ភ្នំពេញៈ​ម​ន្ត្រី​ជាន់​ខ្ពស់​កាក​បាទ​ក្រហម​កម្ពុជា បាន​អះអាង​ថា ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម​ខួប​លើក ​១៦១​ នៅ​ឆ្នាំនេះ​ គឺ​ធ្វើ​ឡើង​ក្រោម​គោល​បំណង​ធំៗ​ចំនួន​៣ ​ដែល​ពិធី​នេះនឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃទី​៨​ ខែឧសភា​២០២៤​ ខាង​មុខ​ក្រោម​ប្រធាន​បទ«​រួមគ្នា​ជា​មួយ​កាក​បាទ​ក្រហម​កម្ពុជា​ដើម្បី​សហ​គមន៍​មាន​សុខ​ភាព​ល្អ​និង​មាន​ភាព​ធន់​នឹង​អា​កាស​ធាតុ​»​។ 

​ការ​អះ​អាង​នេះ​ធើ្វ​ឡើង​តាម​រយៈ​បទ​សម្ភាសន៍រ​បស់​លោក​ស្រី ម៉ែន នារី​សោ​ភ័គ ​អគ្គ​លេខាធិ​ការ​រង​ទី​១ កាក​បាទ​ក្រហម​កម្ពុជា​​ជា​មួយ​អ្នក​សារព័​ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ការរៀប​ចំ​ខួប​លើក​ទី​១៦១​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ ៨​ ឧសភា ​ឆ្នាំ​២០២៤ នៅ​ស្នាក់​ការ​កាក​បាទ​ក្រហម​កម្ពុជា​កាល​ថ្ងៃទី​២៧ ​ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​លោក​ស្រី ម៉ែន ​នារី​សោ​ភ័គ ​​បាន​ឱ្យ​ដឹង​ថា ​ប្រធាន​បទ«​រួម​គ្នា​ជា​មួយ​កាក​បាទ​ក្រហម​កម្ពុជា​ដើម្បី​សហ​គមន៍​មាន​សុខ​ភាព​ល្អ​និង​មាន​ភាព​ធន់​នឹង​អា​កាស​ធាតុ​»​សម្រាប់​ទិវា​នេះ​គឺជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​ប្រជា​ជាតិ​កំពុង​ជួប​ប្រទះ​។​

​លោក​ស្រីបាន​មាន​ប្រសាសន៍​ថា​៖«​ទិវា​នេះគឺ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ធំៗ​ចំនួន​៣គឺ​១-ដើម្បី​រំឭក​ដល់​ខួប​នៃ​ការ​បង្កើត​ចលនា​អន្តរ​ជាតិ​កាក​បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​,​ទី​២-ជា​ឱកាស​ផ្សព្វ​ផ្សាយ​បង្ហាញ​ពី​សមិទ្ធផល​វឌ្ឍន​ភាព បេសក​កម្ម​មនុស្ស​ធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា​ក្នុង​រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​ដែល​យើង​បាន​ប្រើ​ប្រាស់​ថវិកា​របស់​សប្បុ​រស​ជនជូន​សា​ធារណ​ជន​ជាតិ និ​ង​អន្តរ​ជាតិ​បាន​ដឹង​»​។​

​លោក​ស្រី​ បានបន្ថែម​ថា ចំណែក​ទី​៣-បន្ត​ការ​អំពាវ​នាវដើម្បី​ឱ្យ​សប្បុ​រស​ជន​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ស្មារ​តី ​សម្ភារ ​និង​ថវិកា​ជូន​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ដើម្បី​បន្ត​បេស​កកម្ម​មនុស្ស​ធម៌​ឆ្លើយ​តប​នឹង​ភាព​ងាយ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​។​

​លោក​ស្រី ​ម៉ែន នារី​សោ​ភ័គ បាន​បញ្ជាក់​ទៀត​ថា ​តាម​រយៈ​គោល​បំណង​នៃ​ទិវា​ដែល​បាន​ដាក់​ចេញ​នេះ​ កាក​បាទក្រហម​កម្ពុជា​នឹង​យក​ឱកាស​នោះ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​សហ​គមន៍​ឱ្យ​កាន់​តែ​ទូលាយ​ពី​ការ​លើក​កម្ពស់​អនា​ម័យ អាហា​រូ​បត្ថម្ភ​ការ​លើក​ទឹក​ចិត្ត​ពី​ការធ្វើ​លំ​ហាត់​ប្រាណ​កា​រថែទាំ​សុខ​ភាព​បឋម​និង​លើក​កម្ពស់​ការ​ចូល​រួម​របស់​សហគមន៍​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជា​ដើម​។​

