ភ្នំពេញៈ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំភ្លឺចំពោះករណីដាក់ឧបករណ៍នេសាទក្នុងភូមិសាស្ត្រ «កន្លុកបាយក្អែក» ក្នុងខេត្តកំពង់ធំ ថា មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ ហើយការធ្វើនេសាទនេះ វាជាប្រពៃណីរបស់ប្រជាពលរដ្ឋ នៅពេលទឹកស្រក ត្រូវប្រើរបាំងលបដាក់កៀកៗគ្នា។
ការបំភ្លឺបែបនេះធ្វើឡើងតាមរយៈសេចក្ដីប្រកាសរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែកុម្ភៈ បន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនបានផ្សាយពីការដាក់របាំងសាច់អួននិងលបនៅក្នុងបឹងទន្លេសាបធ្វើឱ្យប៉ះពាល់ដល់ត្រីក្នុងបឹងដ៏ធំនេះ។
រដ្ឋបាលជលផលអះអាងថា ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូច នៃបឹងទន្លេសាបតែប៉ុណ្ណោះ ដែលមានឈ្មោះថា «កន្ទុកបាយក្អែក» នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។
ដោយឡែក ចំពោះឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះ រដ្ឋបាលជលផលថា វាគឺជាឧបករណ៍នេសាទស្របច្បាប់ដែលកែទំហំក្រឡា និងប្រវែងរបាំងសាច់អួនស្របតាមច្បាប់ស្តីពីផលផល។
ប្រភពដដែលបញ្ជាក់ថា ៖ «រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែធ្វើការត្រួតពិនិត្យទំហំក្រឡានៃរបាំងសាច់អួននិងកាត់តម្រឹមប្រវែងដែលវែងខុសច្បាប់ជាប្រចាំផងដែរ។ ទោះបីជាពេលខ្លះការថតអាចឃើញបង្គោលដែលនៅសល់ ប៉ុន្តែរបាំងសាច់អួនផ្នែកខាងក្រោមត្រូវបានកាត់ផ្តាច់យកចេញរួចហើយ»។
រដ្ឋបាលជលផលបានបញ្ជាក់ទៀតថា៖ «ដោយសារទីតាំងហ្នឹងមានប្រជាពលរដ្ឋរស់នៅច្រើន ដូច្នេះនៅក្នុងរដូវវស្សា ការនេសាទដោយប្រើឧបករណ៍របាំងលបនៅទីនោះ មានភាពធំទូលាយនិងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណី នៅពេលទឹកស្រក កន្លែងនោះរួមតូចនាំឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចរកត្រីបានគ្រប់គ្នា ដែលជាប្រភពអាហារនិងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ»។
ទោះជាយ៉ាងណា មន្ត្រីជលផល តែងតែចុះត្រួតពិនិត្យជារឿយៗ ទាក់ទងនឹងទំហំក្រឡា និងប្រវែងរបាំងសាច់អួន ដែលប្រើប្រាស់សម្រាប់ធ្វើនេសាទក្នុងទំបន់ទាំងនោះ។
បន្ថែមពីនេះ មន្ត្រីជលផល ក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍នេសាទ ដោយធ្វើការថ្លឹងថ្លែងពីទិដ្ឋភាពច្បាប់និងរក្សាភាពបត់បែនដើម្បីប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់នោះ អាចមានលទ្ធភាពអាស្រ័យផល និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។
លោក សុក ហៃ អភិបាលរង និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកំពង់ធំ បានបដិសេធយតបនឹងសំណួរទាក់ទងនឹងការធ្វើនេសាទនៅក្នុងភូមិសាស្ត្រ «កន្លុកបាយក្អែក»នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ក្នុងរយៈពេលជិត ២ឆ្នាំចុងក្រោយនេះ ក្រសួងបានទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងខេត្តចំនួន៦ ដោយបានបង្ក្រាបការប្រើឧបករណ៍របាំងសាច់អួន និងស្បៃមុងប្រវែង ១ ៦៥០ ៦១៧ម៉ែត្រ លបនិងលូចំនួន ១៥២២៩ គ្រឿង ឧបករណ៍ឆក់ក្តៅ និងឆក់ត្រជាក់ចំនួន ១៤៧៣ គ្រឿង អួនអូសទឹកសាប ៥៣ វង់ អួនហ៊ុម ៣៣វង់ ម៉ាញ់ ១៤ វង់ ឈ្លក់រួមផ្សំភ្លើងចំនួន ១២៧ គ្រឿង និងឈិបយន្ត ២៣គ្រឿង រួមនឹងជនល្មើសជាច្រើននាក់ផងដែរ៕