ភ្នំពេញៈ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានបង្ហាញគោលជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបន្តបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជន និងប្រជាជនព្រមទាំងវិស័យការពារជាតិ និងសន្តិសុខក៏ដូចជាជួយកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាដើម។
លោក Daniel J. Kristenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បង្ហាញជំហរបែបនេះ នាជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាវិមានសន្តិភាពកាលពីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ អំឡុងពេលឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ និងគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះបើយោងតាមខ្លឹមសារប្រកាសពីបណ្តាញផ្លូវការរបស់លោកហ៊ុន ម៉ាណែត។
ក្នុងជំនួបនោះ លោក Daniel J. Kristenbrink បង្ហាញការអបអរចំពោះលោក ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីអាណត្តិទី៧ ក៏ដូចជាបង្ហាញការកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយលោកក៏រំឭកពីជំនួបនាទីក្រុងញូវយ៉ក កាលពីខែកញ្ញា ឆ្នាំ ២០២៣ រវាងលោក ហ៊ុន ម៉ាណែត និងលោកស្រី វិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ផងដែរ។
ទន្ទឹមនឹងនេះលោកវាយតម្លៃខ្ពស់លើជំហររដ្ឋាភិបាលកម្ពុជាចំពោះកិច្ចការតំបន់ និងអន្តរជាតិ បូករួមជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ ខណៈសហរដ្ឋអាមេរិក នឹងបន្តធ្វើការជិតស្និទ្ធជាមួយភាគីកម្ពុជាបន្ថែមទៀត អំឡុងកម្ពុជានឹងត្រូវធ្វើជាអ្នកសម្របសម្រួលទំនាក់ទំនងសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ចាប់ពីខែកក្កដា ឆ្នាំ ២០២៤ ដល់ខែកក្កដា ឆ្នាំ ២០២៧។
ប្រភពដដែលបញ្ជាក់ថា៖ «សម្តេចធិបតី និងឯកឧត្តម Daniel J. Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ បន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជននិងប្រជាជនព្រមទាំងវិស័យការពារជាតិ និងសន្តិសុខជាដើម»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី ២៦ ខែកុម្ភៈនោះដែរ បានបញ្ជាក់បន្ថែមថា ភាគីទាំង ២ បានពិភាក្សាគ្នាពីកង្វល់រួម ជុំវិញការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីប្រឆាំងកូរ៉េខាងជើង ការថ្កោលទោសទៅដល់រុស្ស៊ីចំពោះសង្គ្រាមឈ្លានពានអ៊ុយក្រែន កម្មវិធីជំនួយបរទេស ការរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។ ភាគីទាំង ២ ក៏បានលើកឡើងពីការពង្រឹងការអនុវត្តច្បាប់ដោយពិនិត្យទៅលើវឌ្ឍនភាពនានា ដូចជា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការជួញដូរមនុស្ស បង្កើតលទ្ធភាពដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏ដូចជាសន្តិសុខក្នុងតំបន់។
លោក Daniel J. Kristenbrink លើកឡើងថា៖ «សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់យើង ក្នុងការចង់ឱ្យប្រទេសកម្ពុជាមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ ដែលក្នុងនោះ សំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរពហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ»។
