លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ តាមរយៈ ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​របស់​ក​ម្ពុ​ជា និង​ក្រសួងការបរទេស​នៃ​ប្រទេស​ថៃ បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ទប់ស្កាត់​ផ្សែង​អ័ព្ទ និង​ការបំពុល​ទៅក្នុង​បរិយាកាស ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង ២។

លោក ខ្វៃ អាទិ​ត្យា បានលើកឡើង​បែបនេះ តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅក្រោយ​បញ្ចប់​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ចាក់​កា​ពុង សុង​ម៉ា​នី អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ថៃ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​ ២ កុម្ភៈ ឆ្នាំ​ ២០២៤​។

លោក​បញ្ជាក់ទៀតថា នៅក្នុង​ជំនួប​គ្នា​នេះ ក៏មាន​វត្តមាន​លោក ឈឺ​ត​គៀត អាត​ថា​ខន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូត​ប្រទេស​ថៃ​ប្រចាំ​នៅ​កម្ពុជា ដែល​បានទទួល​ការអនុញ្ញាត ចូលរួម​ជួប​សម្តែង​ការគួ​សម​ដោយផ្ទាល់ នា​ទីស្តីការ​ក្រសួងបរិស្ថាន​។

នាឱកាស​នោះ លោក ​ឈឺ​ត​គៀត អាត​ថា​ខន បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា ដែល​បាន​អនុញ្ញាតឱ្យ បាន​ចូលជួប​សម្តែង​ការគួរសម ជាពិសេស​គឺ​បាន​អនុញ្ញាតឱ្យ​លោក ចាក់​កា​ពុង សុង​ម៉ា​នី បាន​ជួបពិភាក្សា​ការងារ តាម​ទូរស័ព្ទ​ផងដែរ​។

នាឱកាស​នោះ លោក ចាក់​កា​ពុង សុង​ម៉ា​នី បានលើកឡើង​អំពី​បញ្ហា​ផ្សែង​អ័ព្ទ ដែល​តែង​កើត​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព របស់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង ២។

លោក​បន្តថា ចំពោះ​បញ្ហា​នេះ​ប្រទេស​ថៃ ចាំបាច់​ត្រូវការ​ការរួមចំណែក​ពី​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​តំបន់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយ​បង្កើតឱ្យមាន​ក្រុមការងារ ឧបករណ៍​បច្ចេកទេស សម្រាប់​ត្រួតពិនិត្យ និង​ដោះស្រាយ​លើ​បញ្ហា​នេះ ព្រមទាំង​បង្កើតជា​ប្រព័ន្ធ​ Hot-Line​ ពិសេស រវាង​ថៃ​និង​កម្ពុជា​។

លោក ចាក់​កា​ពុង សុង​ម៉ា​នី បន្តថា កន្លងមក លោក​ស្រេ​ត​ដ្ឋា ទវី​សិន នាយករដ្ឋមន្ត្រី​ថៃ ធ្លាប់បាន​ជួបពិភាក្សា​ចំនួន​ ២ ​ដង​រួចមកហើយ​លើ​បញ្ហា ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
 
​ជាការ​ឆ្លើយតប លោក អ៊ាង សុផល្លែត បាន​ថ្លែងអំណរគុណ​ចំពោះ អនុរដ្ឋមន្ត្រី​ប្រទេស​ថៃ ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង ចំពោះ​បរិស្ថាន​ក្នុង​តំបន់​។

លោក​បាន​ថ្លែងថា​៖ «​ជា​ការពិត​បរិស្ថាន​មិនមាន​ដែន​កំណត់​ដូច​ព្រំប្រទល់ នៃ​ប្រទេស​នីមួយៗ​នោះទេ ហើយ​ការណ៍​នេះ យើង​ចាំបាច់​ត្រូវ​រួមគ្នា​ទប់ស្កាត់ និង​សម្អាត​ប្រទេស​យើង ឱ្យ​ស្អាត​ដូចដែល​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ឆ្នាំ​ ២០២៣- ២០២៨ ​របស់​កម្ពុជា បានដាក់​ចេញ ដែល​ក្រសួងបរិស្ថាន​បាន​កំពុង​អនុវត្ត​លើ​គោលដៅ​អាទិភាព ​៣ គឺ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​»​។

ចំពោះ​ក្តីបារម្ភ​លើ​ផ្សែង​អ័ព្ទ​នេះ លោក អ៊ាង សុផល្លែត បាន​លើក​បង្ហាញ នូវ​របាយការណ៍​ដែល​កម្ពុជា​បាន​តាមដាន​គុណភាព​ខ្យល់​ជាប្រចាំ តាមរយៈ​ឧបករណ៍​ស្វ័យប្រវត្តិ និង​ស្ថានីយ​តាមដាន ត្រួតពិនិត្យ​គុណភាព​ខ្យល់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​។ ជា​លទ្ធផល ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ ត្រូវបាន​ស្រង់​និង​បង្ហាញ​ស្ថិតក្នុង​កម្រិត​ល្អប្រសើរ ដោយមាន​ការប្រែប្រួល​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ គឺ​កម្រិត​ភាគល្អិត​និចល PM2.5 មាន​ជា​មធ្យម​ចន្លោះ​ពី ៩,២១ µg/m3 ទៅ ៣២,៦៨ µg/m3 (​កម្រិតស្តង់ដា​PM2.5 គឺ​តូច​ជាង ៥០ µg/m3)​។ កម្រិត​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​នៅ​កម្ពុជា នាពេល​កន្លងមកនេះ មិនមាន​ការបង្ក​ហានិភ័យ ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ទេ​។

លោក អ៊ាង សុផល្លែត បានបញ្ជាក់​បន្ថែមថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ឆ្លើយតប​នឹង​ការបំពុល ទាំង​នៅលើ​គោក លើ​អាកាស និង​នៅក្នុង​ទឹក ទើប​ក្នុង​រយៈពេល​ជាង​ ១០០​ ថ្ងៃ​កន្លងមកនេះ លោក​បាន​ដាក់ចេញ នូវ​យុទ្ធនាការ ផ្ទៃមេឃ​ពណ៌​ខៀវ (blue sky campaign) ដែល​ស្រដៀង​នឹង​កម្មវិធី Clear Sky របស់​ប្រទេស​ថៃ​ដែរ​។

បើតាម លោក អ៊ាង សុផល្លែត កម្ពុជា និង​ថៃ​បាន​ប្តេជ្ញាចិត្ត​រួមគ្នា ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ល្អ ទៅវិញទៅមក ឆ្លើយតប​នឹង​ការទប់ស្កាត់​ផ្សែង​អ័ព្ទ ការបំពុល​ដោយ​សំណល់ និង​ប្លា​ស្ទិ​ក នៅក្នុង​បរិយាកាស ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ជា​មិត្ត ក្នុង​តំបន់​អាស៊ាន​មាន​ភាព​ស្អាត គឺ​ស្អាត​ទាំង​បរិយាកាស​ជុំវិញ ស្អាត​ចិត្ត និង​ស្អាត​ទាំង​សុខភាព​៕