ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញ ដែលជាប្រទេសស្ថិតនៅប៉ែកអឺរ៉ុប គឺលោកស្រី Dominique Hasler បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៤ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើផ្នែកអភិវឌ្ឍន៍ វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតបុរីក្សត្រលិចតិនស្តាញមកកាន់កម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញពីលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា។ អំឡុងនៅកម្ពុជា លោកស្រី Dominique Hasler នឹងជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា លើកិច្ចសហប្រតិបត្តិការនានា បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងជាកង្វល់រួមរវាងកម្ពុជានិងលិចតិនស្តាញ។
បន្ថែមពីនេះរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី ២៨ ខែកុម្ភៈ។
ក្រៅពីនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសលិចតិនស្តាញនឹងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសទាំង ២។ លើសពីនេះ លោកស្រីនឹងចុះពិនិត្យគម្រោងនានាដែលគាំទ្រដោយការិយាល័យ អភិវឌ្ឍន៍លិចតិនស្តាញនៅកម្ពុជាផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់ថា៖« ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី Dominique Hasler នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ សំដៅជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំង ២»។
ទាក់ទិនរឿងនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ដំណើទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលិចតិនស្តាញមកកាន់កម្ពុជាជារឿងសំខាន់ ដើម្បីជាប្រយោជន៍ផ្នែកការទូតដែលរដ្ឋាភិបាលកំពុងធ្វើពិពិធកម្មនិងប្រយោជន៍ផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម។
លោកបានបន្តថា មិនថាប្រទេសតូចឬធំនោះទេ គឺមិនសំខាន់ឡើយ ព្រោះកម្ពុជាត្រូវបង្កើនការរាប់អានមិត្តឱ្យបានកាន់តែច្រើន ដើម្បីប្រយោជន៍ជាតិ ទើបជារឿងសំខាន់។
លោកថ្លែងថា៖ «ស្របពេលរដ្ឋាភិបាលកំពុងធ្វើពិពិធកម្មការទូត ហើយផ្តោតសំខាន់ផ្នែកការទូតសេដ្ឋកិច្ច ការមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសផ្សេងៗ យើងអាចទាញផលប្រយោជន៍ផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ហើយជាមុខមាត់ការទូតកម្ពុជាផងដែរ ខណៈកម្ពុជាបង្កើនទំនាក់ទំនងផ្លូវការកាន់តែច្រើនឡើង»។
សម្រាប់លោក គិន ភា ការបោះជំហានការទូតរវាងកម្ពុជានិងលិចតិនស្តាញជាសញ្ញាណវិជ្ជមាននៃការទូតរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ខណៈដែលវត្តមានប្រទេសតូចឬធំ សុទ្ធតែសំខាន់ ហើយសំឡេងរបស់ប្រទេសនានាក្នុងយន្តការអន្តរជាតិ តួយ៉ាងកៅអីនៅអង្គការសហប្រជាជាតិមានសំឡេងស្មើគ្នាដែលអាចជួយគាំទ្រកម្ពុជាលើឆាកអន្តរជាតិបាន។
គួរជម្រាបជូនថា លិចតិនស្តាញជាប្រទេសតូចមួយជាងគេលំដាប់ទី៤ នៅតំបន់អឺរ៉ុបដែលមានផ្ទៃដីត្រឹមតែ ១៦០ គីឡូម៉ែត្រការ៉ែតែប៉ុណ្ណោះ ជាមួយចំនួនប្រជាជនជិត ៤ ម៉ឺននាក់ ប៉ាន់ស្មាននៅឆ្នាំ ២០២៤ ដែលផ្អែកតាមការព្យាករដោយអង្គការសហប្រជាជាតិ។ លិចតិនស្តាញស្ថិតនៅភាគខាងកើតក្នុងតំបន់អឺរ៉ុបដែលមានព្រំប្រទល់ជាប់នឹងប្រទេសអូទ្រីសនិងស្វ៊ីសហើយប្រើប្រាស់ភាសាអាល្លឺម៉ង់ជាភាសាផ្លូវការ។
គួរជម្រាបថា កាលពីខែកញ្ញា ឆ្នាំ ២០២៣ កម្ពុជា-លិចតិនស្តាញ បានឯកភាពជំរុញចុះហត្ថលេខាព្រមព្រៀងក្របខ័ណ្ឌក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានឆាប់ដើម្បីភាគីលិចតិនស្តាញ អាចចាប់ផ្តើមផ្តល់ជំនួយក្នុងវិស័យនេះដល់កម្ពុជា។ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោក សុខ ចិន្តាសោភា និងលោកស្រី Dominique Hasler នៅឯទីកដីសហរដ្ឋអាមេរិក៕