រីក​ឱ្យបាន​កាន់តែ​ប្រសើរ​នូវ​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។​

​ដើម្បី​ពិភាក្សា​លើ​ទស្សនវិស័យ​រួម និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​នានា ក្នុងការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ឱ្យបាន​កាន់តែ​ប្រសើរ​ថែម​១​កម្រិត​ទៀត កាលពី​ទី​២៦ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ជួប​ជាមួយ​លោក Jim Jones នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Jones Group International ដែល​កិច្ចពិភាក្សា​នេះ​មាន​គោលបំណង​ពិនិត្យ​លើ​ចក្ខុវិស័យ​ស្នូល ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ CDC​។​

លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា​៖«​កម្ពុជា មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ ដើម្បី​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេភាគី ត្រួសត្រាយ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ និង​ពង្រីក​ឱ្យបាន​កាន់តែ​ប្រសើរ​នូវ​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​»​។

គោលដៅ​ជា​យុទ្ធសាស្ត្រ​មួយចំនួន​ដែល​លោក​អនុប្រធាន​CDC បានលើកឡើង​នូវ​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​ដូចជា ការបង្កើន​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​ឱ្យ​រលូន រួមមាន​បង្ក​ភាពងាយស្រួល​លើ​នីតិវិធី​គយ កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម និង​បទ​ប្បញ្ញត្តិ​រដ្ឋបាល​ជាដើម​, លើកកម្ពស់​តម្រូវការ​ទីផ្សារ តាមរយៈ​ការពង្រីក និង​ប​ញ្ជ្រៀ​តទី​ផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​(Made in Cambodia) ឬ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​(FTA) ឬ​ការពង្រឹង​ពាណិជ្ជកម្ម​ដែលមាន​ស្រាប់​។​បន្ថែម​ពី​នោះ សហរដ្ឋអាមេរិក​ក៏​អាច​គាំទ្រ​ការវិនិយោគ​របស់​កម្ពុ​ជា តាមរយៈ​គំនិត​ផ្តួចផ្តើម​ដូចជា ជំនួយ​បច្ចេកទេស ការកសាង​សមត្ថភាព និង​សកម្មភាព​លើកកម្ពស់ និង​ផ្សព្វផ្សាយ​ការវិនិយោគ​ជាដើម​។

ក្នុង​ជំនួប​នេះដែរលោក Jim Jones​ បាន​សង្កេតឃើញ​នូវ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពិសេស​បាន​ចាប់អារម្មណ៍​នូវ​ការដាក់ចេញ​របស់​រាជ​រដ្ឋាភិបាល​ទិសដៅ​ឆ្នាំ​២០៣០ ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។

​លោក ​Jim ក៏​ចាប់អារម្មណ៍​ចំពោះ​ទិសដៅ​របស់​កម្ពុជា ក្នុងការ​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ប្រើប្រាស់​កម្លាំង​ពលកម្ម​ទៅជា​ប្រទេស​ប្រើប្រាស់​ជំនាញ​បច្ចេកទេស និង​ផែនការ​រៀបចំ​ឱ្យមាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖«​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​ជំរុញឱ្យមាន​ការកើនឡើង​នូវ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​២​។ យើង​ជឿជាក់ថា តាមរយៈ​ពាណិជ្ជកម្ម និង​ការវិនិយោគ នឹង​ជំរុញ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក កាន់តែ​ល្អ​កើនឡើង​១​កម្រិត​ទៀត​»​។​

សូមជម្រាបថា Jones Group International (JGI) ជា​ក្រុមហ៊ុន ដែល​ផ្តល់​សេវាកម្ម​ប្រឹក្សា​យុទ្ធសាស្ត្រ​ជាស​កល ដើម្បី​ជួយ​ដៃគូ ក្នុងការ​បង្កើត និង​បំពេញ​នូវ​ចក្ខុវិស័យ​ផ្លាស់ប្តូរ​សម្រាប់​ការការពារ​ជាតិ សន្តិសុខ និង​វិបុលភាព​របស់​ពួកគេ​។

លោក ​Jim Jones បច្ចុប្បន្ន​គឺជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Jones Group International និង​កំពុង​ដឹកនាំ​ក្រុម​ជំនាញការ​ប្រឹក្សា​យោបល់​លើ​គោលនយោបាយ​ការបរទេស ផែនការ​យុទ្ធសាស្ត្រ សន្តិសុខ​ជាតិ និង​យុទ្ធសាស្ត្រ​យោធា​ផងដែរ​។

 ​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា សហរដ្ឋអាមេរិក​ដែលជា​ទីផ្សារ​នាំចេញ​ធំជាងគេ​របស់​កម្ពុជា ដែលមាន​ផលិតផល​ជា​ចម្បង​ដូចជា ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​ផងដែរ​។​

លោក​បាន​បន្ថែមថា បើ​មើល​ទៅលើ​របាយការណ៍​នាំចេញ​របស់​គយ បាន​បង្ហាញថា សហរដ្ឋអាមេរិក​បាន​ក្លាយជា​អ្នកទិញ​នាំមុខគេ​នៃ​ការនាំចេញ​របស់​កម្ពុជា​នៅក្នុង​ខែមករា ឆ្នាំ​២០២៤ នេះ​ដែល​ស្មើនឹង​ប្រមាណ​ប្រហែល ​១ ភាគ ​៣​ នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក។​

​លោក​បាន​បញ្ជាក់ថា ៖ «​ដូចនេះ ការបង្កើន​ទំនាក់ទំនង​ល្អ ការរៀបចំ​យុទ្ធសាស្ត្រ និង​យន្តការ​ថ្មី របស់​CDC គឺជា​ចលករ​១​បន្ថែមទៀត ក្នុងការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​ពី​អាមេរិក​មក​កម្ពុជា​»​។​

​យោងតាម​ទិន្នន័យ ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា នៅក្នុង​ខែមករា ឆ្នាំ​២០២៤​នេះ ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ មាន​ចំនួន​ជាង​ ៦២៦ ​លាន​ដុល្លារ​កើនឡើង​ជាង ​១១​ ភាគរយ​។ ដោយឡែក​ការនាំ​ចូល​ពី​សហរដ្ឋអាមេរិក​មានតម្លៃ​ជាង ​១៧ ​លាន​ដុល្លារ​ថយចុះ​ ៨​ ភាគរយ​ធៀប​នឹង​ខែមករា ឆ្នាំ​២០២៣៕