ភ្នំពេញៈ ក្នុងកិច្ចសម្ភាសមួយជាមួយ ភ្នំពេញ ប៉ុស្តិ៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans បានពិភាក្សាអំពីសារៈសំខាន់នៃមហោស្រពភាពយន្តអឺរ៉ុប (EUFF) 2024 នៅកម្ពុជា។ លោកបានសង្កត់ធ្ងន់ពីតួនាទីនៃទំនាក់ទំនងការទូតវប្បធម៌ តាមរយៈមហោស្រពដើម្បីបង្ហាញពីភាពចម្រុះរបស់ភាពយន្តអឺរ៉ុប និងជំរុញការសន្ទនារវាងទស្សនិកជនអឺរ៉ុប និងកម្ពុជា។ ជាមួយនឹងមហោស្រពលើកទី១៥ ដែលមានភាពយន្ដមកពី ២៣ ប្រទេស លោកឯកអគ្គរដ្ឋទូតបានបង្ហាញក្តីសង្ឃឹមថា មហោស្រពនេះនឹងបម្រើជាវេទិកាសម្រាប់អ្នកផលិតភាពយន្តអឺរ៉ុបដើម្បីចូលរួមជាមួយទស្សនិកជនក្នុងស្រុកតាមរយៈខ្សែភាពយន្ត។
លោក Driesmans ក៏បានលើកពីប្រវត្តិរបស់ EUFF នៅកម្ពុជាផងដែរ ដោយបានកត់សម្គាល់ពីការចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៣ និងបញ្ហាប្រឈមដែលនាំដល់ការផ្អាកនៅឆ្នាំ ២០១៥។ ទោះបីជាមានឧបសគ្គ រួមទាំងជំងឺរាតត្បាតកូវីដ ១៩ ក្ដី ក៏មហោស្រពនេះត្រូវបានចាប់ផ្តើមឡើងវិញដោយជោគជ័យនៅឆ្នាំ ២០២២។
ការរៀបចំជាថ្មីជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌រវាងអឺរ៉ុប និងកម្ពុជា។ ដោយមានភាពយន្តចំនួន ២២ ដែលបង្ហាញដោយអក្សររត់ពីក្រោមជាភាសាអង់គ្លេស និងមួយចំនួនទៀតជាភាសាខ្មែរ ខ្សែភាពយន្ដទាំងនេះត្រូវបានដាក់បញ្ចាំងដោយឥតគិតថ្លៃនៅទូទាំងរាជធានីភ្នំពេញនិងនៅ EUFF ក្នុងគោលបំណងប្រែក្លាយទីក្រុងឱ្យទៅជាមជ្ឈមណ្ឌលវប្បធម៌ ដោយអបអរសាទរនូវថាមពលរបស់រោងកុនក្នុងការបង្រួបបង្រួមមនុស្សនៅគ្រប់មជ្ឈដ្ឋានផ្សេងៗគ្នា។ ជុំវិញសារៈសំខាន់នៃមហោស្រពភាពយន្តនេះ លោក Driesmans បានផ្ដល់កិច្ចសម្ភាសន៍តាមរយៈសំណួរមួយចំនួនដូចខាងក្រោម ៖
•តើភាពយន្តត្រូវបានជ្រើសរើសសម្រាប់មហោស្រពនេះដោយរបៀបណា ហើយតើប្រធានបទ ឬសារអ្វីខ្លះ ដែលលោកមានបំណងរំលេចតាមរយៈការជ្រើសរើសទាំងនេះ?
