តាកែវៈ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបន្តធ្វើការផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងពីការអភិរក្សសត្វក្រៀលដែលជិតផុតពូជ និងជំរុញឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ដើម្បីលើកកម្ពស់បរិស្ថាន និងចូលរួមកិច្ចអភិរក្សសត្វស្លាប។
ការផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងកម្មវិធីទិវាសត្វក្រៀល និងអបអរសាទរទិវាតំបន់ដីសើមពិភពលោក ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ កម្មវិធីដែលរៀបចំឡើងដោយអង្គការជីវិតធម្មជាតិនៅកម្ពុជានេះមានការចូលរួមពីសាលាបឋមសិក្សាបន្ទាយធ្លាយ សាលាបឋមសិក្សាក្ដុលជ្រំ និងសាលាបឋមសិក្សាសង្គមមានជ័យ ដែលមានទីតាំងនៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
ក្រសួងបានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិរក្សសត្វស្លាបជាពិសេសសត្វក្រៀល ព្រមទាំងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់និងជំរុញការចូលរួមថែរក្សាការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
កម្មវិធីឆ្នាំនេះមានអ្នកចូលរួមប្រមាណ ៣០០ នាក់រួមមាន៖ នាយករងតំបន់ការពារបឹងព្រែកល្ពៅ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ហើយកម្មវិធីនេះក៏មានការលើកឡើងពីការគ្រប់គ្រងសំណល់ប្លាស្ទិកផងដែរ។
នៅក្នុងទិវានេះ អ្នកចូលរួមទាំងអស់ បានប្តេជ្ញាចិត្តចូលរួមអភិរក្សសត្វក្រៀល កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងចូលរួមប្រើប្រាស់តំបន់ដីសើមដោយឈ្លាសវៃឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា នៅថ្ងៃទី ២៦ ខែកុម្ភៈ បានឱ្យដឹងថា ការរៀបចំកម្មវិធីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺមានសារៈសំខាន់ណាស់ ព្រោះតំបន់នោះ គឺជាកន្លែងដែលមានធនធានជីវៈចម្រុះយ៉ាងសំខាន់ ពិសេសគឺប្រភេទសត្វស្លាបជាង ១០០ ប្រភេទ ដែលបានរកឃើញនៅតំបន់នោះ។
លោកបានថ្លែងថា៖ «សត្វស្លាបកម្រជិតផុតពូជ គឺសត្វក្រៀល ក៏កំពុងរស់នៅចិញ្ចឹមជីវិតនៅតំបន់នេះ ហើយការបង្កើតជាតំបន់ទេសភាពព្រែកល្ពៅនេះឡើង គឺធ្វើឡើងស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលមានទំហំ ៨ ៣០៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបុរីជលសា និងស្រុកកោះអណ្តែត ខេត្តតាកែវ ហើយការបង្កើតនេះ គឺរដ្ឋាភិបាលចង់ធានាការពារ និងអភិរក្សនិរន្តរភាពធនធានធម្មជាតិ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដើម្បីចូលរួមទប់ស្កាត់ និងការពាររាល់បទល្មើសនានា»។
ជាងនេះទៀត ចំពោះការប្តេជ្ញាចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកវិញ ក៏ជាការចូលរួមចំណែកដ៏សំខាន់ផងដែរ ព្រោះស្របតាមយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ដែលផ្តោតលើមុំ៣ សំខាន់គឺ៖ ស្អាត បៃតង និងចីរភាព។
ទន្ទឹមគ្នានេះ លោក ខ្វៃ អាទិត្យា ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសសហគមន៍នៅតំបន់ព្រែកល្ពៅ រួមគ្នាការពារ និងទប់ស្កាត់កុំឱ្យមានការបំពុល និងទប់ស្កាត់ការបោះចោលថង់ប្លាស្ទិកហូរចូលទៅព្រែក និងទឹកនៅតំបន់នោះ ដើម្បីការពារអាយុជីវិតសត្វស្លាប និងបរិស្ថាន។
បើតាមក្រសួងបរិស្ថាន តំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ គឺជាតំបន់រកចំណីរបស់សត្វក្រៀលក្នុងរដូវមិនបន្តពូជចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ។ ហេតុនេះ ការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សនិងទប់ស្កាត់បទល្មើសគឺជាកត្តាចំាបាច់ដើម្បីការពារសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅផុតពូជនេះ៕