ភ្នំពេញៈ ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពនេសាទនៅតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បញ្ជាក់ថា លបរបាំងសាច់អួន ដែលបានដាក់ក្នុងតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនោះ គឺជាឧបករណ៍នេសាទស្របច្បាប់។  

លោកបានឱ្យដឹងថា ដើមឡើយឧបករណ៍នេសាទនេះ ត្រូវបានអ្នកនេសាទធ្វើមកពីឬស្សី ដាក់ជាខែលបន្តបន្ទាប់គ្នា ដែលឧបករណ៍នេសាទនេះមានចំនួន២គឺទសម្រាស់ និងទបញ្ឆោត និងមានលបនៅពីក្រោយ ប៉ុន្តែបច្ចុប្បន្ន ដោយសារវិទ្យាសាស្ត្រកាន់តែទំនើប អ្នកនេសាទបានប្តូរពីការធ្វើដោយឬស្សី ទៅជាយកសាច់អួនធ្វើជារបាំងវិញ។ 

លោកបញ្ជាក់ថា ដើមឡើយតំបន់នោះជាឡូតិ៍នេសាទ ប៉ុន្តែក្រោយមករដ្ឋាភិបាលបានរំសាយឡូតិ៍នេសាទ ដោយកាត់ឱ្យសហគមន៍នេសាទ ដើម្បីប្រជាពលរដ្ឋអាស្រ័យផលបានទាំងអស់គ្នា។ ហេតុនេះ ការដាក់ឧប​ករណ៍​នេសាទ មើលទៅស្អេកស្កះនេះ គឺប្រជានេសាទដាក់ជាលក្ខណៈគ្រួសារ ដែលធ្លាប់តែមានការនេសាទបែបនេះរាប់សិបឆ្នាំមកហើយ។ 

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ថ្វីបើឧបករណ៍នេះមិនខុសច្បាប់ ប៉ុន្តែ បើសិនជាប្រជានេសាទដាក់ក្រឡាញឹក និងប្រវែងមិនត្រឹមត្រូវ ដាក់រាំងមុខទឹក នឹងក្លាយជាឧបករណ៍ខុសច្បាប់ ដែលប្រឈមមុខនឹងផ្លូវច្បាប់។ 

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ការដាក់ឧបករណ៍នេសាទនេះ មិនមានដាក់តែនៅតំបន់ក្រឡុកបាយក្អែក នៃតំបន់ផាត់សណ្តាយ ខេត្តកំពង់ធំនោះទេ ឧបករណ៍នេសាទនេះ ក៏មានដាក់នៅតំប់ផ្សេងៗទៀត ផងដែរ ដែលសរុប នៅទូទាំងប្រទេសមានឧបករណ៍នេះ មានចំនួនប្រមាណ ៣ ៥០០៕