ភ្នំពេញៈ ក្រសួងយុត្តិធម៌បានសម្រេចបង្កើតក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីពិនិត្យផ្តល់យោបល់ និងកែតម្រូវផ្នែកទាំងនេះទៅតាមសំណើរបស់ក្រសួង ស្ថាប័នសាមី។
ការបង្កើតក្រុមការងារនេះធ្វើឡើងតាមរយៈសេចក្ដីសម្រេចចុះហត្ថលេខាដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រុមការងារដែលបង្កើតនេះ មានសមាសភាពដឹកនាំដោយលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន និងមានអនុប្រធានចំនួន ៣ រូប សមាជិកចំនួន ១៨ រូប និងលេខាធិការចំនួន ៥ រូប។
នៅក្នុងសេចក្តីសម្រេចនេះ លោក កើត រិទ្ធ បានលើកឡើងថា ក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាមានតួនាទី និងភារកិច្ច ដឹកនាំកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័នសាមី ដើម្បីពិនិត្យផ្ដល់យោបល់ និងកែតម្រូវលើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ត្រូវរៀបចំសេចក្តីព្រាងលិខិតឆ្លើយតបទៅក្រសួង-ស្ថាប័នសាមី អំពីយោបល់របស់ក្រសួងយុត្តិធម៌លើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
លោកបានបញ្ជាក់ថា៖ «ក្រុមការងារនេះ មានតួនាទីពិនិត្យ ផ្តល់យោបល់ និងកែតម្រូវលើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា តាមការប្រគល់ភារកិច្ចពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សំដៅធានាសង្គតិភាព និងអនុលោមភាពនៃការរៀបចំខ្លឹមសារផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា»។
ទន្ទឹមនឹងនេះ ក្រុមការងារនេះក៏មានភារកិច្ច និងតួនាទី ត្រូវរៀបចំផែនការងារអាទិភាពឱ្យបានច្បាស់លាស់ដើម្បីពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ក្រៅពីនេះ ក៏មានតួនាទីស្រាវជ្រាវរៀបចំសេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការៀបចំតាក់តែងផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
ក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នឹងត្រូវប្រើប្រាស់ថវិការបស់នាយកដ្ឋានកិច្ចការច្បាប់ព្រហ្មទណ្ឌដើម្បីបំពេញការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
ទាក់ទងនឹងការបង្កើតក្រុមការងារនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ក្រុមការងារនេះ ជាផ្នែកមួយក្នុងការរួមចំណែកត្រួតពិនិត្យឱ្យបានច្បាស់លាស់ទៅលើការដាក់ទោសប្បញ្ញត្តិឱ្យសមស្របទៅនឹងបទល្មើសផ្សេងៗ ជាពិសេសវាក៏ជួយពន្លឿនក្នុងការពិនិត្យមើលទៅលើទោសប្បញ្ញត្តិនានាក្នុងសេចក្ដីព្រាងច្បាប់ផ្សេងៗដែលបានតាក់តែងឡើង។
លោកបានបញ្ជាក់ថា៖ «ដូច្នេះក្រុមការងារហ្នឹង គ្រាន់តែជាផ្នែកមួយជួយពន្លឿនសេចក្ដីព្រាងច្បាប់ទាក់ទងនឹងទោសប្បញ្ញត្តិទេ តែទោះបីជាយ៉ាងណា ច្បាប់មួយដែលអាចល្អទៅបានគឺមានការបញ្ចូលធាតុផ្សំច្រើន ក្រៅពីសេចក្ដីព្រាងច្បាប់ដែលព្រាងហើយ ក៏មានធាតុផ្សំពីគ្រប់ភាគីពាក់ព័ន្ធដើម្បីឱ្យច្បាប់ហ្នឹងមានភាពល្អប្រសើរ ក៏ដូចជាពេលអនុវត្តទៅវាមិនមានភាពចម្រូងចម្រាស»។
លោក អំ សំអាត បានបញ្ជាក់ថា ការពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ផ្សេងៗ គឺមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឱ្យដំណើរការដាក់ទោសដល់ជនល្មើស មានភាពសមាមាត្ររវាងទង្វើដែលបានធ្វើក៏ដូចជាហេតុការណ៍ដែលបានកើតឡើង និងទំហំនៃទោសជាដើម៕