ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសកំណត់យកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខ «សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ ដើម្បីជាការដឹងគុណដល់សម្តេចដែលមានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសសម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា»។
ការកំណត់នេះធ្វើងឡើងបន្ទាប់ពី«សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា»បានយាងចូលទិវង្គត នៅវត្តឧណ្ណាលោម នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ៥:៤០ នាទីល្ងាច ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ ព្រះវស្សា។
យោងតាមសារាចរណែនាំស្តីពី ការចូលរួមគោរព«ព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស» កាលពីថ្ងៃទី ២៦ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី បានណែនាំឱ្យយកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ។
លោកបញ្ជាក់ថា៖ «គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ហើយគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃដូចគ្នានេះដែរ»។
ជាមួយគ្នានេះដែរ លោកហ៊ុន ម៉ាណែត ក៏បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំបុណ្យ «ថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស» ដែលមាន«សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត» ជាព្រះប្រធានកិត្តិយស ព្រមទាំងមានប្រធាន អនុប្រធាន និងសមាជិកមកពីគណៈសង្ឃ និងរដ្ឋមន្ត្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា ចំនួន ៤៣ អង្គ/រូប។
បើតាមសេចក្តីសម្រេច គណៈកម្មការនេះមានភារកិច្ច រួមសហការជាមួយក្រសួង ស្ថាប័ននានា និងគណៈសង្ឃនាយក ដើម្បីរៀបចំពិធីបុណ្យ«ថ្វាយព្រះសព» តាមប្រពៃណីជាតិ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរបំផុត។
គណៈកម្មការនេះមានភារកិច្ចពិនិត្យនិងលើកសំណើដោះស្រាយរាល់ការលំបាកនានា និងរៀបចំពិធីបុណ្យនិងពិធីតម្កល់«ព្រះសព» ដែលតម្កល់ក្នុងវត្តឧណ្ណាលោម, និងទទួលបន្ទុករៀបចំក្បួនដង្ហែ«ព្រះសព» តុបតែងរថយន្តបុស្បុក និងការធ្វើព្រះមេរុបូជា«ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ឱ្យបានស័ក្តិសមទៅនឹងព្រះកិត្តិយសរបស់ព្រះសព»។
មួយវិញទៀត គណៈកម្មការនេះមានតួនាទីរៀបចំឱ្យមានកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យ«ថ្វាយព្រះសពនិងពេលដង្ហែព្រះសព» ឱ្យបានល្អប្រសើរ,រួមទាំងលើកគម្រោងនិងគ្រប់គ្រងចំណូល ចំណាយថវិការដ្ឋនិងសប្បុរសជន ក្នុងការបម្រើឱ្យពិធីបុណ្យ«ថ្វាយព្រះសព» ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ព្រមទាំងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យពិធីបុណ្យ«ថ្វាយព្រះសព»។
ទាក់ទិននឹងពិធីបុណ្យ ដែលប្រារព្ធធ្វើឡើងនៅវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ បានជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់តាមរយៈសេចក្តីជូនដំណឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ក្នុង«ព្រះរាជពិធីបុណ្យ»នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន នូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធ«ព្រះរាជពិធីបុណ្យ» ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតមរណទុក្ខចំពោះ«ការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស» ដែលលោកថា ជាការបាត់បង់ដ៏ធំធេងរបស់ជាតិនិងប្រជាជនកម្ពុជា។
លោកបានលើកឡើងថា ៖«ក្នុងពេញ១ព្រះជន្មរបស់សម្តេច សម្តេចបានខិតខំអស់ព្រះកាយពល ធ្វើពលិកម្មគ្រប់បែបយ៉ាង បូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសសម្ដេចបានធ្វើពលិកម្ម ដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្ដមឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតអស់ព្រះជន្ម»។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដែរថា ការ«យាងចូលព្រះទិវង្គតរបស់សម្តេចព្រះមហាសង្ឃរាជ គឺជាការបាត់បង់មហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តមនៃកសិករ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជននិងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញនូវព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា»។
លោក ហ៊ុន សែន បានបន្ថែមថា ៖ «លើសពីនេះ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុតលះបង់ព្រះកាយថ្វាយជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសព្រះអង្គបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ រហូតដល់ពេលបច្ចុប្បន្ន»។
រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក ចាយ បូរិន នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ បានចេញសេចក្តីសម្រេច ដោយប្រគល់ភារកិច្ចថ្វាយ-ប្រគេន «សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជស្តីទីជំនួសសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស»។ ចំណែក «សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង ទទួលភារកិច្ចជាសម្តេចព្រះសង្ឃនាយកស្តីទីគណៈមហានិកាយ»។
សូមបញ្ជាក់ដែរថា «សម្តេចមហាសង្ឃរាជ ទេព វង្ស បានយាងចូលទិវង្គត» នាម៉ោង៥ និង៤០នាទីថ្ងៃទី២៦ ខែកុម្ភៈនៅវត្តឧណ្ណាលោម ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា។ «សម្តេចមហាសង្ឃរាជ» ទេព វង្ស ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅក្នុងឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ព្រះអង្គបានបួសលើកទី១នៅក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ហ៊ីង ម៉ៅ ពុទ្ធសរ ព្រះសមុហ៍ ព្រះចៅអធិការវត្តរាជបូព៌ ខេត្តសៀមរាប។ ព្រះអង្គទ្រង់បានបួសជាលើកទី២ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ បិតសីលោ៕