ភ្នំពេញៈ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានចេញសារាចរណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយទិវាវប្បធម៌ជាតិឱ្យកាន់តែទូលំទូលាយទៅដល់ប្រជាជនគ្រប់ស្រទាប់ ឱ្យយល់ដឹងកាន់តែច្បាស់ពីវប្បធម៌របស់ខ្លួន ជាពិសេសចូលរួមថែរក្សាការពារ និងស្រឡាញ់វប្បធម៌ទាំងអស់នោះ។
ទិវាវប្បធម៌ជាតិ លើកទី២៦ ឆ្នាំ២០២៤នេះ ត្រូវបានកំណត់យកពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីប្រារព្ធទិវានេះ ខណៈឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ៖ «យុវជនដើម្បីវប្បធម៌ជាតិ»។
ទិវានេះធ្វើឡើងក្នុងគោលបំណងដើម្បីធានាឱ្យបានការអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព បរិយាបន្ន ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ។ នេះបើតាមសារាចរណែនាំរបស់លោក ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបានណែនាំឱ្យក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ទាំងនៅទីតាំងផ្ទាល់ និងនៅលើបណ្តាញសង្គមទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេលដែលបានកំណត់។
ក្នុងនោះ លោកបានណែនាំឱ្យក្រសួងវប្បធម៌ ត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរវប្បធម៌ រាជធានីខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធនឹងការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិនៅមូលដ្ឋានរបស់ខ្លួន។
ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយ។
លោក ហ៊ុន ម៉ាណែត បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ និងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។
ចំណែកក្រសួងព័ត៌មានវិញ ត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។
ទាក់ទងនឹងទិវាវប្បធម៌នេះដែរ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនានេះ វាជារឿងសំខាន់ ដើម្បីជាការបញ្ជាក់ពីអត្តសញ្ញាណជាតិ ក៏ដូចជារំឭកទៅដល់សម្បត្តិវប្បធម៌ អរិយធម៌របស់កម្ពុជាដែលជាមរតកដូនតាជំនាន់ដើមបានបង្កើតឡើងបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ។
លោកបានថា នៅពេលថ្នាក់ដឹកនាំប្រារព្ធទិវានេះ គឺនឹងធ្វើឱ្យយុវជនជំនាន់ក្រោយ បានជ្រាបថា តើដូនតាខ្មែរជំនាន់ដើមបានបង្កើត ឬកសាងអ្វីខ្លះ ក៏ដូចជាបានបន្សល់ទុកមរតកអ្វីខ្លះមកដល់ពេលបច្ចុប្បន្ន។
លោកបានថ្លែងថា៖ «ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ គួរមោទនភាព ចំពោះអ្វីៗដែលដូនតាយើងបានបន្សល់ទុកមក ពីព្រោះតាមរយៈវប្បធម៌ទាំងអស់នេះបានបញ្ជាក់ប្រវត្តិ រឿងរ៉ាវ និងអត្តសញ្ញាណមួយរបស់យើងយ៉ាងច្បាស់លាស់។ យើងក៏មិនមែនជាជាតិសាសន៍មួយដែលពឹងអាស្រ័យលើភាពរីកចម្រើនរបស់ប្រទេសណាមួយឡើយ គឺយើងបានកសាងមរតកវប្បធម៌ប្រវត្តិសាស្ត្រដោយខ្លួនឯង»។
បើតាមលោក ឈត ប៊ុនថង មកដល់ពេលបច្ចុប្បន្ននេះ មរតកវប្បធម៌ដែលបន្សល់ទុកពីដូនតា ក្លាយទៅជាសក្តានុពលយ៉ាងធំធេងក្នុងការប្រើប្រាស់បង្ហាញឱ្យឃើញពីជាតិសាសន៍របស់ខ្មែរទៅដល់ប្រទេសនានា ក៏ដូចជាទាក់ទាញទេសចរឱ្យចូលមកទស្សនាក្នុងប្រទេសកម្ពុជា។
ក្រៅពីនេះ វាក៏បានរួមចំណែកផ្ដល់ជាប្រាក់ចំណូលជូនដល់សហគមន៍មូលដ្ឋាន ក៏ដូចជាផ្ដល់កំណើនថវិកាជាតិ តាមរយៈការបង្ហាញពីវត្ថុបុរាណ និងការសម្ដែងសិល្បៈមាន របាំ តន្ត្រី និងចម្រៀងជាដើម។
លោកបន្ថែមថា៖ «នៅពេលយុវជនបានដឹង ស្គាល់ ពីវប្បធម៌ ប្រវត្តិសាស្ត្ររបស់ខ្លួន ធ្វើឱ្យមានការអភិរក្ស ស្រលាញ់អត្តសញ្ញាណរបស់ជាតិខ្លួន ដោយនឹងបន្តអភិវឌ្ឍឱ្យរីកចម្រើនតទៅមុខទៀត»។
សូមរំឭកផងដែរថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ដែលទិវានេះមានសារៈសំខាន់សម្រាប់ប្រជាជាតិកម្ពុជា ដើម្បីរំឭកគុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌សម្រាប់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ៕