គណៈប្រតិភូសហភាពអឺរ៉ុបជុំវិញពិភពលោកទទួលបានបញ្ជីភាពយន្តមិនសម្រាប់ពាណិជ្ជកម្មក្នុងការជ្រើសរើស។ ក្រៅពីនោះ ប្រទេសជាសមាជិកសហភាពអឺរ៉ុបក៏ផ្តល់ភាពយន្តផងដែរ។ ការជ្រើសរើសត្រូវបានធ្វើឡើងនៅក្នុងស្រុករួមគ្នាជាមួយវិទ្យាស្ថានវប្បធម៌ទាំង ៣ ដែលរៀបចំមហោស្រពរួមគ្នាជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (វិទ្យាស្ថានបារាំង ផ្ទះមេតា និងមជ្ឈមណ្ឌលបុប្ផាណា) ដោយពិចារណាលើភាពយន្តដែលអាចទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនកម្ពុជា។ បន្ទាប់ពីដាក់ខ្សែភាពយន្តទាំងអស់នៅលើតុ បុគ្គលិកក្នុងស្រុកនៅស្ថាប័នដៃគូនីមួយៗ ត្រូវបានលើកទឹកចិត្តឱ្យបោះឆ្នោតសម្រាប់ភាពយន្តល្អបំផុត ១៥-២០ រឿងសម្រាប់មហោស្រព។
ខ្សែភាពយន្តចំនួន ២២ ដែលដាក់បង្ហាញនៅឆ្នាំនេះគឺមកពី ២៣ ប្រទេសនៅទូទាំងទ្វីបអឺរ៉ុប។ភាពយន្តទាំងនោះគ្របដណ្តប់គ្រប់ជ្រុងនៃទ្វីបអឺរ៉ុប ហើយភាពយន្តភាគច្រើនជាសហផលិតរវាងបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន។ យើងក៏បានព្យាយាមជ្រើសរើសភាពយន្តដែលពិភាក្សាអំពីបញ្ហាសង្គមនិងនយោបាយនាពេលបច្ចុប្បន្ន ហើយក្នុងពេលតែមួយមានភាពកម្សាន្ត និងរីករាយក្នុងការទស្សនា។ យើងនឹងមានទាំងរឿងភាគតែមានរឿងជាច្រើនបែបកំប្លែងសប្បាយៗរួមទាំងភាពយន្តសម្រាប់កុមារ។ មហោស្រពរបស់យើងមិនមានប្រធានបទជាក់លាក់ទេ ដោយសារខ្សែភាពយន្តដែលបានបង្ហាញមានភាពចម្រុះស្រាប់។
•តើមហោស្រពនេះមានគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងអឺរ៉ុប និងកម្ពុជាតាមរបៀបណាខ្លះ?
EUFF មានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងអឺរ៉ុបនិងកម្ពុជា តាមរយៈការបង្ហាញភាពយន្តអឺរ៉ុបជាច្រើនប្រភេទដល់ទស្សនិកជនកម្ពុជា។ ភាពយន្តអឺរ៉ុបកម្រនឹងផលិតសម្រាប់ចាក់បញ្ចាំងនៅរោងកុនកម្ពុជាដែលភាគច្រើនសម្បូរតែប្រភេទភាពយន្តអាមេរិក និងភាពយន្តជប៉ុន ថៃ និងកូរ៉េ។
ការដាក់បញ្ចាំងភាពយន្ដដែល EUFF នាំមកអនុញ្ញាតឱ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ពីទស្សនៈវប្បធម៌ ប្រពៃណី និងរចនាប័ទ្មនិទានរឿងផ្សេងៗគ្នាពីទូទាំងទ្វីបអឺរ៉ុប។ លើសពីនេះ មហោស្រពនេះនឹងជួយសម្រួលដល់ការពិភាក្សារវាងផលិតករភាពយន្ត ទស្សនិកជននៅអឺរ៉ុប និងកម្ពុជា តាមរយៈព្រឹត្តិការណ៍ពិសេសៗជាច្រើន ដែលនាំពួកគេចូលទៅក្នុងពិភពនៃផលិតកម្មភាពយន្តកាន់តែស៊ីជម្រៅ។
នៅក្នុង EUFF ឆ្នាំនេះ នឹងមានវគ្គ Q&A ជាមួយផលិតករភាពយន្តដែលបានជ្រើសរើសបន្ទាប់ពីការបញ្ចាំងភាពយន្តរបស់ពួកគេ រួមទាំង Arash T. Riahi ជាអ្នកឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនៅឯមហោស្រពភាពយន្តអន្តរជាតិ Chicago និង Trømso។ វគ្គបណ្ដុះបណ្ដាលតែមួយដងលើការសរសេរប្រកបដោយភាពច្នៃប្រឌិត និងយុទ្ធសាស្ត្រប្រើប្រាស់ថវិកាតិចតួចក៏នឹងប្រព្រឹត្តទៅផងដែរ ដោយមានភ្ញៀវពិសេសជាអ្នកសរសេរអត្ថបទជនជាតិឈីលី និងអ្នកជំនាញផ្នែកសោតទស្សន៍ Alejandro de la Fuente និង Valerio Caruso មកពី Cineuropa ជាអ្នកសម្របសម្រួល។
•តើលោកជឿថា ភាពយន្តអឺរ៉ុបអាចរួមចំណែកដល់ទិដ្ឋភាពវប្បធម៌ និងសិល្បៈនៅកម្ពុជាយ៉ាងដូចម្តេច?
