​ភ្នំពេញៈ​ លោក​ឧបនា​យក​រដ្ឋ​មន្ត្រី ទៀ ​សីហា ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារជាតិ​ បាន​លើក​ឡើងថា ​កង​យោធពល​ខេម​រភូមិន្ទ​កម្ពុ​ជា​ នឹង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​បណ្តា​កង​ទ័ព​នានា​ទាំង​អស់​នៅលើ​ពិភព​លោក​ក្នុង​បំណង​លើក​កម្ពស់​សមត្ថ​ភាព​កង​ទ័ព ធ្វើ​ទំនើប​កម្ម​កង​ទ័ព​ខ្លួន​ ដើម្បី​ការ​ពារ​សន្តិ​សុខ ​សន្តិ​ភាព និង​អធិប​តេយ្យ​ជាតិ​។​

​លោក​បាន​បន្ត​ថា​ កម្ពុជា​គ្មាន​បំណង​រំលោភ​បំពាន​ប្រទេស​ជិត​ខាង​ឬ​ជ្រៀត​ជ្រែក​ប្រទេស​នានា​ឡើយ​ តែ​ដើម្បី​បុព្វ​ហេតុ​សន្តិ​ភាព​ពិភព​លោក​ តួយ៉ាង​ការ​ចូល​រួម​បេសក​កម្ម​រក្សា​សន្តិភា​ព​ក្រោម​ឆត្រ​អង្គ​ការ​ស​ហប្រជា​ជាតិ​ជា​ដើម​។

​ការ​បញ្ជាក់​របស់​ប្រមុខ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បែប​នេះធ្វើ​ឡើង​ក្នុង​ពិធី​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍កង​អនុ​សេនា​ធំ​វិស្វ​កម្ម​ពហុ​ជំនាញនិង​កង​កម្ទេច​គ្រឿង​ផ្ទុះ​ ដែល​បាន​បញ្ចប់​បេសក​កម្ម​រក្សា​សន្តិ​ភាព ​នៅ​ឯប្រទេស​សា​ធា​រណរដ្ឋ​លី​បង់ ​និង​សា​ធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល ​នៅ​ទីស្តី​ការ​ក្រសួង​ការ​ពារជាតិ ​នា​ថ្ងៃទី​ ២៧ ​ខែកុម្ភៈ​ ឆ្នាំ​ ២០២៤​។ 

​ពិធី​នេះក៏​មាន​ការ​ចូលរួម​ជា​អធិ​បតី​ផង​ដែរ​ពី​សំណាក់​លោក​​ ចូ​សិប ​ស៊ូ​អើរ អ្នក​សម្រប​សម្រួល​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​។ នេះ​បើ​យោង​តាម​គេហ​ទំព័រ​ក្រសួង​ការ​ពារ​ជាតិ​នៅ​ថ្ងៃទី ​២៨ ​ខែកុម្ភៈ​។​

​លោក​ ទៀ ​សីហា បាន​បញ្ជាក់​ថា៖ «​កង​ទ័ព​កម្ពុជា​នឹង​សហ​ការ​ជា​មួយ​រាល់​បណ្តា​កង​ទ័ព​គ្រប់​ប្រទេស​ទាំង​អស់​ ដើម្បី​បង្កើន​សមត្ថ​ភាព​កង​ទ័ព​ខ្លួន​ក្នុង​បុព្វ​ហេតុ​សន្តិ​ភាព និង​ការពារ​អធិ​បតេយ្យ​ភាព​ជាតិ​ដែល​គ្មាន​បំណង​បំពាន​ឬ​ជ្រៀត​ជ្រែក​ប្រទេស​ដទៃ​ឡើយ​»​។​

​លោក​បាន​បន្ត​ថា​៖ «​រាជរ​ដ្ឋាភិបា​ល​កម្ពុជា​អាណត្តិ​ទី​៧​នៃ​រដ្ឋ​សភាក្រោ​ម​ការ​ដឹក​នាំ​របស់​សម្តេច​បវរ​ធិបតី បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោ​បាយ​ជា​អាទិ​ភាព​ក្នុង​ការ​បន្ត​បំពេញ​បេសក​កម្ម​រក្សា​សន្តិ​ភាព​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អង្គការសហ​ប្រជា​ជាតិ​ដើម្បី​រួម​ចំណែក​ជា​មួយ​សហគម​ន៍​អន្តរ​ជាតិស្វែ​ងរក​សន្តិភា​ព​ជូន​ប្រទេស​ដទៃនៅលើ​​ពិភព​លោក និង​ប្រជា​ជន​ដែល​កំពុង​ទទួល​រង​គ្រោះ និ​ង​ទុ​ក្ខលំបាក​ដោយ​សារ​សង្គ្រាម​»​។​

