ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា រួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មសហគមន៍កសិកម្មកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការកម្មវិធីចំនួន ៣ ដ៏មានសារៈសំខាន់ខ្លាំងក្នុងការពង្រឹងបន្ថែមទៀតនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃក្នុងវិស័យស្រូវអង្ករនៅកម្ពុជា។
កម្មវិធីទាំង ៣ នោះ រួមមាន កម្មវិធីស្តង់ដាផលិតកម្មស្រូវនិរន្តរភាពនៅកម្ពុជា (Sustainable Rice Platform), កម្មវិធីទិញ-លក់ ស្រូវតាមទូរស័ព្ទដៃ និងកម្មវិធីនៃការប្រគល់ម៉ាស៊ីនស្ទូងស្រូវជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសតួកគី ដល់សហគមន៍កសិកម្មផលិតស្រូវ។ ការដាក់ឱ្យដំណើរកម្មវិធីទាំង ៣ ព្រមគ្នានេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។
លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករកម្ពុជាបានថ្លែងថា កម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកសាខាកម្ពុជាដែលជាប្រទេសទី ១ នៅក្នុងតំបន់អាស៊ានដែលចាប់ផ្ដើមបង្កើតក្របខ័ណ្ឌអនុវត្តន៍តាមប្រទេសនីមួយៗដោយអនុលោមតាមគោលការណ៍គ្រឹះនៃកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោក។
ដោយឡែកការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទិញ-លក់ ស្រូវតាមទូរស័ព្ទដៃវិញ គឺជាដំណាក់កាលទី១ ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្មវិធី WAT4CAM និងសហព័ន្ធស្រូវ-អង្ករកម្ពុជា ដែលជាជំនួយសហគមន៍អឺរ៉ុបតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ខណៈដែលម៉ាស៊ីនស្ទូងស្រូវ និងសម្ភារសម្រាប់សាបគ្រាប់ពូជជូនសហគមន៍កសិកម្មពីទីភ្នាក់ងារសម្របសម្រួល និងកិច្ចសហប្រតិបត្តិការប្រទេសតួកគី នឹងជួយសម្រួលដល់កសិករបានកាន់តែច្រើនថែមទៀត ។
លោកបានបញ្ជាក់ថា៖ «កម្មវិធីនីមួយៗពិតជាមានសារៈសំខាន់សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ជាពិសេសគឺផ្តោតលើការជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់និងខ្សែច្រវាក់តម្លៃរបស់វិស័យស្រូវអង្ករដើម្បីលើកកម្ពស់កម្រិតជីវភាព និងសេដ្ឋកិច្ចរបស់កសិករ សន្តិសុខ ស្បៀងក្នុងប្រទេសនិងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ»។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានលើកឡើងដែរថា អស់ពេលជិត ១០ ឆ្នាំនៃការរៀបចំកម្មវិធីដំណាំស្រូវនិរន្តរភាពដែលកម្មវិធីនេះបានបន្តរីកចម្រើនជាបន្តបន្ទាប់រហូតដល់មានការឯកភាពលើការរៀបចំ និងធ្វើជាម្ចាស់ការក្នុងការជំរុញកម្មវិធីនេះឱ្យកាន់តែប្រសើរឡើងដោយរៀបចំឱ្យមានសាខាកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកនៅកម្ពុជា ដែលមានសហប្រធានអគ្គនាយកដ្ឋានកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ការលេចរូបរាងឡើងនូវសាខាកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកនៅកម្ពុជា គឺកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នា ៣ ភាគី គឺរដ្ឋាភិបាល (អគ្គនាយកដ្ឋានកសិកម្ម) វិស័យឯកជន (សហព័ន្ធស្រូវអង្ករកម្ពុជា) និងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ដែលមាន Wildlife Conservation Society (WCS), Swisscontact, CIRAD…ដែលបានចូលរួមបង្កើតឱ្យកម្មវិធីនេះចេញរូបរាងឡើង និងបច្ចុប្បន្នកម្មវិធី Feed the Future Cambodia Harvest III បាននិងកំពុងជួយដល់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងការជំរុញលើការងារទីផ្សារអង្ករដែលស្ថិតក្នុងស្តង់ដា SRP នេះ»។
ជាមួយគ្នានោះដែរ លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វ អេស៊ា បានលើកឡើងថា ការអនុវត្តស្តង់ដាផលិតកម្មស្រូវនិរន្តរភាពនៅកម្ពុជា និងកម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃរបស់សហព័ន្ធនេះគឺពិតជាផ្តល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «តាមទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថា ស្រូវនិរន្តរភាព (SRP) ហ្នឹងវាហាក់បីជាដូចជានៅថ្មីនៅឡើយនៅឆាកអន្តរជាតិ ប៉ុន្តែបើយើងមើលស្តង់ដានេះ គឺឃើញថាមានការគាំទ្រពី UN ហើយស្តង់ដារបស់ SRP នេះគឺល្អដែលវាជួយដល់ការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចំណីអាហារ និងគិតគូរដល់បញ្ហាបរិស្ថាន»។
អ្នកស្រី លី ធឿត ប្រធានសហគមន៍ពន្លឺថ្មីក្តីសង្ឃឹមនៃកសិករនៅស្រុកបាណន់ ខេត្តបាត់ដំបងបានប្រាប់ថា ក្នុងនាមជាសហគមន៍ដែលបានសាកល្បងផលិតដំណាំស្រូវនិរន្តរភាពនៅកម្ពុជាពីឆ្នាំ ២០១៩ មក សហគមន៍បានសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវចំនួន ៣ ក្នុងការផ្គត់ផ្គង់ស្រូវនិរន្តរភាព។
អ្នកស្រីបានបញ្ជាក់ថា៖ «ឆ្នាំនេះយើងនឹងត្រៀមធ្វើស្រូវនិរន្តរភាព (SRP) បន្តទៀតដោយសារតែការធ្វើស្រូវតាមស្តង់ដានេះវាទទួលបានទិន្នផលខ្ពស់ និងមានផលចំណេញច្រើនសម្រាប់ប្រជាកសិករ ប៉ុន្តែកសិករត្រូវមានការយកចិត្តទុកដាក់ថែទាំខ្ពស់ផងដែរ»។
ដោយឡែកចំពោះកម្មវិធីទិញ-លក់ស្រូវតាមទូរស័ព្ទ អ្នកស្រី លី ធឿត លើកឡើងថា វានៅមានភាពថ្មីសន្លាងសម្រាប់អ្នកស្រី និងសមាជិកសហគមន៍ដទៃទៀតនៅឡើយ ដោយទាមទារឱ្យមានការបណ្តុះបណ្តាលបន្ថែមពីសហព័ន្ធស្រូវអង្ករ។
បើតាមលោក សុង សារ៉ន ការនាំចេញស្រូវនិរន្តរភាពទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុបនឹងចាប់ផ្តើមនៅក្នុងឆ្នាំនេះ ពោលគឺបន្ទាប់ពីសហព័ន្ធបញ្ជូនព័ត៌មាននៃការដាក់ឱ្យដំណើរការកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកនៅកម្ពុជាទៅកាន់ស្ថាប័ន SRPGlobal ក្នុងការអនុម័ត។ ការធ្វើបែបនេះដើម្បីអាចឱ្យអង្ករ SRP របស់កម្ពុជាអាចដាក់លក់ផ្ទាល់នៅតាមទីផ្សារទាំងនោះដោយពុំចាំបាច់ត្រូវឆ្លងកាត់ SRPGlobal និងអាចទទួលបានតម្លៃបន្ថែមខ្ពស់ ខណៈការនាំចេញអាចនឹងធ្វើឡើងនៅក្នុងខែមេសា ឬឧសភា ឆ្នាំ ២០២៤៕