ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងបង្កើតឱ្យមានក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាជនមានពិការភាព និងជនមិនមានពិការភាពមួយចំនួនដែលច្រៀងតាមស្តុប នៅតាមបណ្តារាជធានី-ខេត្ត ដែលមានភារកិច្ចជួយស្ដារជីវភាពរបស់ជនមានពិការភាពឱ្យប្រសើរឡើងវិញ។
លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានថ្លែងនៅថ្ងៃទី ២៨ ខែកុម្ភៈថា តាមរយៈកិច្ចប្រជុំផ្ទៃក្នុងដែលមាននាយកដ្ឋានពាក់ព័ន្ធចូលរួម គឺបានពិភាក្សាគ្នាក្នុងការរៀបចំយន្តការដើម្បីបង្កើតក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាជនមានពិការភាព និងជនមិនមានពិការភាពមួយចំនួនដែលច្រៀងតាមស្តុប នៅតាមបណ្តារាជធានីខេត្ត។
លោកថ្លែងថា ចំពោះលទ្ធផលសម្រេចយ៉ាងណានោះ មកដល់ពេលនេះកំពុងតាក់តែងរៀបចំសេចក្ដីព្រាងយន្តការដោះស្រាយរួមឱ្យបានច្បាស់លាស់ជាមុនសិន ខណៈកន្លងមកក្រសួង តែងតែគិតគូរផ្ដល់ជម្រើសមុខរបរផ្សេងជូនជនមានពិការភាព ក្រៅពីការប្រកបមុខរបរច្រៀងតាមស្ដុប ឬតាមដងផ្លូវ។
លោក ចាប តូ ថ្លែងថា ក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាជនមានពិការភាព និងជនមិនមានពិការភាពនេះ មានសមាសភាពមកពីក្រសួងសង្គមកិច្ចទាំងអស់ មិនមានការចូលរួមពីក្រសួង ស្ថាប័នណាឡើយ។ បន្ទាប់ពីបង្កើតក្រុមការងាររបស់ក្រសួងហើយ ក្រុមការងារទាំងនោះ នឹងចេញប្រតិបត្តិការទៅជួបជាមួយអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីគាំទ្រឱ្យមានការរៀបចំគិតគូរកន្លែងប្រគំតន្ត្រីសម្រាប់ជនមានពិការភាពឱ្យបានសមរម្យ។
លោកបានថ្លែងថា៖ «ដូច្នេះក្រុមការងារដែលយើងគ្រោងបង្កើតនេះ គឺយើងមានតួនាទីដើរសម្របសម្រួលជួយស្ដារជីវភាពរបស់ពួកគាត់ ក៏ដូចជាជួយស្ដារលទ្ធភាពពលកម្មរបស់ពួកគាត់ឱ្យប្រសើរឡើងវិញ។ ហើយប្រសិនជាគាត់មានសមត្ថភាព យើងនឹងបញ្ជូនគាត់ទៅច្រៀងតាមរង្គសាល និងភោជនីយដ្ឋាននានា និងពាក់ព័ន្ធអ្នកអត់សមត្ថភាព យើងនឹងព្យាយាមបញ្ជូនគាត់ទៅទទួលវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម»។
លោក ចាប តូ ថ្លែងថា ចំពោះសេចក្ដីព្រាងតួនាទីរបស់ក្រុមការងារដែលគ្រោងបង្កើតនេះដែរ គឺមិនមែនមានភារកិច្ចអនុវត្តន៍ទៅលើជនមានពិការភាពតែមួយនោះទេ តែភារកិច្ចរបស់ក្រុមការងារនេះ ក៏ត្រូវអនុវត្តទៅលើជនដែលមិនមានពិការភាពផងដែរ ព្រោះនៅតាមដងផ្លូវ ឬតាមស្ដុប ក៏មានពួកគាត់ដើរសុំលុយពីអ្នកធ្វើដំណើរដែរ។
លោកបានថ្លែងថា៖ «ការបង្កើតក្រុមការងារនេះ គឺលឿនទេ មិនប្រើពេលយូរឡើយ ដោយសារសេចក្ដីព្រាងមានមួយចំនួនរួចរាល់ហើយ ដូច្នេះយើងរង់ចាំតែការចុះហត្ថលេខាពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប៉ុណ្ណោះ»។
លោក ឈ ប៉ុណ្ណារ័ត្ន មន្ត្រីកម្មវិធីអង្គការជនពិការកម្ពុជា (CDPO) ថ្លែងថា កន្លងមកក្រសួងក៏បានរៀបចំច្បាប់ ឬគោលនយោបាយសម្រាប់ជួយទៅដល់ជនមានពិការភាពដែលច្រៀងនៅតាមទីសាធារណៈឬតាមស្ដុបដែរ ខណៈឥឡូវនេះក្រសួងក៏បានរៀបចំបង្កើតឱ្យមានក្រុមការងារជួយដោះស្រាយបញ្ហាជនមានពិការភាពបន្ថែមទៀត វាជាការប្រសើរណាស់។
លោកបានថ្លែងថា៖ «ដូច្នេះនៅពេលដែលមានក្រុមការងារចុះជួយដោះស្រាយបញ្ហាជនមានពិការភាពច្រៀងតាមស្ដុបបែបនេះ វាជារឿងល្អមួយ ដោយសារពួកគាត់ប្រកបមុខរបរនេះ គឺមិនមានការគាំពារពីច្បាប់ឡើយ ហើយប្រសិនជាអាជ្ញាធរមានការរឹតបន្តឹងអ្វីមួយនោះវាជាការគំរាមកំហែងដល់មុខរបររបស់ពួកគាត់»។
លោក ឈ ប៉ុណ្ណារ័ត្ន ថ្លែងថា ជនមានពិការភាពដែលច្រៀងតាមស្ដុបភាគច្រើន គឺសុទ្ធតែជាជនពិការភ្នែក ហេតុនេះពួកគាត់មិនអាចមានជម្រើស ឬមានមុខរបរអ្វីក្រៅពីច្រៀងឡើយ ដើម្បីបំពេញការរស់នៅរបស់ខ្លួន ដូច្នេះសង្ឃឹមថា ក្រុមការងារដែលគ្រោងបង្កើតនេះ នឹងចុះជួយផ្ដល់ជំនាញវិជ្ជាជីវៈទៅតាមសមត្ថភាពរបស់ជនមានពិការភាព ជាពិសេសរៀបចំឱ្យមានកន្លែងសម្រាប់ជនមានពិការភាពដែលប្រកបរបរច្រៀងតាមស្ដុបឱ្យបានត្រឹមត្រូវ៕