ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងជំរុញការអនុវត្តកសិកម្មកកើតឡើងវិញឆ្ពោះទៅធ្វើឱ្យកសិកម្មបញ្ចេញកាបូនទាប ដើម្បីផ្តល់ការយល់ដឹងនៃកសិកម្មកកើតឡើងវិញធ្វើឱ្យការងារកសិកម្ម រួមទាំងការដាំដុះស្រូវមានភាពធន់ និងប្រកបដោយនិរន្តរភាព។
នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីកសិកម្មប្រកបដោយនិរន្តរភាព ក្រោមប្រធានបទ «ការអនុវត្តកសិកម្មកកើតឡើងវិញឆ្ពោះទៅធ្វើឱ្យកសិកម្មបញ្ចេញកាបូនទាប» នៅថ្ងៃទី ២៨ ខែកុម្ភៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្មបានថ្លែងថា ការលើកយកប្រធានបទនេះមកពិភាក្សា គឺជារឿងល្អ និងសំខាន់ខ្លាំងណាស់ ដោយមិនមែនសម្រាប់តែកម្ពុជានោះទេ តែសម្រាប់ពិភពលោកផងដែរ។
លោកបានបន្ថែមថា ការអនុវត្តកសិកម្មកកើតឡើងវិញឆ្ពោះទៅធ្វើឱ្យកសិកម្មបញ្ចេញកាបូនទាប វាទាក់ទងនឹងចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងកសិកម្ម ជុំវិញបញ្ហារក្សាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។
លោកបានបញ្ជាក់ថា៖ «ផែនការរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice Cambodia) ក្នុងការសហការជាមួយកសិករចំនួន ៥ ម៉ឺនគ្រួសារ លើផ្ទៃដី ១០ ម៉ឺនហិកតា ដែលយើងចង់បំប្លែងផ្ទៃទំហំនេះ ជាផ្ទៃដីដាំដុះស្រូវនិរន្តរភាព ជាដីស្រែដែលទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតុ ជាពិសេសជាដីស្រែដែលមានកាបូនទាបគឺគោលដៅដ៏ល្អមួយដែលយើងកំណត់នៅក្នុងឆ្នាំ ២០២៣ ដើម្បីអព្យាក្រឹតកាបូន»។
លោក យ៉ង សាំងកុមារ បានបន្តថា ប្រទេសកម្ពុជា ជាប្រទេសមួយប្រកបដោយអំណោយផលនៃធម្មជាតិជាច្រើនទាំងសណ្ឋានដី អាកាសធាតុ ដោយសារសង្គ្រាមបានធ្វើឱ្យកសិករកម្ពុជាចំនួនជាង ២៨ ភាគរយ ឬប្រហាក់ប្រហែល ១,០៩ លានគ្រួសារ មានដីស្រែតិចជាង ១ ហិកតា និងកសិករចំនួន ១១ ភាគរយ ជាង ៤ សែន ៥ ម៉ឺនគ្រួសារ ធ្វើស្រែដោយការជួលដី។
លោកបានបញ្ជាក់ថា៖ «កសិករទាំង ២ ប្រភេទនេះជាប្រភេទកសិករដែលងាយរងគ្រោះជាងគេ ព្រោះថ្លៃដើមផលិតខ្ពស់ដែលមិនអាចផលិតស្រូវប្រភេទធម្មតាយកបរិមាណបានទេ មានតែការជំរុញនៃការផលិតដោយផ្តោតយកគុណភាព គុណតម្លៃ ដែលអាចផ្តល់តម្លៃបន្ថែមលើការលក់កសិផលរបស់ខ្លួន។ កម្មវិធីស្តង់ដាដំណាំស្រូវនិរន្តរភាព ស្តង់ដាស្រូវសរីរាង្គ ស្តង់ដាស្រូវកសិកម្មកកើតឡើងវិញគឺជាយន្តការមួយធ្វើឱ្យមានតម្លៃបន្ថែមដល់កសិករ ជាពិសេសកសិករខ្នាតតូច និងកសិករដែលអាស្រ័យលើការជួលដីបន្ត»។
