ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធ ត្រូវប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវនៅលើបណ្តាញសង្គម និងសាធារណៈ។
សេចក្តីណែនាំរបស់លោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានឱ្យដឹងថា សិស្សានុសិស្ស និងយុវជនទាំងអស់ត្រូវយកចិត្តទុកដាក់ និងខិតខំរៀនភាសាខ្មែរ ទាំងលើការអាន និងការសរសេរ ឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ។
លោកបញ្ជាក់ថា៖ «ការណែនាំនេះ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់ និងថែរក្សាអក្សរ និងភាសាជាតិឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត»។
លោករដ្ឋមន្រ្តីក្រសួងអប់រំក៏បានជំរុញឱ្យសិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ ទាំងការសរសេរ ឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ ក្នុងគ្រប់ស្ថានភាព ទោះក្នុងបណ្តាញទំនាក់ទំនងសង្គមឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយឬការចែករំលែកព័ត៌មាន និងការកម្សាន្តណាមួយក្តី។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានតម្រូវឱ្យគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវត្រួតពិនិត្យ និងកែលម្អគ្រប់សំណេរទាំងឡាយ ដែលប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយជាសាធារណៈ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សារបស់ខ្លួន ជាពិសេសអក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរ។
បន្ថែមពីនេះ លោកក៏បានជំរុញឱ្យគ្រូបង្រៀនគ្រប់ភូមិសិក្សា គ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ត្រូវជំរុញ និងលើកទឹកចិត្ត សិស្ស និងនិស្សិតឱ្យយកចិត្តទុកដាក់លើការអាន និងការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ និងផុលផុស។ រីឯគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវជំរុញឱ្យមានការប្រឡងប្រជែង អាន និងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងការសរសេរភាសាខ្មែរ។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវជួយជំរុញបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តកូនចៅ ក្នុងការអាន ការសរសេរ និងការស្រាវជ្រាវ ដោយប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ។ មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនចៅ និងសិស្សានុសិស្សឱ្យប្រកាន់ទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងការប្រើអក្សរនៃភាសាដទៃជំនួសតួអក្សរខ្មែរ»។
ជាមួយគ្នានេះ ក្រសួងអប់រំ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មហាជន និងអ្នកពាក់ព័ន្ធទាំងអស់ ជួយណែនាំ ត្រួតពិនិត្យ និងកែសម្រួលលើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដែលបានប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយគ្រប់ទម្រង់នៅតាមទីសាធារណៈ ឬតាមបណ្តាញទំនាក់ទំនងសង្គមនានា។
លោកស្រីឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានថ្លែងនៅថ្ងៃទី២៨ ខែកុម្ភៈថា សេចក្តីណែនាំរបស់ក្រសួងនេះ ក្នុងគោលបំណងជំរុញធ្វើឱ្យការប្រើប្រាស់ភាសាខ្មែរ ឱ្យបានត្រឹមត្រូវ ទាំងការសរសេរលើអក្ខារាវិរុទ្ធ និងវេយ្យករណ៍ ខណៈក្រសួងនៅតែសង្កេតឃើញថា ការប្រើប្រាស់ ឬសរសេរ អក្សរខ្មែរនៅលើបណ្តាញសង្គម មិនមានការប្រុងប្រយ័ត្ន និងធ្វេសប្រហែសជាដើម។
លោកស្រីបានថ្លែងថា ៖ «ការណែនាំនេះសំដៅដល់ទាំងក្នុង និងក្រៅសាលា ឱ្យមានការសរសេរអក្សរខ្មែរ ឱ្យមានភាពត្រឹមត្រូវ ឱ្យស្របទៅនឹងគោលនយោបាយកម្ពុជាប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍។ ប្រទេសមួយដែលមានការអភិវឌ្ឍ មិនអាចបញ្ជាក់តែលើសេដ្ឋកិច្ចទេ ប៉ុន្តែតាមរយៈវប្បធម៌ និងអរិយធម៌ផងដែរ។ ដូច្នេះ អរិយធម៌នេះក៏មានអក្សរផងដែរ»។
ជាមួយគ្នានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការប្រើប្រាស់ និងសរសេរអក្សរខ្មែរ ទាំងនៅលើបណ្តាញសង្គម និងទីសាធារណៈ នាពេលបច្ចុប្បន្ននេះកំពុងជួបបញ្ហាប្រឈមដោយសារតែការកើនឡើងនូវប្រព័ន្ធបច្ចេកវិទ្យាផង និងការអប់រំរបស់កម្ពុជាផង ដែលធ្វើឱ្យការសរសេរបស់យុវជន និងពលរដ្ឋកម្ពុជា រកគោលដៅមួយមិនត្រឹមត្រូវ។
លោកបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា កន្លងមកបានខិតខំធ្វើកិច្ចការលើអក្ខារាវិរុទ្ធ និងអក្សរសាស្ត្រខ្មែរច្រើន។ ជាមួយគ្នានេះ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា លោកសប្បាយចិត្តដែលបានឃើញក្រសួងអប់រំ ចេញគោលការណ៍ណែនាំឱ្យប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវនៅពេលនេះ ប៉ុន្តែក្រសួងគួរតែមានគោលនយោបាយ និងឆន្ទៈអនុវត្តលើកិច្ចការនេះ ឱ្យបានច្បាស់លាស់ ព្រោះអ្វីៗទាំងអស់ផ្តើមចេញពីថ្នាក់ដឹកនាំមុនគេ។
លោក យង់ ពៅ បានថ្លែងថា៖ «ហេតុអ្វីបានខ្ញុំនិយាយអ៊ីចឹង! នៅក្នុងវិស័យអប់រំ ជាពិសេសកូនចៅរបស់ឥស្សរជនកូនសេដ្ឋី កូនអ្នកធំៗមួយចំនួនធំ ភាគច្រើនចូលរៀននៅសាលាអន្តរជាតិ ហើយកន្លងទៅមិនមានភាសាខ្មែរទេ។ មួយចំនួនទៀត បានបញ្ជូនកូនទៅរៀននៅបរទេស ហើយអ្នកទាំងនោះក្លាយជាអ្នកដឹកនាំ ខណៈខ្លួនឯងមិនសូវបានយល់ពីភាសាខ្មែរ និងឥរិយាបថខ្មែរ ព្រោះទទួលវប្បធម៌ពីបរទេសច្រើន»។
ជុំវិញរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីឆ្នាំ២០២៣កន្លងទៅ បានស្នើឱ្យដាក់បញ្ចូលភាសាខ្មែរជាមុខវិជ្ជាកាតព្វកិច្ចក្នុងសាលាឯកជនអន្តរជាតិទាំងឡាយនៅកម្ពុជា សម្រាប់ឱ្យកូនខ្មែរបានរៀនបន្ទាប់ពីលោកសង្កេតឃើញពីទំនោរ និងឥរិយាបថប្រែប្រួលរបស់សិស្សានុសិស្សមួយចំនួនតូចនៅកម្ពុជាបច្ចុប្បន្ន៕