ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែ ១ គត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ ខណៈអ្នកវិទ្យាសាស្ត្រនយោបាយកម្ពុជាចាត់ទុកថា ការលើកឡើងនេះពិតជាត្រឹមត្រូវ ព្រោះរាល់ការបោះឆ្នោតនីមួយៗនាពេលកន្លងមក គណបក្សប្រជាជនកម្ពុជាតែងតែទទួលសំឡេងគាំទ្រច្រើនលើសលប់។
លោកបានលើកឡើងបែបនេះ នៅលើប្រព័ន្ធតេឡេក្រាមរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៦ ខែកុម្ភៈ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក ប៉ែន បូណា បានបន្តថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នេះ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលបឋមបានទទួលអាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែលកើតចេញពីការបោះឆ្នោតអសកល។ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ ២០២៣ គណបក្សប្រជាជនកម្ពុជាបានទទួលដល់ទៅ ១២០ អាសនៈក្នុងចំណោម ១២៥ អាសនៈក្នុងរដ្ឋសភា។
លោកបានបញ្ជាក់ថា៖ «ការបោះឆ្នោត២លើកចុងក្រោយនេះ ឆ្លុះបញ្ចាំងពីមហាជោគជ័យជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតនៅកម្ពុជា។ ជោគជ័យដ៏ធំធេងនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ»។
លោក ប៉ែន បូណា ថា៖«សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជាដែលជាមេដឹកនាំដ៏ខ្លាំងពូកែគ្មានគូប្រៀប គឺជាអ្នកសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់កម្ពុជាក្នុងសម័យទំនើប។ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកដឹកនាំបន្តវេនដ៏មានសក្តានុពល ពោរពេញដោយសមត្ថភាព និងបានដាក់ចេញគោលនយោបាយដែលឆ្លើយតបយ៉ាងល្អទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយដើរស្របនឹងនិន្នាការរបស់ពិភពលោកទៀតផង»។
«នេះគឺជាហេតុផលគ្រប់គ្រាន់ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែ១គត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ទំនុកចិត្តនិងការគាំទ្រពេញទំហឹងរបស់ប្រជាពលរដ្ឋគឺជាបណ្ណធានាយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការគ្រងតំណែងជាគណបក្សដឹកនាំប្រទេសក្នុងរយៈពេលយូរតទៅទៀត»។ លោក ប៉ែន បូណា បានបញ្ជាក់បន្ថែម។
លោក ស៊ឺន សម អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងដោយទទួលស្គាល់ថា ការលើកឡើងរបស់លោក ប៉ែន បូណា ពិតជាត្រឹមត្រូវ និងមិនខុសនោះទេ ពីព្រោះការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា យកតែអង្គបោះឆ្នោត ដែលបានជាប់ឆ្នោតកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រ។
លោកបានថ្លែងថា៖«ជារឿងធម្មតាទេ អង្គបោះឆ្នោតដែលមកពីសមាជិកគណបក្សណា គឺពួកគាត់បោះឆ្នោតជូនសមាជិកគណបក្សរបស់គាត់។ ការពិត អង្គបោះឆ្នោត មានសិទ្ធិនៅក្នុងការបោះឆ្នោតដល់គណបក្សដែលខ្លួនស្រឡាញ់ ប៉ុន្តែជាផ្លូវការ គឺអង្គបោះឆ្នោតតែងតែបោះឆ្នោតជូនគណបក្សខ្លួនហើយ ដែលខ្លួនត្រូវបានជ្រើសរើសនៅក្នុងគណបក្សណាមួយនោះ»៕