ជាមួយគ្នានោះដែរ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីកសិកម្មប្រកបដោយនិរន្តរភាព ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំចំនួន ៣ ដងរួចមកហើយនៅក្នុងខេត្តសៀមរាបដែលឆ្នាំនេះមានលក្ខណពិសេសជាងបណ្តាឆ្នាំកន្លងមក ដោយផ្តោតទៅលើការប្រែប្រួលអាកាសធាតុដោយកំណត់យកប្រធានបទ «ការអនុវត្តកសិកម្មកកើតឡើងវិញឆ្ពោះទៅធ្វើឱ្យកសិកម្មបញ្ចេញកាបូនទាប»។
លោកបានបន្ថែមថា ការកំណត់យកប្រធានបទនេះមានគោលបំណងផ្តល់ការយល់ដឹងនៃកសិកម្មកកើតឡើងវិញ ដើម្បីធ្វើឱ្យការងារកសិកម្ម រួមទាំងការដាំដុះស្រូវ មានភាពធន់ និងប្រកបដោយនិរន្តរភាពដែលជាគោលដៅនៃការចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិកចាប់ពីឆ្នាំ ២០៣០។
លោក ចាន់ សុឃាំង បានបញ្ជាក់ទៀតថា៖ «ការជំរុញឱ្យមានការអនុវត្តស្តង់ដាកសិកម្មនិរន្តរភាព កសិកម្មកកើតឡើងវិញជាផ្នែកមួយយ៉ាងសំខាន់នៃការធ្វើទីផ្សារអង្ករកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញលើបច្ចុប្បន្នភាពនៃកេរ្តិ៍ឈ្មោះអង្ករកម្ពុជាដែលធ្លាប់ទទួលបានពានរង្វាន់អង្ករល្អបំផុតលើពិភពលោក ៥ ដងនៅឆ្នាំ ២០១២, ២០១៣, ២០១៤, ២០១៨ និង ២០២២ សម្រាប់ពូជស្រូវផ្ការំដួល និងពានរង្វាន់មាសចិនអាស៊ានឆ្នាំ ២០២៣ សម្រាប់អង្ករពូជស្រូវសែនក្រអូប ០១»។
«យើងបង្កើនចំណេះដឹងដល់សហគមន៍ និងភាគីពាក់ព័ន្ធអំពីគោលដៅនៃការអនុវត្តស្តង់ដាបច្ចេកទេសកសិកម្មកកើតឡើងវិញ កសិកម្មដំណាំស្រូវនិរន្តរភាពដែលជាគន្លឹះនៃការអភិវឌ្ឍកសិកម្ម ជាពិសេសស្រូវអង្ករឱ្យមានភាពធន់ និរន្តរភាព និងបរិយាបន្ន តាមរយៈគោលការណ៍ធ្វើឱ្យការបញ្ចេញឧស្ម័នកាបូនិកទាប និងការទាញយកអត្ថប្រយោជន៍ផ្សេងៗពីគំនិតផ្តួចផ្តើមថ្មីៗលើពិភពលោកដូចជា មូលនិធិ និងហិរញ្ញប្បទានបៃតងជាដើម»។ នេះបើតាមលោកចាន់ សុឃាំង បញ្ជាក់បន្ថែម។
លោកបានបន្តថា កម្មវិធីទាំងនេះ គឺជាកូនសោគន្លឹះមួយយ៉ាងសំខាន់នៃការសម្រេចផែនការនាំចេញអង្ករកម្ពុជាឱ្យបាន ១ លានតោនក្នុងឆ្នាំ ២០២៥ និងធ្វើឱ្យបរិយាកាសធុរកិច្ចវិស័យស្រូវអង្ករឱ្យល្អប្រសើរប្រកបដោយប្រាក់ចំណេញ ភាពធន់ និងបរិយាបន្ន៕