ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងនឹងរៀបចំកម្មវិធីប្រកួតប្រជែងលើកទឹកចិត្តចំពោះឃុំ-សង្កាត់ណាដែលបានបញ្ជូនសិស្សមករៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល បានច្រើនជាងគេនៅរៀងរាល់ចុងឆ្នាំម្តង។
លោក ហេង សួរ បានថ្លែងដូចនេះតាមរយៈវីដេអូឃ្លីប ដែលបានផ្សព្វផ្សាយលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៧ ខែកុម្ភៈថា នៅក្នុងចំណោមសិស្សដែលបានរៀនចប់ ហើយបានទៅធ្វើការនៅក្រុម ហ៊ុនធំៗ មិនត្រឹមតែទទួលបានប្រាក់ខែខ្ពស់ជាងគេទេ ប៉ុន្តែពួកគេក៏នឹងទទួលបានការកោតសសើរ និងបណ្ណសសើរពីក្រសួងផងដែរ ដើម្បីលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងថែមទៀត។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងផងដែរថា ចំពោះអាជ្ញាធរមូលដ្ឋានវិញ ក្រសួងក៏បានគិតរៀបចំកម្មវិធីប្រកួតប្រជែងដើម្បីជាការលើកទឹកចិត្ត និងផ្តល់លិខិតថ្លែងអំណរគុណចំពោះ ឃុំ-សង្កាត់ទាំងឡាយណា ដែលបានជួយផ្សព្វផ្សាយ និងបញ្ជូនសិស្សឱ្យមករៀនវគ្គបណ្ណុះបណ្តាលនេះបានច្រើនជាងគេផងដែរ។
លោក ហេង សួរ បានថ្លែងថា៖«អ៊ីចឹង! យើងមានការលើកទឹកចិត្តផងដែរ ដោយចប់មួយឆ្នាំ វាយតម្លៃម្តង។ យើងបានផ្តើមនៅខែមករា និងខែ១២ យើងនឹងពិនិត្យនៅទូទាំងប្រទេស ហើយយើងនឹងជ្រើសរើសឃុំ-សង្កាត់ថាតើឃុំ-សង្កាត់ណាដែលបានណែនាំសិស្សច្រើនជាងគេ»។
ក្រៅតែពីការផ្តល់បណ្ណសរសើរ និងផ្តល់ការលើកទឹកចិត្តបែបណាទៀត នៅកៀកដាច់ឆ្នាំ ក្រសួងនឹងផ្សព្វផ្សាយបន្ថែមទៀត។
លោករដ្ឋមន្ត្រីថ្លែងថា នេះជាគោលបំណង និងជាការប្តេជ្ញាចិត្តចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលប្រែក្លាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ទៅដល់សិស្សបានចូលរួមបណ្តុះបណ្តាលធ្វើយ៉ាងណាឱ្យរៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ។
លោក ជ័យតិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ថ្លែងថា ការលើកទឹកចិត្តដល់សិស្សក្តី និងអាជ្ញាធរមូលដ្ឋានក្តី គឺជារឿងល្អ ប៉ុន្តែការលើកទឹកចិត្តនេះ មិនមែនជាជោគជ័យលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សដែលមកពីក្រុមគ្រួសារក្រីក្រនោះទេ។
លោក ជ័យ តិច បានថ្លែងថា៖«តាមដែលខ្ញុំបានសម្ភាសជាមួយក្រុមប្រឹក្សាសង្កាត់ មួយចំនួន ទាក់ទងនឹងការជ្រើសរើសយុវជន មកពីគ្រួសារក្រីក្រ ដើម្បីទទួលបានការបណ្តុះបណ្តាលនេះ ពួកគាត់មានការប្រឈមជាច្រើន ដូចជាយុវជន មិនទាន់គ្រប់អាយុ ដែលកំពុងរៀន នៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ»។
លោកបានបន្ថថា ៖ «បើសិនជាពួកគាត់ឈប់រៀន ឬគាត់បានបញ្ចប់នៅវិទ្យាល័យគាត់នឹងធ្វើចំណាកស្រុក ឬអ្នកខ្លះបន្តរៀននៅសកលវិទ្យាល័យ»។
បើតាមលោក ជ័យ តិច ភាគច្រើននៃសិស្សមកពីគ្រួសារក្រីក្រ បញ្ហាប្រឈម គឺសេដ្ឋកិច្ចប្រចាំថ្ងៃ ដែលតម្រូវឱ្យពួកគេទៅធ្វើការដើម្បីបានចំណូលជួយឪពុកម្តាយរបស់ពួកគេ ដែលពិបាកក្នុងការទាក់ទាញពួកគាត់ឱ្យមករៀនជំនាញវិជ្ជាជីវៈ ដើម្បីសម្លឹងទៅរកអនាគតមួយល្អប្រសើរ៕