ភ្នំពេញៈ អង្គការ Wonders of the Mekongបានលើកឡើងថា ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានរកឃើញទីជម្រក សត្វបក្សីខ្សឹប ៨០ ភាគរយ នៅជុំវិញបឹងទន្លេសាប ត្រូវបានបាត់បង់ ដោយសារការទន្ទ្រានដីនៅតំបន់វាលស្មៅធម្មជាតិ ប្រែក្លាយទៅជាតំបន់កសិកម្ម កាន់តែមានទំហំកើនឡើង។
លោក ស៊ុំ ភារុណ ប្រធានកម្មវិធីប្រចាំតំបន់បឹងទន្លេសាប នៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានលើកឡើងថា តាមរយៈការចុះសង្កេតក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាតំបន់ដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេ ក្នុងតំបន់នោះដែរ វាគឺជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថានក្នុងឆ្នាំ ២០១៦ និងជាទីជម្រកវាលស្មៅចុងក្រោយ ដែលនៅសេសសល់សម្រាប់សត្វខ្សឹប។
លោកបន្តទៀតថា មានកត្តាជាច្រើន ដែលធ្វើឱ្យតំបន់អភិរក្សសត្វខ្សឹបស្ទោង នៅតែមានវត្តមានបក្សីខ្សឹប និងសត្វស្លាបសំខាន់ៗផ្សេងទៀតរស់នៅច្រើនជាងគេ គឺដោយសារមានកិច្ចសហប្រតិបត្តិការ យ៉ាងរលូនជាមួយស្ថាប័នពាក់ព័ន្ធជាង ២០ ឆ្នាំកន្លងមក ជាមួយក្រសួង និងមន្ទីរបរិស្ថាន នៃខេត្តកំពង់ធំ និងសៀមរាប ជាពិសេសពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។
លោក ស៊ុំ ភារុណ ថ្លែងថា៖ «ដោយឡែកកត្តាគំរាមកំហែងចំពោះសត្វខ្សឹបទាំងនាពេលកន្លងមក និងទាំងបច្ចុប្បន្ននេះ គឺសត្វខ្សឹប ត្រូវបានថយចុះ ដោយសារការបាត់បង់ទីជម្រក ជាក់ស្ដែងក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ ការទន្ទ្រានដី និងប្រែក្លាយតំបន់វាលស្មៅធម្មជាតិ ទៅជាតំបន់កសិកម្ម ស្រែចម្ការ មានទំហំកាន់តែកើនធំឡើង»។
លោកបានថ្លែងថា៖ «វាលស្មៅប្រហែលជាង ៨០ ភាគរយ នៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ត្រូវបានបាត់បង់់ ធ្វើឱ្យទីជម្រករបស់សត្វខ្សឹប បានធ្លាក់ចុះយ៉ាងគំហុក។ ទាំងនេះ គឺជាមូលហេតុដែលធ្វើឱ្យចំនួនសត្វខ្សឹបធ្លាក់ចុះផងដែរ និងរួមការបរបាញ់ ក៏ជាកត្តាគំរាមកំហែងផ្សេងទៀតដែរ»។
លោក ស៊ុំ ភារុណ បានអះអាងថា ក្រៅពីកត្តាទាំងនោះ បច្ចុប្បន្ននេះ ក៏មានកត្តាគំរាមកំហែងថ្មីមួយទៀត ទើបនឹងកើតមានឡើងនៅក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង នោះគឺខ្សែបណ្តាញចរន្តអគ្គិសនីតង់ស្យុងខ្ពស់ ដែលបានអូសកាត់តំបន់វាលស្មៅនេះ។ តាមការចុះធ្វើការសិក្សាអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា និងសហគមន៍មូលដ្ឋាន បានរកឃើញថា មានសត្វខ្សឹបចំនួន ៦ ក្បាលបានងាប់ ដោយសារហើរបុកខ្សែបណ្តាញអគ្គិសនី ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។
ការបាត់បង់សត្វខ្សឹបចំនួន ៦ ក្បាលនេះ បើធៀបពីចំនួនសត្វខ្សឹបនាពេលបច្ចុប្បន្ននេះ គឺជាចំនួនភាគរយដែលបាត់បង់ដ៏ច្រើនមួយ ពីព្រោះបើយោងតាមស្ថិតិជំរឿនក្នុងឆ្នាំ ២០២៣ របស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) មានសត្វខ្សឹបឈ្មោលបង្ហាញខ្លួនត្រឹមតែ ១៧៦ ក្បាលប៉ុណ្ណោះ។ ក្រៅពីសត្វខ្សឹប ក៏មានប្រភេទសត្វស្លាបផ្សេងៗទៀតមានដូចជា៖ ក្រៀល ក្រសា រនាលពណ៌ ត្រដក់ ក៏បានហើរបុកខ្សែបណ្តាញអគ្គិសនីងាប់ដែរ។
