ត្បូងឃ្មុំៈ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទគ្រាប់ GP M117 មានទម្ងន់ជាង ៣៤០ គីឡូក្រាម ជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលរកឃើញនូវឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានកម្លាំងជំនាញរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប្រចាំទិសខេត្តកំពង់ចាម-ត្បូងឃ្មុំ បានដោះបន្សាប និងដឹកជញ្ជូនមយកចេញដោយសុវត្ថិភាពនៅថ្ងៃទី ២៧ ខែកុម្ភៈ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងបន្ថែមតាមរយៈហ្វេសប៊ុករបស់លោកថា ជាទូទៅគ្រាប់បែកទម្លាក់ពីលើអាកាសភាគច្រើនធ្លាក់ក្បាលមុជមករកដី តែខុសប្លែកអីតែគ្រាប់បែកទម្លាក់មួយនេះ ខុសគេគឺគូទធ្លាក់មកមុនបុកចូលក្នុងដីកប់ក្នុងជម្រៅជាង ៥ ម៉ែត្រ តែសំណាងល្អវាមិនផ្ទុះ។
លោកបានឱ្យដឹងដែរថា តាមទិន្នន័យនៃការទម្លាក់គ្រាប់បែកមានទីតាំងរងការទម្លាក់គ្រាប់បែកចំនួន ១១៥ ២៧៣ ទីតាំង មានទម្ងន់សរុបចំនួនប្រមាណជាង ៤ លានតោន និងគ្រាប់បែកចង្កោមជាង ២៧ លានកូនគ្រាប់ ដោយមានយន្តហោះចេញវាយប្រហារជាងកន្លះលានគ្រឿង ការទម្លាក់គ្រាប់បែកនេះគិតចាប់ពីពាក់កណ្តាលឆ្នាំ ១៩៦៥ ដល់ ១៩៧៣។
លោកបានសង្កត់ធ្ងន់ថា៖ «ដូចនេះនៅតំបន់ខ្លះ ប្រជាជនកម្ពុជាអាចបន្តរស់នៅជាមួយគ្រាប់បែកមិនទាន់ផ្ទុះកប់ក្នុងទឹកដីសុវណ្ណភូមិនេះ ជាច្រើនទសវត្សរ៍ទៅមុខទៀត»។
ជុំវិញបញ្ហាមីននេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល នាទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ខួបលើកទី២៥ អង្គភាពស៊ីម៉ាក់បានធ្វើយុទ្ធនាការអប់រំពីការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរយៈពេល ១ សប្តាហ៍ គិតចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ក្នុងខេត្តគោលដៅចំនួន ២២ ដោយមានប្រជាពលរដ្ឋចូលរួមជិត ៨ ម៉ឺននាក់។
លោក ហេង រតនា បានឱ្យដឹងថា៖ «ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន គឺជាសកម្មភាពស្នូលមួយក្នុងសកម្មភាពស្នូលរបស់អង្គភាពកំចាត់មីនកម្ពុជា»។
លោកបានបន្តថា៖ «យើងជំរុញឱ្យមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដោយសារគ្រាប់មីននេះទៅដល់ប្រជាពលរដ្ឋយើងទូទៅ ហើយត្រូវចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់គ្រោះថ្នាក់ពីគ្រាប់មីន និងសំណល់យុទ្ធភណ្ឌក្រោយសង្គ្រាមនេះ»។
សូមបញ្ជាក់ដែរថា អង្គភាពស៊ីម៉ាក់ បានកសាងកម្លាំងស្ម័គ្រចិត្តជាបណ្តាញតាមភូមិដែលមានអាទិភាពខ្ពស់ជាង ៣ ៥០០ ភូមិ និងមានបណ្តាញស្ម័គ្រចិត្តប្រមាណ ៦ ពាន់នាក់ នៅទូទាំងប្រទេស សម្រាប់បម្រើការងារអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន។
យោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ បានបញ្ជាក់ថា៖ «មកដល់ពេលនេះយើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ»។
លោកថា៖ «ជោគជ័យ ដ៏ត្រចះត្រចង់នេះមិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការឈានទៅសម្រេចគោលដៅតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដើម្បីអាចធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង»។
យោងតាមរបាយការណ៍អាជ្ញាធរមីន គិតចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២៣ ផ្ទៃដីទំហំ ៣ ០២៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦ ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ភាគរយ និងផ្សេងៗ ១៩ ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១១ ៩៨០ ១៧២ នាក់៕