ក្រចេះៈ ​ក្រុម​ការងារ​ស្រាវ​ជ្រាវ​នៃ​រដ្ឋ​បាល​ជល​ផល​ និង​អង្គ​ការ​មូល​និធិ​សកល ​សម្រាប់​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ WWF​ ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​នឹង​កើត​ថ្មី ១ ​ក្បាល​ទៀត ​ស្ថិត​នៅ​អន្លង់​ព្រះ​សង្ឃ​ ជាប់​នឹង​អន្លង់​កាំ​ពី ខេត្ត​ក្រចេះ ​ខណៈ​កូន​ផ្សោត​នេះជា​កូន​ផ្សោត​ទី​៣​ ហើយ ​ដែល​ត្រូវ​បាន​កត់​ត្រា​ក្នុង​ឆ្នាំ​២០២៤​។​

​កូន​ផ្សោត​ទើបនឹ​ង​កើត​ថ្មី​ ១ ​ក្បាល​នេះ ​ត្រូវ​បាន​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃទី​ ២៣ ​ខែកុម្ភៈ ​ឆ្នាំ​ ២០២៤ នៅ​អន្លង់​ព្រះស​ង្ឃស្ថិត​ក្នុង​ភូមិ​សំបុក​ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះជាប់​នឹង​អន្លង់​ផ្សោត​កាំ​ពី​។ 

​កូន​ផ្សោត​កើត​ថ្មី​នេះដែ​រ ​ស្ថិត​នៅក្នុង​ហ្វូង​សត្វ​ផ្សោត​ចំនួន​ ៦​ ក្បាល​ផ្សេង​ទៀត ហើយ​វា​គឺជា​កូន​ផ្សោត​ទី​៣ ដែល​បាន​កើត​នៅ​ដើម​ឆ្នាំ​ ២០២៤ ​នេះ​។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុករ​បស់​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៩ ​ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​លោក ​អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋាន​អភិរ​ក្ស​ជល​ផល​នៃ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ ​និង​នេ​សាទ បាន​ឱ្យ​ដឹង​ដែរ​ថា ​កូន​ផ្សោត​ដែល​ទើប​តែ​កើត១​ក្បាល​ទៀត​នេះមាន​អាយុ​ប្រហែល​ជា៧​ថ្ងៃ​ហើយ បើ​គិត​ចាប់​ពី​ថ្ងៃទី ​២៣ ខែ​កុម្ភៈ រហូត​មក​ដល់​ពេល​នេះ​។​ 

លោកបាន​បន្ត​ថា មូល​ហេតុ​ដែល​រដ្ឋ​បាល​ជល​ផល​ទើបតែ​ផ្សព្វ​ផ្សាយ​ពី​វត្ត​មាន​កូន​ផ្សោត​នេះ គឺ​ដោយ​សារ​កូន​ផ្សោត​នេះ​ចម្លែក​ខុស​ពី​កូន​ផ្សោត​ដែល​បាន​កើត​ផ្សេង​ទៀត ​ពីព្រោះ​នៅ​ពេល​មេ​ផ្សោត​បណ្ដើរ​កូន​ផ្សោត​នេះ​ មាន​ការ​បំពាន​ពី​ផ្សោត​បា​នប្រហែល​ជា ​៣ ឬ​ ៤ ​ក្បាល ​ដោយ​ព្រួត​គ្នា​ធ្វើបាប​ដូច​ជា ​ការ​វ៉ៃ​ទៅលើ​កូន​ផ្សោត ​១ ​ក្បាល​នេះ ​ដើម្បី​ដណ្ដើម​យក​មេ​ផ្សោត​ជា​ដើម​។ 

«​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​ការងារ​អភិ​រក្សបាន​ធ្វើ​ការ​តាម​ដាននិង​ជួយ​សង្គ្រោះ​ទៅលើ​កូន​ផ្សោត​ ១ ​ក្បាល​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ឱ្យ​កូន​ផ្សោត​នេះ ​មាន​ជីវិត និង​សុវត្ថិ​ភាព​ ទើប​រដ្ឋបាល​ជល​ផល​សម្រេច​ថា​ផ្សព្វ​ផ្សាយ​ពី​វត្ត​មាន​កូន​ផ្សោត​នេះ​ឱ្យ​សា​ធា​រណ​ជន​បាន​ដឹង​»​។ នេះ​បើ​តាម​បញ្ជាក់​របស់​លោក ​អ៊ុក​ វិបុល​។​

​លោក​បាន​ថ្លែង​ថា​៖ «​ចំពោះ​ការ​គំរាម​កំហែង​នេះ​យើង​បាន​ដាក់​ក្រុម​ការងារ​ជួយ​សង្គ្រោះ ដើ​ម្បី​បំបែក​ចេញពី​ក្រុម​ផ្សោត​ឈ្មោល​កុំ​ឱ្យ​ធ្វើ​បាប​ផ្សោត​ញី​ក៏ដូច​ជា​កូន​ផ្សោត​ទើប​នឹង​កើត​ទាំង​នោះ​។មួយ​វិញ​ទៀត​យើង​សូម​ផ្ដាំ​ឱ្យ​ប្រជាព​លរដ្ឋ​ដែល​ជា​អ្នក​នេសាទ​ ត្រូវធ្វើ​យ៉ាង​ម៉េច​ចៀស​ឆ្ងាយ​ពី​អន្លង់​ផ្សោត​រស់​នៅពីព្រោះ​វា​ងាយ​នឹង​ជាប់​មងនិង​ឧប​ករណ៍​នេ​សាទ​មិន​ស្រប​ច្បាប់​ផ្សេង​ទៀត​»​។​

