សៀមរាប/កំពង់ឆ្នាំងៈ គម្រោងសាងសង់អគារសារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាប និងអគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីននៅខេត្តកំពង់ឆ្នាំង ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ១៤ លានដុល្លារ បានចាប់ផ្តើមសាងសង់ចាប់ពីចុងខែកុម្ភៈដោយគ្រោងបញ្ចប់នៅឆ្នាំ ២០២៥។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ ខែកុម្ភៈ។
គួរជម្រាបថា កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនាបានទទួលជួបពិភាក្សាការងារជាមួយលោក HEIMA HIROSHI ប្រធានក្រុមហ៊ុន SATO KOGYO Co.Ltd ដែលក្រុមហ៊ុននេះមានស្នាក់ការនៅក្រុងតូក្យូ។ ក្រុមហ៊ុន SATO KOGYO នេះបានទទួលកិច្ចសន្យាក្នុងការសាងសង់អគារសារមន្ទីរតេជោសន្តិភាពនិងអគារសិក្សាសម្រាប់អង្គភាពស៊ីម៉ាក់។
លោក ហេង រតនា បានបញ្ជាក់ថា៖«នេះជាការអនុវត្តគម្រោងជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ក្នុងការពង្រឹងសមត្ថភាពហ្វឹកហ្វឺនអន្តរជាតិ និងផ្សព្វផ្សាយពីវិនាសកម្មនៃសង្គ្រាម» ។
លោកបានឱ្យដឹងថា អគារទាំង ២ នេះ នឹងត្រូវចាប់ផ្ដើមសាងសង់ដោយប្រើរយៈពេល ១៨ ខែ ចាប់ពីចុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ រហូតដល់ខែសីហា ឆ្នាំ ២០២៥ ក្នុងទំហំទឹកប្រាក់ប្រមាណជិត ១៤ លានដុល្លារ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ធ្វើការសាងសង់សំណង់អគារទាំងនោះ។
លោកបានបញ្ជាក់ថា៖ «គោលដៅសំខាន់នៃការសាង់សង់អគារទាំងនេះ គឺយើងនឹងមានថ្នាក់រៀន សាលប្រជុំ ដើម្បីទទួលការហ្វឹងហ្វឺនជាលក្ខណៈអន្តរជាតិសម្រាប់អ្នកដែលមកពីប្រទេសផ្សេងៗ ដូចជា អាហ្វ្រិក និងអ៊ុយក្រែនជាដើម។ ដោយឡែកសារមន្ទីរសន្តិភាពវិញ គឺយើងសាងសង់ដើម្បីមានកន្លែងផ្សព្វផ្សាយអំពីវិបត្តិនៃសង្គ្រាម ក៏ដូចជាលើកកម្ពស់នយោបាយសន្ដិភាពទាំងកម្ពុជា និងប្រទេសក្នុងសកលលោកដែរ»។
បើតាមលោកហេង រតនា តាមផែនការអគារសិក្សារបស់អង្គភាពស៊ីម៉ាក់ក្នុងខេត្តកំពង់ឆ្នាំងដែលត្រូវសាងសង់រួមមាន អគារសាលប្រជុំចំនួន១ខ្នង ដែលអាចផ្ទុកមនុស្សបាន ៤០០ នាក់ អគារសិក្សាចំនួន ១ ខ្នង មាន ១០ បន្ទប់ អគារអន្ដេវាសិកដ្ឋានមាន ២ ខ្នង សម្រាប់សិក្ខាកាមស្នាក់នៅបានចំនួន ១២០ នាក់ និងអគារអាហារដ្ឋានចំនួន ១ ខ្នង។
ចំពោះអគារសារមន្ទីរតេជោសន្ដិភាពស្ថិតនៅខេត្តសៀមរាបវិញ ជាអគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ ១០៨ ម៉ែត្រគុណ ១០៨ ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត ៥២ ម៉ែត្រមាន ២ ជាន់ កម្ពស់ ១៧ ម៉ែត្រ មានទំហំជាង ១៥ ០០០ ម៉ែត្រការ៉េ ហើយអាចក្លាយជាអគារមានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក។
លោកបានបន្ថែមថា៖ «ការអនុវត្តជំនួយនេះសម្រាប់យើងជាផលប្រយោជន៍ធំធេងណាស់ពីព្រោះបានបម្រើដល់ការពង្រឹងធនធានមនុស្សសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក៏ដូចជា ផ្សព្វផ្សាយពីវិនាសកម្មនៃសង្គ្រាមផងដែរ»៕