​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត បាន​ប្តេជ្ញា​បន្ត​ស្តារ លើក​ស្ទួយ និង​អភិវឌ្ឍ​ទីក្រុង​ស្អាត​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់​តែ​រីកចម្រើន​បន្ថែមទៀត ខណៈ​លោក​ស្នើ​​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ត​សហការ​ចូលរួម​អនុវត្ត​រាល់​យុទ្ធនាការ​នានា​ ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ​។​

​លោក​បានលើកឡើង​ដូចនេះ តាម​​រយៈ​សារលិខិត​របស់លោក​ក្នុងឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​​១២ ឆ្នាំ​ ២០២៤ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​ដើម្បី​ទេសចរណ៍​»​ នៅ​ថ្ងៃទី ​២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដែលជា​ប្រធានកិត្តិយស​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានលើកឡើង​តាមរយៈ​សារលិខិត​នេះ​ថា ការ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត ឆ្នាំ ​២០២៤ ធ្វើឡើង​ដើម្បី​បំផុស​ការលើកទឹកចិត្ត​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស​យុវជន​ឱ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​បៃតង ការផ្តល់​នូវ​បដិសណ្ឋារកិច្ច​ល្អ និង​ភាពកក់ក្តៅ​សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការរីក​ចម្រើន​នៃ​សង្គមជាតិ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទីក្រុង​ស្អាត​គឺជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ ដែល​អាច​ផ្តល់​បទពិសោធន៍ និង​ការចងចាំ ហើយ​ការរីកចម្រើន​នៃ​ទីក្រុង​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ទៅដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដោយហេតុថា ទីក្រុង​គឺជា​បណ្ដុំ​សម្រាប់​ការ​រស់នៅ ការសម្រាកលម្ហែ សកម្មភាព ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច ន​យោ​បាយ និង​វប្បធម៌ ជាដើម​»​។​

​លោក​បាន​បន្ថែមថា ភាពជោគជ័យ​នៃ​វិស័យ​ទេសចរណ៍​វិញ​ក៏​នឹងចូលរួម​ដល់​ការអភិវឌ្ឍ​ទីក្រុង​ផងដែរ តាមរយៈ​កាលានុវត្តភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​គំរូ​ថ្មី​នៃ​ការអភិវឌ្ឍន​គ​រូប​នី​យ​​កម្ម ការអភិរក្ស​បេតិកភណ្ឌ​ទីក្រុង ការ​​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន ភាព​ស្អាត និង​បៃតង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ចាំបាច់​នានា​បម្រើ​ដល់​តម្រូវការ​របស់​ភ្ញៀវទេសចរ​ជាដើម ដែល​ទាំងនេះ​នឹង​ជួយ​ជំ​រុញឱ្យ​ទីក្រុង​កាន់តែ​មាន​ភាព​​រស់​រវើក​។​

​ឈរលើ​ស្មារតី​នេះ ដើម្បី​ឆ្លើយតប​នឹង​ប្រធានបទ​ «​ទីក្រុង​ស្អាត ដើម្បី​ទេស​​ចរណ៍​»​ លោក ហ៊ុន ម៉ា​ណែ​ត បាន​ប្ដេជ្ញា​បន្ត​ស្តារ លើកស្ទួយ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ដោយ​លោក​ក៏បាន​ស្នើ​គ្រប់​​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សហការ ចូលរួម​គាំទ្រ ឧបត្ថម្ភ និង​អនុវត្ត​រាល់​យុទ្ធនាការ​នានា​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ​។​

​ជុំវិញ​រឿងនេះ លោកស្រី ឆាយ ស៊ីវ​​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេស​​ចរណ៍​កម្ពុជា បានលើកឡើង​ដែរ​ថា ការ​​ប្តេជ្ញា​នេះ បង្ហាញ​ពី​ការគិតគូរ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ដោយ​ផ្តោត​សំខាន់​លើ​ភាព​ស្អាត អនាម័យ សំដៅ​ឈានទៅ​ប្រកួត​ប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​ជារួម​ភ្ញៀវ​​ទេសចរ គេ​មិន​ចង់ទៅ​កន្លែង​ដែល​មិន​ស្អាត កន្លែង​ណា​ដែលមាន​សំរាម​នោះទេ គឺ​គេ​តែងតែ​ចង់ទៅ​កន្លែង​ដែល​ស្អាត និង​មាន​អនាម័យ មាន​ផាសុក​​ភាព ហេតុនេះ​យើង​ត្រូវតែ​ចូលរួម​អភិ​​រក្ស និង​លើកកម្ពស់​ភាព​ស្អាត ដើម្បី​លើកកម្ពស់​សុខុមាលភាព​ក្នុងសង្គម​ក៏ដូចជា​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់​អាស៊ាន ជាពិសេស​ជួយ​ទាញ​កំណើន​ភ្ញៀវទេសចរ​ឱ្យនៅតែ​ចងចាំ​កម្ពុជា​ហើយ​បន្ត​មក​កម្សាន្ត​នៅ​កម្ពុជា​ជានិច្ច​»​។​

​តាមរយៈ​សារលិខិត​ដដែល​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ដើម្បី​ឆ្លើយតប​នឹង​ការវិវឌ្ឍ និង​និន្នាការ​នៃ​ការអភិវឌ្ឍ​ថ្មីៗ កម្ពុជា​បានដាក់​ចេញ​យុទ្ធនាការ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​ប​ដិ​ស​ណ្ឋា​រ​​កិច្ច​ល្អ​» ដែលជា​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈ​​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ជា​មាស​បៃតង តាមរយៈ​ការ​ប្រែ​ក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ស្អាត ឆ្លាត និង​បៃតង​។​

​ជាថ្មី​ម្តងទៀត រាជរដ្ឋាភិបាល ក៏បាន​ស្នើឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ បន្ត​ចូលរួម​គាំទ្រ​ដល់​យុទ្ធនាការ​ចលនា​ប្រឡងប្រណាំង​និង​ការអនុវត្ត​ស្តង់ដា​នានា​ដែល​បាន​ដាក់ចេញ​កន្លងមក​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត​ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណ​ភាព​ខ្ពស់​។​

​នៅក្នុង​ឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ​នេះ  ​រដ្ឋបាល​ខណ្ឌ​ ៧​ មករា ក៏បាន​រៀបចំ​ពិធី​អបអរសាទរ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» ​ដោយមាន​ការ​បញ្ជ្រាប​ការយល់ដឹង និង​កម្មវិធី​យុទ្ធ​នា​ការសម្អាត​ទីក្រុង​តាម​ទីសាធារណៈ សួនច្បារ​ផងដែរ​ដោយ​ក្នុងនោះ​មានការ​ចូលរួម​ពី​ព្រះសង្ឃ យុវជន ស​.​ស​.​យ​.​ក​, យុវជន​កាកបាទក្រហម​កម្ពុជា និង​យុវ​ជនកាយ​រឹទ្ធិ ប្រមាណ​ជាង​ ៤០០​ នាក់​។​ ​សូម​បញ្ជាក់ដែរថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី​១២ ​ដែល​កម្ពុជា​បានរៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ដោយបាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​រវាង​ «​ទីក្រុង​ស្អាត និង​ទេសចរណ៍​»៕​