ភាពយន្ដទាំងនោះអាចរួមចំណែកដោយការផ្តល់នូវទស្សនវិស័យចម្រុះ បច្ចេកទេសនិទានរឿង និងរចនាប័ទ្មសិល្បៈដែលអាចបំផុសគំនិតអ្នកផលិតភាពយន្ត និងទស្សនិកជនក្នុងស្រុក។ ភាពយន្ដអឺរ៉ុបទាំង ២២ រឿង អាចណែនាំទស្សនិកជនកម្ពុជាអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងបញ្ហាសង្គមផ្សេងៗ ដោយជំរុញការយល់ដឹងកាន់តែទូលំទូលាយអំពីពិភពលោកលើសពីព្រំដែនរបស់ពួកគេ។
លើសពីនេះ ភាពយន្តអឺរ៉ុប អាចដើរតួជាប្រភពនៃការបំផុសគំនិតសិល្បៈ ជះឥទ្ធិពលដល់ផលិតករភាពយន្តកម្ពុជានិងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្តក្នុងស្រុក។ ការផ្លាស់ប្តូរវប្បធម៌នេះ អាចបង្កើនទិដ្ឋភាពសិល្បៈរបស់ប្រទេសកម្ពុជា និងរួមចំណែកដល់កិច្ចសន្ទនាជាសកលស្តីពីវិស័យភាពយន្ត និងការនិទានរឿង។
•តើលោកអាចពន្យល់លម្អិតអំពីតួនាទីរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រវិស័យសិល្បៈ និងភាពយន្តទាំងនៅក្នុងរដ្ឋជាសមាជិករបស់ខ្លួន និងអន្តរជាតិបានទេ?
សហភាពអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសិល្បៈ និងភាពយន្ត។ នៅក្នុងរដ្ឋជាសមាជិករបស់ខ្លួន សហភាពអឺរ៉ុបផ្តល់មូលនិធិតាមរយៈកម្មវិធីនានា ដូចជា កម្មវិធី Creative Europe ដែលមានគោលបំណងលើកកម្ពស់វិស័យវប្បធម៌ និងច្នៃប្រឌិត។ នេះរួមបញ្ចូលទាំងការគាំទ្រសម្រាប់ការផលិតភាពយន្ត ការចែកចាយនិងការតាំងពិព័រណ៍ក៏ដូចជា គំនិតផ្តួចផ្តើមក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌របស់អឺរ៉ុប រួមទាំងភាពយន្តផងដែរ។
ជាអន្តរជាតិសហភាពអឺរ៉ុបគាំទ្រការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើម និងភាពជាដៃគូផ្សេងៗ រួមទាំងតាមរយៈការផ្តល់មូលនិធិសម្រាប់ EUFF ផងដែរ។ នៅក្នុងប្រទេសកម្ពុជា លើសពី EUFF ប្រចាំឆ្នាំ គណៈប្រតិភូសហភាពអឺរ៉ុបក៏បានគាំទ្រដល់មហោស្រព The Photo Phnom Penh និងមហោស្រពតន្ត្រីអន្តរជាតិថែមទៀត។
•តើមានគំនិតផ្តួចផ្តើមអ្វីខ្លះដែលត្រូវបានរៀបចំឡើងដើម្បីធានាថា ទស្សនិកជនដ៏ធំទូលាយនៅក្នុងប្រទេសកម្ពុជាអាចចូលមើល និងចូលរួមជាមួយខ្សែភាពយន្តដែលបានបង្ហាញនៅក្នុងមហោស្រព?
ជាបឋម ការបញ្ចាំងភាពយន្តទាំងអស់ គឺមិនគិតថ្លៃទេ។ ទី២-យើងបានរៀបចំការចាក់បញ្ចាំងនៅតាមទីតាំងផ្សេងៗនៅទូទាំងរាជធានីភ្នំពេញ រួមមាន វិទ្យាស្ថានបារាំង ផ្ទះមេតា និងមជ្ឈមណ្ឌលបុប្ផាណា។
នៅឆ្នាំនេះ យើងក៏បន្ថែមរោងភាពយន្ត Legend ផងដែរ។ យើងជ្រើសរើសរោងកុន Legend Cinema Noromall ដែលមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ ដើម្បីធ្វើជាកន្លែងចាក់បញ្ចាំងរបស់យើង។ ដើម្បីច្នៃប្រឌិតបន្ថែមទៀត និងផ្តល់ភាពងាយស្រួលជាងមុន នៅឆ្នាំនេះ យើងក៏សហការជាមួយ Coconut Park ដើម្បីរៀបចំរោងកុនបើកចំហនៅចុងសប្តាហ៍ទាំង ២ នៃមហោស្រពនេះ ដើម្បីទាក់ទាញមនុស្សកាន់តែច្រើន។ ទន្ទឹមនឹងនោះ កន្លែងនេះក៏នឹងរៀបចំ «ផ្សាររាត្រី» ដែលអ្នកទស្សនាអាចរីករាយនឹងអាហារ និងការកម្សាន្ត។
ជាងនេះទៅទៀត ភាពយន្តទាំងអស់មានអក្សររត់ពីក្រោមជាភាសាអង់គ្លេស ខណៈដែលភាពយន្តខ្លះមានអក្សររត់ពីក្រោមជាភាសាខ្មែរ ដើម្បីឱ្យពួកគេចូលទស្សនាបានកាន់តែទូលំទូលាយ។ ជាចុងក្រោយ យើងបានធ្វើការយ៉ាងទូលំទូលាយ ដើម្បីផ្សព្វផ្សាយមហោស្រពតាមរយៈបណ្តាញទាំងអស់ រួមទាំង Facebook ដៃគូ និងទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសសមាជិកនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
•តើលោកឯកអគ្គរដ្ឋទូត សង្ឃឹមថា មហោស្រពនេះនឹងមានឥទ្ធិពលយ៉ាងណាមកលើទស្សនិកជនកម្ពុជា?
ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជាដែលមកទស្សនាភាពយន្តទាំងនេះនឹងពេញចិត្តចំពោះភាពចម្រុះ និងភាពច្នៃប្រឌិតរបស់ភាពយន្តអឺរ៉ុប ហើយពួកគេនឹងចាប់អារម្មណ៍លើភាពយន្តអឺរ៉ុបកាន់តែច្រើន លើសពីអ្វីដែលការជ្រើសរើសរោងកុនធម្មតានៅក្នុងរាជធានីភ្នំពេញ។
•តើមានផែនការអ្វីខ្លះសម្រាប់ធានានិរន្តរភាពនៃមហោស្រពភាពយន្តអឺរ៉ុបនៅកម្ពុជាសម្រាប់ឆ្នាំអនាគត?
ជាការពិតណាស់ យើងនឹងរក្សាភាពជាដៃគូដ៏ល្អរបស់យើងជាមួយនឹងវិទ្យាស្ថានវប្បធម៌ទាំង ៣ ដែលជាទូទៅរៀបចំមហោស្រពនេះ ហើយសង្ឃឹមថា យើងក៏អាចរៀបចំថវិកាសម្រាប់វានៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។ យើងបង្កើតភាពច្នៃប្រឌិតជារៀងរាល់ឆ្នាំចំពោះយុទ្ធសាស្ត្រទីផ្សារ និងផ្សព្វផ្សាយរបស់យើង ដើម្បីទាក់ទាញទស្សនិកជនក្នុងស្រុកកាន់តែច្រើន។
•តើមហោស្រពមានគម្រោងវិវឌ្ឍក្នុងលក្ខខណ្ឌប្រើប្រាស់ប្រធានបទជាក់លាក់ ការផ្សព្វផ្សាយ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងវិស័យភាពយន្តយ៉ាងដូចម្តេច?
មហោស្រពភាពយន្តអឺរ៉ុប មានគោលបំណងវិវឌ្ឍដោយការស្វែងយល់ពីភាពចម្រុះនៃខ្សែភាពយន្តផ្ដោតលើទិដ្ឋភាពវប្បធម៌ សង្គម និងនយោបាយនៃទ្វីបអឺរ៉ុប។ នេះរួមបញ្ចូលទាំងការបង្ហាញភាពយន្តដែលនិយាយអំពីបញ្ហាសហសម័យ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតសិល្បៈ។ ជារៀងរាល់ឆ្នាំ មហោស្រពទទួលយកភាពជឿនលឿនផ្នែកបច្ចេកវិទ្យា នៅក្នុងវិស័យភាពយន្ត តាមរយៈការបណ្ដុះបណ្ដាលធ្វើឡើងដោយអ្នកផលិតភាពយន្តអឺរ៉ុបដែលមានទំនោរចង់បង្ហាញពីបច្ចេកទេស ជាពិសេស បច្ចេកវិទ្យាចុងក្រោយបំផុត។
•តើលោកអាចពិភាក្សាអំពីសារៈសំខាន់នៃព្រឹត្តិការណ៍វប្បធម៌ ដូចជា មហោស្រពភាពយន្តអឺរ៉ុបក្នុងការពង្រឹងទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជាបានទេ?
ព្រឹត្តិការណ៍វប្បធម៌ ដូចជា មហោស្រពភាពយន្តអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជា។ ព្រឹត្តិការណ៍ទាំងនេះផ្តល់នូវវេទិកាមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងការដឹងគុណរវាងភាគីទាំង ២។ មហោស្រពភាពយន្តនេះគឺជាផ្នែកដ៏សំខាន់នៃការទូតវប្បធម៌របស់យើងនៅកម្ពុជា។ លើសពីនេះ ព្រឹត្តិការណ៍បែបនេះអាចបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្រួលដល់ការសន្ទនា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមទាំងសិល្បៈ អប់រំ និងទេសចរណ៍៕