ភ្នំពេញៈ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ សមត្ថកិច្ចបានរឹបអូសឧបករណ៍នេសាទ ឆក់ត្រជាក់ និងក្តៅជាង ១ ០០០ គ្រឿង ក្នុងបណ្តាខេត្តចំនួន ៦ ជាប់បឹងទន្លេសាបក្នុងនោះតុលាការបានសម្រេចឃុំខ្លួនជនល្មើសចំនួន ៣១ នាក់។
របាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងនៅថ្ងៃទី ២៧ ខែកុម្ភៈថា ចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ រហូតមកដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ សមត្ថកិច្ចពាក់ព័ន្ធបានធ្វើការបង្ក្រាបបានបទល្មើសនេសាទក្នុងខេត្តចំនួន ៦ ជាប់បឹងទន្លេសាប។
ឧបករណ៍នេសាទដែលបានរឹបអូសបានរួមមាន៖ អួនអូសទឹកសាបចំនួន ៥៣ វង់, ម៉ាញ់ ១៤ វង់, ឆក់ត្រជាក់និងក្តៅ ១ ៤៧៣ គ្រឿង, ឈិបយន្ត ២៣ គ្រឿង, អួនហ៊ុម ៣៣ វង់, របាំងស្បៃមុង និងសាច់អួន ១ ៦៥០,៦១៧ ម៉ែត្រ, លូ និងលប ១៥ ២២៩ មាត់, បង្គោលចម្រឹង ៧៦៨ ២១១ ដើម, ឈ្នក់រួមផ្សំភ្លើង ១១៩ វង់, កាណូត ១៧៦ គ្រឿង និងម៉ាស៊ីន ៨៤ គ្រឿង។
ក្រៅពីការរឹបអូសឧបករណ៍នេសាទហើយ ក្រសួងក៏បានបញ្ជូនសំណុំរឿងទាំងនោះ ទៅតុលាការបានចំនួន ៧១ ករណី ហើយតុលាការបានចេញដីកាកោះហៅមនុស្ស ២០ នាក់ ហើយនិងបានសម្រេចឃុំខ្លួន ៣១ នាក់ ក្នុងរយៈពេលជិត ២ ឆ្នាំនេះ។
ក្រសួងបញ្ជាក់ថា ការឃុំខ្លួនជនល្មើស និងការរឹបអូសឧបករណ៍ទាំងនោះ ត្រូវបានបង្ក្រាបនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាបរួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ។
សម្រាប់ខេត្តកំពង់ឆ្នាំង បង្ក្រាបបានឧបករណ៍នេសាទល្មើស ឆក់ត្រជាក់ និងក្តៅ ៥៩១ គ្រឿង របាំងស្បៃមុង និងសាច់អួនចំនួន ១៩៩ ៨០២ ម៉ែត្រលូ និងលប ៣ ៩៣៨ មាត់ បង្គោលចម្រឹង ១០៧ ៧៤៥ ដើម កាណូត ១១ គ្រឿង និងម៉ាស៊ីនកាណូត ៣ គ្រឿង។ ក្នុងបទល្មើសទាំងនោះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅតុលាការ ១១ ករណី ក្នុងនោះឃុំខ្លួនបណ្តោះអាសន្ន ៤ នាក់។
ចំណែក ខេត្តពោធិ៍សាត់បង្ក្រាបបានឧបករណ៍នេសាទល្មើស អួនអូសទឹកសាប ១២ វង់ឧបករណ៍ឆក់ត្រជាក់ និងក្តៅ ៣៥ គ្រឿងឈិបយន្ត ៤ គ្រឿងអួនហ៊ុម ៩ វង់ របាំងសាច់អួន និងរបាំងស្បៃមុង ៤០១ ៩៥១ ម៉ែត្រលូ និងលប ១ ៨៣៣ មាត់ បង្គោលចម្រឹង ៩៥ ៤២៤ ដើម ឈ្នក់រួមផ្សំភ្លើង ៧៧ វង់ កាណូត ៥៣ គ្រឿងម៉ាស៊ីន ១៩ គ្រឿង។ ក្នុងបទល្មើសទាំងនោះដែរ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅតុលាការ ២២ ករណីដោយបានឃុំខ្លួនបណ្តោះអាសន្ន ១៤ នាក់និងចេញដីកាកោះហៅ ៦ នាក់។
របាយការណ៍ដដែលបន្តថា ចំពោះខេត្តបាត់ដំបង បង្ក្រាបបានឧបករណ៍នេសាទល្មើសម៉ាញ់ ១ វង់ ឧបករណ៍ឆក់ក្តៅនិងត្រជាក់ ៦៨៦ គ្រឿង របាំងសាច់អួននិងស្បៃមុង ២៣៤ ២៥០ ម៉ែត្រលូ និងលបចំនួន ២៦២ មាត់បង្គោលចម្រឹង ៨៥ ៦១០ ដើមកាណូត ២ គ្រឿងម៉ាស៊ីន ២ គ្រឿង និងបានបញ្ជូនជនសង្ស័យទៅតុលាការចំនួន ៣ ករណី។
