គណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយតម្លាភាព និងក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក។
ការអនុម័តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលដឹកនាំកិច្ចប្រជុំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា ឆ្លង និងអនុម័តនូវរបៀបវារៈចំនួន ៥ រួមទាំងសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ១៨ ជំពូក និង ២៧៥ មាត្រា ដោយកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាងនិង ថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និង ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
គណៈរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា៖ «វិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ គឺអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់ នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុង ដែនដី និងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌរបស់កងកម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយ ឡែក»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣ ខែកុម្ភៈនេះថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យដឹកជញ្ជូនខាងផ្លូវទឹក ខណៈដែលប្រទេសកម្ពុជា មានទីតាំងជាប់នៅផ្លូវទឹកច្រើន ដូចជា ទន្លេ សមុទ្រជាដើម។
លោកបានបញ្ជាក់បន្ថែមដូច្នេះថា៖ «ដូចយើងដឹងស្រាប់ហើយ រាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ដូចជាការសាងសង់កំពង់ផែ ព្រែកជីកជាដើម ដែលទាំងនេះសុទ្ធតែត្រូវការច្បាប់ ដើម្បីគ្រប់គ្រង។ ក្នុងចំណោមមធ្យោបាយដឹកជញ្ជូនទាំងអស់ ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃសមរម្យ និងមានសក្តានុពលជាងគេ។ ដូច្នេះការរៀបចំឱ្យមានច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនាពេលនេះ គឺចំពេលវេលាតែម្តង»។
លោក ស៊ិន ចន្ធី រំពឹងដែរថា នៅពេលដែលសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វានឹងអាចជំរុញឱ្យវិស័យដឹកជញ្ជូនតាមផ្លូវទឹកកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ដែលអាចទាក់ទាញការវិនិយោគលើវិស័យនេះ កាន់តែច្រើន។
បើតាមសេចក្តីប្រកាសព័ត៌មាន សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បញ្ចកោណទី២ មុំទី២ ត្រង់ចំណុចទី៤ ដែលបានរំលេចយ៉ាងច្បាស់ពីការពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ៕