ភ្នំពេញៈ​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥នៃ​អនុ​សញ្ញា​អូ​តា​វ៉ា ​លោក​ទេស​រដ្ឋ​មន្ត្រី ​លី ធុជ អនុ​ប្រធាន​ទី​១ ​អាជ្ញា​ធរ​មីន ​និង​ជា​ប្រធាន​អនុស​ញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​អាជ្ញា​ធរ​មីន​បំពេញ​បេសក​កម្ម​នៅ​ទីក្រុង​ហ្សឺ​ណែវ ​ប្រទេស​ស្វ៊ីស​ចាប់ពី​ថ្ងៃទី​២៧ ​ខែកុម្ភៈ ដល់​ថ្ងៃទី​៧ ​ខែ​មីនា ឆ្នាំ​២០២៤​។​

​លោក​ លី​ ធុជ ​បាន​លើក​ឡើង​ថា ​គណៈ​ប្រតិភូ​អាជ្ញា​ធរ​មីន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ីស ​ដើម្បី​ចូល​រួម​ដឹកនាំ​សន្និ​សីទ​កៀរគរ​ធន​ធាន​ប្រចាំ​ឆ្នាំ​នៃ​អនុ​សញ្ញា​អូ​តា​វ៉ា និង​កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​សៀម​រាប​-​អង្គរ​ស្តីពី​ពិភព​លោក​មួយ​ដែល​គ្មាន​មីន​។​

​លោក​បាន​បន្ត​ថា ​ក្រៅពី​ដឹកនាំ​សន្និ​សីទ ​និង​កិច្ច​ប្រជុំ​ដែល​ជា​កាតព្វ​កិច្ច​របស់​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ​លោក​នឹង​ចូល​រួម​ដឹក​នាំ​កិច្ច​ប្រជុំ​សំខាន់ៗ​មួយ​ចំនួន​ផ្សេង​ទៀត​រួម​មាន​ កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​ជំរុញ​អនុ​លោម​ភាព​កិច្ច​សហ​ប្រតិ​បត្តិ​ការ​  កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​សម្រប​សម្រួល និង​កិច្ច​ប្រជុំ​ក្រុម​ការងារ​សម្រប​សម្រួល​កិច្ច​ការ​សកល​ភាវូប​នីយ​កម្ម​។ 

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អាជ្ញា​ធរ​មីននៅ​ថ្ងៃទី​២៧ ​ខែកុម្ភៈ​ បាន​ឱ្យដឹង​ដែរ​ថា ​សន្និ​សីទ​កៀរគរ​ធន​ធាន​នៃ​អនុ​សញ្ញា​អូ​តា​វ៉ា នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​គោល​បំណង​ស្វែងរក​ការ​គាំទ្រ​ហិរញ្ញវត្ថុសម្រាប់​សកម្ម​ភាព​ការ​ងារ​របស់​អង្គ​ភាព​គាំទ្រ​ការ​អនុ​វត្ត​អនុ​សញ្ញា​អូ​តា​វ៉ា​ក្នុង​ឆ្នាំ​២០២៤​។​

​ប្រភព​ដដែល​បន្ត​ថា​៖ «​កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ កិច្ច​ប្រជុំ​កំពូល​សៀម​រាប​-​អង្គរ​ ស្ដីពី​ពិភព​លោក​មួយ​ដែល​គ្មាន​មីន ​នឹង​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​ពី​វឌ្ឍន​ភាព​នៃការរៀប​ចំ​កិច្ច​ប្រជុំ​កំពូល​សៀម​រាប​-​អង្គរ ជូន​ដល់​រដ្ឋ​ភាគី ​និង​អង្គ​ការ​ពាក់​ព័ន្ធ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​»​។​

​អាជ្ញា​ធរ​មីនបាន​បន្ត​ថា ​ក្រៅ​ពី​ដឹក​នាំ​សន្និ​សីទ ​និង​កិច្ច​ប្រជុំ​ដែល​ជា​កាតព្វ​កិច្ច​របស់​ប្រធាន​អនុ​សញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ​លោក​ទេសរដ្ឋ​មន្ត្រី ​នឹង​ចូល​រួម​ដឹកនាំ​កិច្ច​ប្រជុំ​សំខាន់ៗ​មួយ​ចំនួន​ផ្សេង​ទៀត​រួម​មាន​ កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​ជំរុញ​អនុ​លោមភា​ព កិច្ច​សហ​ប្រតិ​បត្តិ​ការ​ កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​សម្រប​សម្រួល ​និង​កិច្ច​ប្រជុំ​ក្រុម​កា​រងារ​សម្រប​សម្រួល​កិច្ច​ការ​ សកល​ភាវូប​នីយ​កម្ម​ជា​ដើម​។ 

​បន្ថែម​លើ​នេះ ​លោក​ទេស​រដ្ឋមន្ត្រី ​លី ធុជ នឹ​ង​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ ឯ​កអគ្គរាជ​ទូត​/​រដ្ឋទូ​ត​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ ​ប្រទេស​ស្វ៊ីស​ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ដល់​កម្ពុជា​ជា​ប្រធាន ​និង​ម្ចាស់​ផ្ទះ ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​សៀម​រាប​-​អង្គរ​ និង​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯក​អគ្គ​រាជ​ទូត​/​រដ្ឋទូត​នានា ​ដែល​មិន​ទាន់​ចូល​ជា ​សមា​ជិក​អនុ​សញ្ញា​អូ​តា​វ៉ៅ ​ដើម្បី​កៀរ​គរ និង​ជំរុញ​ការ​ធ្វើ​សកល​ភាវូប​នីយ​កម្ម​។​

​សូម​បញ្ជាក់​ដែរ​ថា ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អនុ​សញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​២៥​ ដល់​២៩ ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​នៅ​ខេត្ត​សៀម​រាប​ ដែល​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែ​ត ក៏នឹង​ចូល​រួម​ផង​ដែរ​៕