ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងកូនក្តាមសេះ អាយុ ២០ ថ្ងៃ ចំនួន ៥០ ម៉ឺនកូន ចូលក្នុងតំបន់ដែននេសាទសហគមន៍ទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីបង្កើនផលស្តុកក្ដាមសេះក្នុងជម្រកធម្មជាតិ និងជាផ្នែកមួយក្នុងការចូលរួមអភិរក្សផងដែរ។
ពិធីលែងកូនក្តាមសេះ បានធ្វើឡើងកាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺលោក ឡោ រស្មី និងលោកស្រី ហ៊ូ សុពណ៌ និងមានការចូលរួមពី អភិបាលរង មេឃុំទាំង ៣ នៅក្នុងស្រុកស្ទឹងហាវ មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តព្រះសីហនុ តំណាងសហគមន៍វារីវប្បកម្ម និងតំណាងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ(WEA) ផងដែរ។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម។
ពិធីលែងកូនក្តាមសេះនេះ រៀបចំឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងបង្កើនផលស្តុកក្ដាមសេះក្នុងជម្រកធម្មជាតិ។
បើតាមក្រសួងកសិកម្ម ក្តាមសេះដែលត្រូវបានលែងទាំងនោះ គឺបន្ទាប់ពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៃរដ្ឋបាលជលផល បានយកក្តាមសេះញីដែលមានពងខាងក្រៅ មកថែរក្សា និងភ្ញាស់ រួចបំប៉នឱ្យក្លាយជាកូនក្តាមសេះ។
លោក ជា ផល្លីន ប្រធានប្រតិបត្តិ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA)បានប្រាប់ឱ្យដឹងបន្ថែមថា ក្តាម គឺជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ប្រជានេសាទតាមតំបន់ឆ្នេរ ដូច្នេះការលែងក្តាមមានពងក្រៅស្នូកនេះ នឹងចូលរួមធានាផលស្តុកក្តាមឱ្យមានស្ថិរភាព។
លោកបានបញ្ជាក់ថា៖ «ភាគីពាក់ព័ន្ធ រៀបចំកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរួមគ្នា ក្នុងការបង្កើនផលស្តុកក្តាមធម្មជាតិឡើងវិញ និងដើម្បីនិរន្តរភាពនៃការផ្គត់ផ្គង់ក្តាមពីធម្មជាតិ នៅក្នុងប្រទេសយើង។សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ដើម្បីជួយធានាផលស្ដុកក្តាមក្នុងប្រទេសយើង ដោយការចូលរួមគឺត្រូវអនុវត្ត ៤ កុំ ចំពោះក្តាមដែលមានពងក្រៅស្នូក ពោល កុំចាប់ កុំទិញ កុំលក់ កុំបរិភោគ និង ៤ ត្រូវ គឺ ត្រូវគោរពច្បាប់ ត្រូវលែង ត្រូវចូលរួម និងត្រូវធ្វើជាគំរូ»៕