ភ្នំពេញៈ ក្រសួងសុខាភិបាល បានបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីពន្ធនាគារខេត្តកែប ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រី ក្នុងការធ្វើរោគវិនិច្ឆ័យបឋម ដែលអាចផ្តល់អន្តរាគមន៍បញ្ជូនអ្នកជាប់ឃុំទៅរកសេវាពាក់ព័ន្ធផ្សេងៗ ខណៈអត្រានៃជំងឺផ្លូវចិត្ត និងការប្រើប្រាស់គ្រឿងញៀន ក្នុងពន្ធនាគារ មានកម្រិតខ្ពស់ជាងអត្រានៃជំងឺផ្សេងៗក្នុងចំណោមប្រជាជនទូទៅ។
វគ្គនេះធ្វើឡើងនៅខេត្តកែបពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៧ ខែកុម្ភៈ ក្រោមអធិបតីភាពលោក ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារសុខភាពផ្លូវចិត្ត និងថែទាំអ្នកញៀនគ្រឿងញៀន និងមានការចូលរួមពីមន្ត្រីបង្គោលផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន មន្ត្រីពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ នៅតាមរាជធានី-ខេត្ត សរុប ១២០ នាក់។ នេះបើតាមហ្វេសប៊ុកក្រសួងសុខាភិបាល។
លោក ឈី ហុង បានថ្លែងថា៖ «ដូច្នេះនេះជាការលើកកម្ពស់សមត្ថភាពមន្ត្រីពន្ធនាគារ ក្នុងការវាយតម្លៃស្ថានភាពផ្លូវចិត្ត និងការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាការធ្វើរោគវិនិច្ឆ័យបឋម ការផ្តល់អន្តរាគមន៍ និងការបញ្ជូនទៅកាន់សេវាពាក់ព័ន្ធផ្សេងៗ។ វគ្គបណ្តុះបណ្តាលនេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពមន្ត្រីពន្ធនាគារ ក៏ដូចជាជនជាប់ឃុំ ផងដែរ»។
លោក លឹម សុខា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានស្នើដល់ក្រសួងសុខាភិបាល បន្តជួយបញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាពទាក់ទងនឹងសុខភាពផ្លូវចិត្ត និងថែទាំអ្នកញៀនគ្រឿងញៀនដល់មន្ត្រីពន្ធនាគារបន្តទៀតនៅថ្ងៃមុខ។
ក្រសួងសុខាភិបាលបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រសុខភាពផ្លូវចិត្ត ឆ្នាំ ២០២៣-២០៣២៕