រីឯខេត្តសៀមរាប បង្ក្រាបបានឧបករណ៍នេសាទល្មើស អួនអូសទឹកសាប ២៧ វង់ ម៉ាញ់ ១២ វង់ ឆក់ត្រជាក់ និងក្តៅ ១០០ គ្រឿង ឈិបយន្ត ១៩ គ្រឿងអួនហ៊ុម ១៧ វង់ របាំងស្បៃមុង និងសាច់អួន ៣៦០ ៣៦៦ ម៉ែត្រលូ និងលប ៨៨៧ មាត់បង្គោលចម្រឹង ១៦៧ ០៥៣ ដើមឈ្នក់រួមផ្សំភ្លើង ៤៩ វង់កាណូត ៥៥ គ្រឿងម៉ាស៊ីន ២២ គ្រឿង។ ជនសង្ស័យ ២៦ ករណី ត្រូវបានបញ្ជូនទៅតុលាការ ក្នុងនោះឃុំខ្លួនបណ្តោះអាសន្ន ១១ នាក់ និងចេញដីកាកោះហៅ ១០ នាក់។
ចំណែកខេត្តកំពង់ធំ បង្ក្រាបបានឧបករណ៍នេសាទល្មើស អួនអូសទឹកសាប ១៤ វង់ ម៉ាញ់ ១ វង់ ឆក់ត្រជាក់ និងក្តៅ ៥៤ គ្រឿង អួនហ៊ុម ៧ វង់ របាំងស្បៃមុង និងសាច់អួន ៤៤៨ ៥៣៨ ម៉ែត្រលូ និងលប ៧ ៩២៤ មាត់ បង្គោលចម្រឹង ៣១០ ៩៣០ ដើម ឈ្នក់រួមផ្សំភ្លើង ២ វង់ កាណូត ៥៣ គ្រឿង ម៉ាស៊ីន ៣៧ គ្រឿង។ ក្នុងបទល្មើសទាំងនោះដែរ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅតុលាការ ១១ ករណី ក្នុងនោះឃុំខ្លួនបណ្តោះអាសន្នចំនួន ៣ នាក់ និងចេញដីកាកោះហៅ ២ នាក់។
ដោយឡែកខេត្តបន្ទាយមានជ័យវិញសមត្ថកិច្ចបង្ក្រាបបានឧបករណ៍នេសាទល្មើស ឆក់ក្តៅ ៧ គ្រឿង របាំងស្បៃមុងនិងសាច់អួន ៥ ៧១០ ម៉ែត្រលូ និងលប ៣៨៥ មាត់បង្គោលចម្រឹង ១ ៤៤៩ ដើមកាណូត ២ គ្រឿងនិងម៉ាស៊ីន ១ គ្រឿង។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្មដដែល ក្នុងរយៈពេលជិត ២ ឆ្នាំនេះ លេខាធិការដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន ១៥ លើក ពាក់ព័ន្ធនឹងបទល្មើសជលផល។ រាល់ការទទួលបានព័ត៌មានលេខាធិការដ្ឋានតែងតែធ្វើការបកស្រាយបំភ្លឺ និងយកព័ត៌មានទាំងនោះ ទៅឱ្យក្រុមប្រតិបត្តិការធ្វើការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថា ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនេសាទនៅក្នុងខេត្តបាត់ដំបង គឺអាជ្ញាធរតែងតែចុះបង្ក្រាបជាប្រចាំ និងធ្វើជាយូរមកហើយ ដោយមិនមែនទើបចុះបង្ក្រាបនាពេលថ្មីៗនេះឡើយ។
លោកថា ទោះបីជាអាជ្ញាធរបានចុះបង្ក្រាបជាប្រចាំក៏ដោយ ប៉ុន្តែនៅមានបទល្មើសនេសាទខ្លះ គឺបានធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ឆក់ និងឧបករណ៍នេសាទផ្សេងៗទៀត នៅពេលយប់ ខណៈកម្លាំងមន្ត្រីពាក់ព័ន្ធ ក៏មិនអាចបង្ក្រាបបានទាំងស្រុងផងដែរ។
លោកបញ្ជាក់ថា៖ «សព្វថ្ងៃនេះយើងបានកំពុងអនុវត្តវិធានការអប់រំផ្សព្វផ្សាយឱ្យបងប្អូនភ្ញាក់រឭកប្រគល់ឧបករណ៍មិនស្របតាមច្បាប់របស់ក្រសួងកសិកម្ម។ មួយវិញទៀតយើងក៏បានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើការដកហូតនៅតាមខ្នងផ្ទះ ជាពិសេសនៅពេលយើងរកឃើញហើយ ប៉ុន្តែនៅតែលាក់ទុក យើងនឹងអនុវត្តតាមផ្លូវច្បាប់»។
លោក ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា ជាមួយគ្នានេះ អាជ្ញាធរខេត្តបាត់ដំបង ក៏ធ្លាប់មានវិធានការជាមួយអាជីវករ ដែលជាអ្នកលក់របាំងស្បៃមុង និងគ្រឿងឧបករណ៍នេសាទទាំងអស់ ដែលលក់ឧបករណ៍នេសាទខុសពីគោលការណ៍ច្បាប់កំណត់ដោយក្រសួងកសិកម្មផងដែរដោយអាជីវករទាំងនោះនឹងត្រូវមានទោសដូចអ្នកប្រព្រឹត្តបទល្មើសនេសាទដែរ៕