​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជាបាន​លើក​ឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានបញ្ចប់​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​រយៈពេល​ខ្លី សកម្ម និង​មមាញឹក​តែ​ជា​ឱកាស​ដ៏​វិសេសវិសាល​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្ពស់​ឈានឡើង​បន្ថែមទៀត​។​

​នេះ​ជាការ​ថ្លែង​ឱ្យដឹងពី​លោក តាន់ ហ្ស​ង់ ហ្រ្វង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ នា​ស​ន្និ​សីទ​សារព័ត៌​មាននៅ​យប់​ថ្ងៃទី ​២៧ ខែកុម្ភៈ បន្ទាប់ពី​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ម៉ាឡេស៊ី​របស់លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត​។​

​លោក​ថ្លែងថា ប្រទេស​ម៉ាឡេស៊ី​ទី​​៣ នៅក្នុង​អាស៊ាន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទៅ​បំពេញ​ទស្សនកិច្ច​បន្ទាប់ពី​ប្រទេស​វៀតណាម កាលពី​ខែធ្នូ ឆ្នាំ ​២០២៣ និង​នៅ​ប្រទេស​ថៃ នា​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២៤​។​លោក តាន់ ហ្ស​ង់ ហ្រ្វង់​ស័​រ បាន​ថ្លែងថា ​«​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី​របស់​សម្តេច​ធិបតី​ជា​ទស្សនកិច្ច​ខ្លី សកម្ម និង​មមាញឹក ដែល​ស្រដៀង​គ្នា​នឹង​ទស្សនកិច្ច​នៅ​ថៃ​កាលពីដើម​​ខែកុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ​ផងដែរ​»​។​

​លោក​ថ្លែងបន្តថា គ្រប់គ្នា​ប្រហែលជា​ដឹង​ហើយ​ថា លោក ហ៊ុន ម៉ា​ណែ​ត និង​លោក​ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អ៊ី​ប្រា​ហ៊ីម នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ស្គាល់គ្នា ឬ​ផ្តើម​ស្គាល់គ្នា​ច្បាស់ ដ្បិត​នាយក​រដ្ឋ​មន្ត្រី​ទាំង​ ២ ​បាន​ជួបគ្នា​ជា​លើក​ទី​ ៣ ​ហើយ ដែល​កាល​លើក​ទី​១ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣ និង​លើក​ទី២ នា​ប្រទេស​ជប៉ុន​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២៣​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​ទស្សនកិច្ច​របស់​សម្តេច​ធិបតី​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​ នាពេលនេះ​ គឺជា​ឱកាស​ដ៏​វិសេសវិសាល​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រីឯ​គោលដៅ​គឺ​បន្ត​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ជូន​ប្រជា​ជន និង​ប្រជាជាតិ​ទាំង ​២ ក្នុងនោះ​កម្ពុជា និង​ម៉ាឡេស៊ី​មាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា​រយៈ​​ពេល​ ៦៧​ ឆ្នាំ​មកហើយ ដោយបាន​ប្តេ​ជា្ញ​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី​ក្នុង​គ្រប់​វិស័យ ពិសេស​ផ្នែក​សេដ្ឋកិច្ច​»​។​

​លោក តាន់ ហ្ស​ង់ ហ្រ្វង់​​ស័​រ ថ្លែងថា លោក ហ៊ុន ម៉ា​ណែ​ត និង​លោក​ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អ៊ីប្រា​ហ៊ីម​បាន​ជជែក​ពិភាក្សា និង​ចរចា​ពី​សំណុំរឿង​ជាច្រើន​រួមមាន​៖ នយោបាយ ការពារ​ជាតិ សន្តិសុខ ពាណិជ្ជកម្ម និង​វិនិយោគ ទេសចរណ៍ ឧស្សាហកម្ម​អាហារ​ហា​ឡា​ល់ ការងារ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន បច្ចេកវិទ្យា​ឌីជីថល និង​សន្តិសុខ​ថាមពល​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កិច្ច​ចរចា​ជាទូទៅ ប្រព្រឹត្ត​ទៅដោយ​រលូន ល្អ និង​បាន​នាំមក​នូវ​លទ្ធផល​ជាក់ស្តែង​ជាច្រើន​ផងដែរ​»​។​

​លោក​ថ្លែងថា ក្នុងឱកាស​នៃ​ការជួបពិភាក្សា​ការងារ លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញលោក ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អ៊ីប្រា​ហ៊ីម​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ផងដែរ ហើយ​លោកនាយក​រដ្ឋ​​មន្ត្រី​ម៉ាឡេស៊ី បាន​បញ្ជាក់ថា លោក​នឹង​ពិនិត្យមើល​លទ្ធភាព​ឱ្យ​សមស្រប​ទៅតាម​ពេលវេលា ប៉ុន្តែ​មិនបាន​បញ្ជាក់​នៅពេលណា​នោះទេ​។​​

លោក ហ៊ុន ម៉ាណែត និង​ប្រធានសភាម៉ាឡេស៊ី។ រូបថត STPM

លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ខ្លី​ទៅកាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​នាពេលនេះ គឺ​ពិតជា​ទទួល​​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ដ៏​ធំធេង​សម្រាប់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ជា​ពិសេស​គឺ​ដំណើរ​ទស្សនកិច្ច​នេះ ក៏​រំលេច​ឱ្យឃើញ​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ទ្វេ​ឡើង​ថែមទៀត​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​។​

​លោក ភា បញ្ជាក់ថា​៖«​ទំនាក់​ទំនង​ខាង​នយោបាយ​ការទូត សន្តិសុខ​រវាង​ប្រទេស​ទាំង​ ​២ ​​កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ ហើយ​វា​ជា​កាលានុវត្តភាព​ក្នុងការ​ជំរុញ លើកកម្ពស់​ពាណិជ្ជ​កម្ម​ទ្វេភាគី ការវិនិយោគ និង​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជា​ជន​នៃ​ប្រទេស​យើង​ទាំង ​២»​។​

​លោក គិ​ន ភា ក៏បាន​ថ្លែង​ដោយ​បង្ហាញ​ក្តីសង្ឃឹម​ដែរ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នេះ​ទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​កាន់តែ​មាន​តួលេខ​កើនឡើង​ខ្ពស់​ថែមទៀត ហើយ​ការវិនិយោគ​ផ្ទាល់​ពី​ប្រទេស​​ម៉ាឡេស៊ី​មកកាន់​កម្ពុជា ក៏​នឹង​កើន​ទំហំ ព្រម​ជាមួយនឹង​កិច្ច​សហការ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ក្នុងការ​​ពង្រឹង និង​ពង្រីក​ផងដែរ​។​

​យោងតាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះដែរ លោក​ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ចូល​ក្រាបថ្វាយបង្គំ​គាល់ ព្រះ​ចៅ SULTAN IBRAHIM IBNI ALMARHUM SULTAN ISKANDAR ព្រះមហាក្សត្រ​ទី ​១៧ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ព្រះបរមរាជវាំង ISTANA NEGARA​។ លោក​ក៏បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក DATUK MULTANG TAGAL ប្រធានព្រឹទ្ធសភា និង​លោក​ YB TAN SRI DATO JOHARI BIN ABDUL ប្រធានរដ្ឋសភា​​ម៉ាឡេស៊ី​។ នេះ​ជា​ដំណើរ​ទស្សន​​កិច្ច​ក្រៅប្រទេស​លើក​ទី ​១១ របស់ លោក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​៕​