​ជា​មួយ​គ្នា​នោះ​​ លោក​ស្រី អ៊ុក ម៉ាលី អគ្គ​ហេរ​ញ្ញិក​កាក​បាទ​ក្រហម​កម្ពុជា ក៏បាន​លើក​ឡើង​ដែរ​ថា ​អង្គ​ប្រជុំ​បានពិនិត្យ ​ពិភាក្សា​និង​អនុម័​ត​លើ​ឯក​សារ​មួយ​ចំនួន​ដូច​ជា​ ឯក​សារ​ទស្សន​ទាន​,សេចក្តី​ប្រកាស​ព័ត៌​មាន​,ខ្លឹម​សារ​បដា​និង​ពាក្យ​ស្លោក ​និង​ការ​ងារ​ផ្សេងៗដើម្បី​ឈាន​ទៅ​ដំណើរ​ការ​រៀប​ចំ​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​ អឌ្ឍ​ចន្ទ​ក្រហម​នា​ឆ្នាំ​នេះ​។​

​លោក​ស្រី​បាន​ឱ្យ​ដឹង​ថា​៖«​ទិស​ដៅ​សំខាន់​នៃ​ប្រធាន​បទ​សម្រាប់​រៀបចំ​ទិវា​នៅ​ឆ្នាំ​នេះក៏​ជា​ការ​ចូលរួម​កសាង​សហគមន៍​នានាឱ្យ​ទៅ​ជា​សហ​គមន៍ដែល​មាន​សមត្ថ​ភាព​ទ្រាំទ្រ​បានឬ​ធន់​ទ្រាំ​បាននិង​បន្សាំ​បានទៅ​នឹង​បញ្ហា​ប្រឈម​នានា​ដែល​ជា​រួម​មាន ​សុខ​ភាព​ផ្លូវ​កាយ​-​ផ្លូវ​ចិត្ត​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃដែល​បង្ក​ដោយ​ផល​ប៉ះពាល់​ពី​សង្គ្រាម​, វិបត្តិ​សេដ្ឋ​កិច្ច​សក​ល​លោកនិង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ផង​ដែរ​»​។​

​តាមរ​យៈ​​សកម្ម​ភាព​អនុវត្ត​ខ្លឹម​សារ​ប្រធាន​បទ​នេះ កាក​បាទ​ក្រហម​កម្ពុជារំពឹង​ថា​នឹង​សម្រេច​បាន​សហគមន៍​មួយ​ដែល​មាន​វឌ្ឍន​ភាព​ជា​និរន្តរ៍​,ពលរដ្ឋ​ម្នាក់ៗ​រស់​នៅ​ទីនោះមាន​សុខ​ភាពល្អ​ទាំង​ផ្លូវ​កាយ ផ្លូ​វចិត្ត និង​មាន​សមត្ថ​ភាព​ដឹក​នាំ​គ្រប់​គ្រងក្នុង​ការ​បង្ការ​ ការ​ឆ្លើយ​តប និង​ស្តា​រឡើង​វិញ ក្រោយ​មាន​ស្ថាន​ភាព​មិន​អំណោយផល​ផ្សេងៗបង្ក​ដោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុនិង​ជំងឺ​ឆ្លង​កាច​សា​ហាវ​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេងទៀត​។​

​ជាង​នេះ​ទៀត​ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​កាក​បាទ​ក្រហម​កម្ពុជា បាន​ឱ្យដឹង​​ដែរ​ថា​ ក្នុង​ការ​កាត់ប​ន្ថយ​ភាព​ក្រីក្រ ​ការ​លើក​កម្ពស់​វិស័យសុខ​ភាព​សា​ធារ​ណៈនិ​ង​ការ​ពង្រឹង​ភាព​ធន់​របស់​សហ​គម​ន៍​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កាក​បាទ​ក្រហម​កម្ពុជា​ត្រូវកា​រ​ចាំបាច់​នូវ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរ​សជន​គ្រប់​មជ្ឈ​ដ្ឋានដើម្បី​ធានា​បន្ត​និរន្តរ​ភាព​ការ​ងារ​របស់​ខ្លួន​។​

​កាក​បា​ទក្រ​ហម​កម្ពុជា ក៏បាន​អំពាវ​នាវ​ដល់​សា​ធារ​ណ​ជន​ទាំង​អស់ ​សូម​បន្ត​ចូលរួម​បរិច្ចាគ​ថវិកា ​សម្ភារ​ជូន​កាក​បាទ​ក្រហម​កម្ពុជា​ដើម្បី​ឱ្យ​សមា​គម​ជាតិ​មាន​ធន​ធាន​ និង​លទ្ធ​ភាព​គ្រប់​គ្រាន់ក្នុង​ការ​បន្ត​ផ្តល់​សេវា​កម្ម​មនុស្ស​ធម៌​ជួយ​ដល់​ជន​រង​គ្រោះ ​និង​ជន​ងាយ​រងគ្រោះ​បំផុត​ ប្រកប​ដោយ​បរិ​យា​បន្ន​៕