​លើស​ពីនេះ​លោក​បាន​បន្ថែម​ថា​ កង​កម្លាំង​នេះ​បាន​ដឹកនាំ​បញ្ជា​ដោយ​នាយ​ទាហាន​ជា​ស្ត្រីដែល​បង្ហាញ​ញ​ពី​គុណ​តម្លៃ​ស្ត្រី​ក្នុង​យុគ​សម័យ​​ថ្មីដែល​បាន​ចូល​រួម​រក្សា​សន្តិ​ភាព​និង​ជា​ស្ពាន​សម្រេច​គោល​ដៅ​រដ្ឋាភិ​បាល​ក្នុង​ការ​បង្កើន​កិច្ច​ការ​របស់​ស្ត្រី​នៅ​គ្រប់​តំបន់​បេស​ក​កម្ម​អង្គ​ការ​សហ​ប្រជា​ជាតិ​ផង​ដែរ​។​

​លោក​ សែម សុ​វណ្ណនី ​អនុប្រ​ធាន​ទី​១ គណៈ​កម្មាធិ​ការ​ជាតិនិ​ង​ជា​អគ្គ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព​បាន​លើក​ឡើង​ថា ​រយៈ​ពេល១៨​ឆ្នាំ​មក​នេះ​ក្នុង​កិច្ច​ការ​រក្សា​សន្តិ​ភាព​មួក​ខៀវ​ក្រោម​ឆត្រ​អង្គ​កា​រស​ហប្រជា​ជាតិ កម្ពុជា​បាន​បញ្ជូន​កង​កម្លាំងសរុប​ចំនួន ​៩ ៥៦៣​ នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៨១៦​ នាក់ ​ក្នុង​គោល​ដៅ​ ១០ ​ប្រទេស ​រួម​មាន​ សា​ធារណ​រដ្ឋ​ស៊ូ​ដង់​ ស៊ូដង់​ខាង​ត្បូង​ ឆាដ លី​បង់ ​ស៊ីប ​ស៊ី​រី អាហ្វ្រិក​កណ្តាល ម៉ាលី ​យេម៉ែន និង​សា​ធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ​។ 

​លោក​បាន​បន្ត​ថា ​បច្ចុប្បន្ន​​កង​កម្លាំង​កម្ពុជា​ចំនួន​ ៦៤០ ​នាក់ (​ស្ត្រី ១២៤​ នាក់​) កំពុង​បំពេញ​បេសក​កម្ម​នៅ​គោល​ដៅ​ប្រទេស​ចំនួន​ ៥​ រួម​មាន​ ស៊ូ​ដង់​ខាង​ត្បូង លី​បង់ ​ម៉ាលី អា​ហ្វ្រិក​កណ្តាល​និង​សា​ធា​រណរដ្ឋ​ប្រជា​ធិប​តេ​យ្យ​កុង​ហ្គោ​។ 

​ជា​មួយ​គ្នានេះ លោក ​ចូ​សិប ស៊ូ​អើរ ​អ្នក​សម្រប​សម្រួល​អង្គ​ការ​សហ​ប្រជា​ជាតិប្រចាំ​កម្ពុជាក៏បាន​កោត​សរសើរ​ចំពោះ​ការ​លះប​ង់​របស់​កង​ទ័ព​មួក​ខៀវ​កម្ពុជា ​ជាពិ​សេស​កងអ​នុ​សេនាធំ​វិស្វកម្ម​ពហុ​ជំនាញ​ និង​កង​កម្ទេច​គ្រឿងផ្ទុះ​ដែល​បាន​បញ្ចប់​បេសក​កម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ទាំង​នេះ ​បង្ហាញ​ពី​ការ​តាំង​ចិត្ត​និង​ការ​ប្តេជ្ញា​យ៉ាង​មុត​មាំ​របស់​កម្ពុជា​ចំពោះ​ការ​ប្រកាន់​ខ្ជាប់​នូវ​ស្មារ​តី​នៃ​រដ្ឋ​ធម្មនុញ្ញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​និង​ការ​ចូលរួម​នៅក្នុង​សមា​គម​នៃ​បណ្តា​ជាតិ​សាសន៍​រួមគ្នា ​ដើម្បី​សន្តិ​ភាព​និង​អនា​គត​ដ៏​ប្រសើរ​ទាំង​អស់​គ្នា​»​។​