​ទន្ទឹម​នេះ លោក​ណែ​នាំ​ឱ្យ​ប្រជា​ពល​រដ្ឋ ក៏ត្រូវ​ចៀស​វាង​ការប្រើ​ប្រាស់​ឧប​ករណ៍​នេសាទ​ដែល​បង្ក​ហានិ​ភ័យ​ដល់​សត្វ​ផ្សោត​ពីព្រោះ​ផ្សោត​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ធម្ម​ជាតិ​មាន​ជីវិត​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា ​ហេតុ​នេះ​ត្រូវ​ចូល​រួម​ថែរក្សា​ទាំង​អស់​គ្នា ​និង​ត្រូវ​ចូល​រួម​រាយ​ការណ៍​មក​ខាង​ជល​ផល​ ប្រសិនបើ​បាន​ឃើញ​វត្ត​មាន​កូន​ផ្សោត​ទើប​នឹង​កើត ក៏​ដូច​ជា​ បាន​ឃើញ​ការ​បំពាន​ផ្សោត​ឈ្មោល​ត្រួត​គ្នា​ធ្វើ​បាន​កូន​ផ្សោត​ផង​ដែរ​។​

​បើតាម​លោក​ អ៊ុក វិបុល គិត​ត្រឹម​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤ ​នេះ​ កម្ពុជា​ទទួល​បាន​កូន​ផ្សោត​ចំនួន ៣​ ក្បាល​ហើយ ​ដូច្នេះ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២៣ ​មាន​កូន​ផ្សោត​កើត ១ ​ក្បាល​ទេ។ ​ចំណែក​ឆ្នាំ ​២០២២​ មិន​មាន​វត្ត​មាន​កូន​ផ្សោត​កើត​មក​ឡើយ ​ខណៈ​ឆ្នាំ​ ២០២១ ​វិញ​មាន​កូន​ផ្សោត​កើត ១​ ក្បាល​ តែ​ប៉ុណ្ណោះ​។

លោក​បន្ថែម​ថា ហេតុ​នេះ​ មក​ដល់​ឆ្នាំ​ ២០២៤​ នេះ​ គឺមាន​ចំនួន​វត្ត​មាន​កូន​ផ្សោត​បាន​កើត​មក​ច្រើន​ ដែល​​តួលេខ​នេះ​ វា​ជា​និន្នា​ការ​មួយ​ដ៏​ល្អ​នា​ពេល​អនា​គត ​ដែល​វត្ត​មាន​ផ្សោត ​នឹង​មាន​ចំនួន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។​

​ដោយ​ឡែក ​លោក​ សេង ​ទៀក នាយក​ប្រតិ​បត្តិ​អង្គការ​មូល​និធិ​សកល​សម្រាប់​អភិ​រក្ស​ធន​ធាន​ធម្មជាតិ​ WWF បាន​ថ្លែង​បញ្ជាក់​ដែរ​ថា រាល់​ការ​ទទួល​បាន​វត្តមាន​កូន​ផ្សោត​ដែល​ទើប​នឹង​កើត​ថ្មី​ទៀត​នេះ ​គឺ​នឹង​ធ្វើឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ​កាន់​តែ​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​បន្ថែម​ទៀត​ទៅ​លើ​ការងារ​ចុះ​ល្បាតនិង​បង្ក្រាប​ទៅ​លើ​បទ​ល្មើស​នេ​សាទ ​ដោយ​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​ឆក់ និង​មង​នេ​សាទ​ជា​ដើម​។​

​លោក​ថ្លែង​បន្ថែម​ថា​៖ «​ក្នុង​នាម​យើង​ជា​អ្នក​អភិ​រក្ស ​និង​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​របស់​រាជរ​ដ្ឋាភិ​បាល​ កំណត់​ត្រា​កូន​ផ្សោត​កើត​ថ្មី​នេះគឺជា​ព័ត៌​មាន​ល្អ​ លើក​ទឹក​ចិត្ត និង​ផ្តល់​នូវ​ក្តីសង្ឃឹម​។ ដូច្នេះ​រួមគ្នា ​យើង​ចូល​រួម​ការ​ពារ​សត្វ​ផ្សោត និង​រក្សា​លំហូរ​សេរី​នៃ​ទន្លេ​មេគង្គ​ដែល​ជា​ប្រភព​ទ្រទ្រង់​ជីវិត​ដ៏​សំខាន់​សម្រាប់​សត្វ​សំខាន់ៗ​ និង​មនុស្ស​ផង​»​។​

​ក្នុង​ឆ្នាំ​២០២៣​ កន្លង​មក​ ​កម្ពុជា​ទទួល​បាន​កូន​ផ្សោត​ចំនួន ​៨​ ក្បាល​ ប៉ុន្តែ​បាន​ងាប់​ទៅវិ​ញ​អស់ ២​ ក្បាល​ហើយ ​ដូច្នេះ​នៅ​សល់​តែ​កូន​ផ្សោត​តែ ៦​ ក្បាល​ប៉ុណ្ណោះ​។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​តាម​ការ​ប៉ាន់​ស្មាន​ផ្សោត​ដែល​រស់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង និ​ង​ក្រចេះ ​មាន​ចំនួន​ប្រមាណ​ជា​ ៩០​ ក្បាល ​ទាំង​ផ្សោត​មេ​ពូជ​ក៏​ដូច​ផ្សោត​វ័យ​ជំទង់​។នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ទៀត​របស់​លោក​ អ៊ុក​ វិបុល​៕