លោកថ្លែងទៀតថា៖ «ជាដំណោះស្រាយ អង្គភាពអគ្គិសនីកម្ពុជា គួរតែមានបំពាក់ឧបករណ៍ឱ្យសញ្ញាដល់សត្វស្លាប ដូច្នេះបើមានការដាក់ឧបករណ៍ចាំងពន្លឺត្រឡប់ភ្ជាប់នឹងខ្សែបណ្តាញអគ្គិសនីបានត្រឹមត្រូវ នោះហានិភ័យអាចនឹងកាត់បន្ថយបានច្រើន»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នាពេលបច្ចុប្បន្ននេះ តំបន់វាលស្មៅធម្មជាតិដែលនៅសេសសល់សម្រាប់ការអភិរក្សសត្វខ្សឹបស្ទើរតែទាំងស្រុង គឺស្ថិតនៅក្នុងតំបន់ការពារធម្មជាតិក្នុងតំបន់វាលស្មៅលិចទឹកបឹងទន្លេសាបដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ខណៈតំបន់ទាំងនោះកំពុងត្រូវបានទ្រទ្រង់វត្តមានសត្វខ្សឹបប្រមាណជាង ៨៥% នៃចំនួនសរុបដែលមាននៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា បើផ្អែកលើទិន្នន័យការជំរឿនសត្វខ្សឹបទូទាំងប្រទេសក្នុងឆ្នាំ ២០២៣ ចំនួនសត្វខ្សឹបឈ្មោលបង្ហាញខ្លួនសរុបមានចំនួន ១៧៦ ក្បាល ដែលចំនួននេះមិនរាប់បញ្ចូលចំនួនសត្វខ្សឹបញី និងសត្វវ័យជំទង់ឡើយ។
លោកថ្លែងថា៖ «បច្ចុប្បន្នសត្វខ្សឹប គឺមានការថយចុះនៅក្នុងពិភពលោក តែចំនួនសត្វខ្សឹបនៅប្រទេសកម្ពុជា វាហាក់បីដូចជាចំនួនសត្វខ្សឹបនៅថេរនៅឡើយទេ ដោយសារយើងនៅមានទីជម្រកសមស្របនៅក្នុងតំបន់ការពារធម្មជាតិ និងការការពារបានល្អប្រសើរ»។
លោកថ្លែងថា ដើម្បីការពារទីជម្រកសត្វខ្សឹបដែលជាប្រភេទសត្វស្លាបដ៏មានសារៈសំខាន់នេះ ក្រសួងបរិស្ថាន បានបង្កើតតំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើងលើផ្ទៃដីជាង ៣ ម៉ឺនហិកតា រួមទាំងជម្រកពងកូន និងជម្រករកចំណីរបស់សត្វខ្សឹប។ មិនតែប៉ុណ្ណោះក្រសួងបរិស្ថាន ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរបរិស្ថានខេត្តកំពង់ធំ និងសៀមរាប លើសកម្មភាពការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសសត្វព្រៃដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។
ក្រសួងបរិស្ថាន បានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយពីសារៈសំខាន់សត្វខ្សឹប និងការយាមសម្បុកពងកូនសត្វខ្សឹប ក៏ដូចជាការបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ និងសកម្មភាពធ្វើស្រូវប្រកបដោយនិរន្តរភាព។
បក្សីខ្សឹបមានឈ្មោះវិទ្យាសាស្ត្រ (Houbaropsis bengalensis) មានដើមកំណើតនៅក្នុងឧបទ្វីបឥណ្ឌា និងប្រទេសកម្ពុជា។ ខ្សឹបជាប្រភេទបក្សីកម្រ និងជិតផុតពូជ ដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ក្នុងឆ្នាំ ២០១៨។
យោងតាមការសិក្សាមួយដោយផ្អែកលើតួលេខពីប្រទេសកម្ពុជា បានប៉ាន់ប្រមាណថា ចំនួនសត្វខ្សឹបនៅលើពិភពលោក មានការថយចុះយ៉ាងឆាប់រហ័ស ក្នុងពេលចុងក្រោយនេះ។ អត្រានៃការថយចុះនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាតែមួយ ស្មើនឹងការធ្លាក់ចុះនៃចំនួនសត្វខ្សឹបនៅលើពិភពលោកជាង ៨០%៕