​លោក​សង្ឃឹម​ថា ​តាម​រយៈ​បទ​ពិសោធន៍​នេះ​កង​ទ័ព​នៃ​កង​យោធពល​ខេម​រភូមិន្ទ​នឹង​យក​ទស្សនៈ​ការ​យល់​ដឹង​ថ្មីៗ​ ចែក​ជូន​ដល់​យុទ្ធ​មិត្ត​ខ្លួន​ដើម្បី​បុព្វ​ហេតុ​សន្តិ​ភាព​។​

​លោក​ យង់ ពៅ អគ្គ​លេខាធិ​ការ​នៃ​រាជ​បណ្ឌិត្យស​ភា​កម្ពុជា​បាន​សាទរ​ចំពោះ​ការ​លើ​កឡើង​​របស់​រដ្ឋ​មន្ត្រី​ការ​ពា​រជាតិ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ក​ម្ពុ​ជាមាត្រា ​៥៣ ដែ​ល​មិន​ប្រកាន់​ថា​ កម្ពុជា​ត្រូវសហ​ការ​ជាមួ​យ​​ប្រទេស​ណាមួយ​​ឡើយពោ​ល គឺ​កម្ពុជា​អាច​សហការ​​ជាមួយ​រាល់​ប្រទេស​ទាំងអ​ស់នៅ​ចំពោះ​មុខ​ភាព​ចាំបា​ច់​ក្នុងការ​ពង្រឹង​សមត្ថ​ភាព​កងទ័ព​និង​ធ្វើ​ទំនើប​កម្ម​យោ​ធា​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​វិស័យ​ការ​ពារ​ជាតិ​ដើរ​តួនាទី​សំខាន់​ដែល​មិន​ត្រឹម​ការពារ​ដែន​បូរណ​ភាព​ទឹកដី​ខ្លួន​នោះ​ទេ ​គឺ​អាច​ចូល​រួម​រក្សា​សន្តិ​ភាព​ជា​សកល​ដែល​សព្វ​ថ្ងៃប្រទេស​មួយ​ចំនួន​កំពុង​ជួប​វិបត្តិ​សង្គ្រាម​ ហើយ​កម្ពុជា​កាលពី​អំឡុង​រងគ្រោះ​បញ្ហា​សង្គ្រាម​ក៏​ធ្លាប់​ទទួល​ជំនួយ​ទ័ព​មួក​ខៀវ​ក្រប​ខ័ណ្ឌ​អង្គ​ការសហ​ប្រជា​ជាតិ​ផង​ដែរ​។ កម្ពុជា​ធ្លាប់​ទទួលការ​ជ្រោ​មជ្រែង​នេះ ហើយ​ពេល​នេះ​កម្ពុជា​ដល់​ពេល​ត្រូវ​ចូល​រួម​បេសកក​ម្ម​នេះ​ម្តង​ក្នុង​នាម​ជា​ប្រទេស​មាន​សន្តិ​ភាព​មួយ​»​។​

​លោក​បាន​បញ្ជាក់​ដែរ​​ថា​ កម្ពុជា​​ត្រូវតែ​ទទួល​ស្គាល់​នូវ​កម្រិត​សមត្ថ​ភាព​យោធានិ​ង​ផ្នែក​ការ​ពា​រជាតិ​របស់ខ្លួនដែល​នៅមាន​ភាព​ទន់​ខ្សោយ​ជាង​ប្រទេស​ជិត​ខាង​និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​កម្ពុជា​ត្រូវ​តែ​ពង្រឹង​សមត្ថ​ភាព​ធន​ធាន​មនុស្ស​ក្នុង​កង​កម្លាំង​ខ្លួន​ ផ្នែក​សម្ភារ​យុទ្ធ​ភណ្ឌ និង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​យោធា​ជាដើម​៕