ទាក់ទិននឹងបញ្ហានេះ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ យល់ថា ការលើកឡើងក៏ដូចជាជំហររបស់ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកជាច្រកទ្វារការទូតមួយរបស់សហរដ្ឋអាមេរិកក្នុងទំនាក់ទំនងជាមួយកម្ពុជា ប៉ុន្តែភាគីទាំង ២ ត្រូវជជែកគ្នាឱ្យច្រើនដើម្បីបំបាត់ភាពមន្ទិលសង្ស័យ។ ជាពិសេសពីខាងកម្ពុជាត្រូវព្យាយាមជជែកជាមួយអាមេរិកដើម្បីសម្រួលទំនាក់ទំនងទ្វេភាគី ទៅលើចំណុចមិនយល់ស្របគ្នា និងការសង្ស័យមួយចំនួន តួយ៉ាងបញ្ហាមូលដ្ឋានទ័ពរាមជាដើម។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី លោកបញ្ជាក់ថា៖ «ទំនាក់ទំនងកម្ពុជា-អាមេរិក សព្វថ្ងៃមិនទាន់ល្អដូចពីមុនឆ្នាំ ២០១៧ នៅឡើយទេដែលកាលនោះមានកិច្ចសហប្រតិបត្តិការនឹងគ្នាច្រើន សូម្បីសមយុទ្ធយោធារួមគ្នា សហរដ្ឋអាមេរិកក៏ផ្តាច់អាហារូបករណ៍និស្សិតយោធាកម្ពុជាមិនទាន់ផ្តល់ឱ្យវិញ។ ភាគីកម្ពុជាត្រូវតែឆ្លើយតបទៅនឹងកង្វល់របស់សហរដ្ឋអាមេរិក ដើម្បីបង្កើនការយល់គ្នា»។
លោក ឯម សុវណ្ណារ៉ា បានបន្តថា កម្ពុជាត្រូវការជាចាំបាច់លើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ខណៈសហរដ្ឋអាមេរិកជាមហាអំណាចមួយដែលមានឥទ្ធិពលជាងគេនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សហរដ្ឋអាមេរិកក៏មានឥទ្ធិពលក្នុងពិភពលោកមានសម្ព័ន្ធមិត្តច្រើនដែលអាចផ្តល់ការគាំពារផ្នែកការទូត ហើយក៏ជាទីផ្សារពាណិជ្ជកម្មធំជាងគេសម្រាប់កម្ពុជា ផងដែរ។
សម្រាប់លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកជំនួបរវាងភាគីទាំង ២ ជារឿងសំខាន់ដែលលោកចង់ឃើញភាគីទាំង ២ បង្កើនការជួបពិភាក្សាគ្នាឱ្យបានញឹកញាប់ដើម្បីស្វែងរកចំណុចលើបញ្ហាខ្វែងគំនិតគ្នា ដើម្បីពង្រឹងទំនាក់ទំនង ហើយនៅចំពេលឆ្នាំនេះ កម្ពុជាជាអ្នកសម្របសម្រួលទំនាក់ទំនងកិច្ចសន្ទនាសហរដ្ឋអាមេរិក និងអាស៊ានផង។
លោកផ្តល់យោបល់ឱ្យភាគីទាំង ២ ជជែកលើបញ្ហាទាំងឡាយណាដែលអាចធ្វើការជាមួយគ្នាបានឬចំណុចយល់ស្របគ្នា ជាជាងជជែកពីបញ្ហាដែលមិនអាចធ្វើការជាមួយគ្នាកើត។
លោកប្រាប់ថា៖ «កម្ពុជា និងសហរដ្ឋអាមេរិកនៅមានការខ្វែងគំនិតគ្នាទៅលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមែនកម្ពុជាមិនមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ អាចថា ការបកស្រាយនៅមានភាពខុសគ្នា ខណៈសហរដ្ឋអាមេរិកខ្លួនឯងមានទំនាក់ទំនងល្អជាមួយប្រទេសកុម្មុយនីស្តតួយ៉ាងវៀតណាម ដែលខុសប្លែកទាំងលើកយកជារនាំងនឹងកម្ពុជា»។
ទោះយ៉ាងណាលោក ស៊ឺន សម បញ្ជាក់ថា កម្ពុជា និងអាមេរិកបន្តត្រូវការគ្នាជាខ្លាំង ហើយសហរដ្ឋអាមេរិកក៏ជាទីផ្សារសំខាន់នៃផលិតផលកម្ពុជាផង ហើយកម្ពុជាទៀតសោតក៏ជាតម្រូវការសំខាន់របស់សហរដ្ឋអាមេរិកក្នុងយុទ្ធសាស្ត្រការទូតនៅអាស៊ានដោយកម្ពុជាជាប្រធានប្តូរវេន និងថែមជាអ្នកសម្របសម្រួលកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងនៅពេលនេះ៕