មន្ត្រីជាន់ខ្ពស់អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែ ប្រកបដោយវិជ្ជាជីវៈ និងបំពេញតួនាទីឱ្យបានត្រឹមត្រូវ។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយបុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ ក្នុងពិធីនេះ មានអញ្ជើញចូលរួមពីមន្ត្រីខេត្ត ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាង អង្គភាព ស្ថាប័ន ដែលពាក់ព័ន្ធ នាយប៉ុស្តិ៍ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិទាំងអស់ក្នុងខេត្តព្រះសីហនុ។ នេះបើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
នាពិធីនោះលោក សុខ វាសនា បានណែនាំដល់នគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តនេះ ត្រូវបំពេញភារកិច្ចឱ្យមានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវ។ លោកបានថ្លែងថា៖«មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ សូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឱ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ»។
ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យនគរបាលអន្តោប្រវេសន៍ក្នុងខេត្តព្រះសីហនុ គ្រប់គ្រងឱ្យបាននូវចំនួនជនបរទេសដែលបានស្នាក់នៅក្នុងខេត្ត និងជនបរទេសអន្តោប្រវេសន៍ ជាពិសេសការលួចឆ្លងដែន ឧក្រិដ្ឋកម្ម និងការជួញដូរខុសច្បាប់តាមផ្លូវទឹក។
បន្ថែមពីនេះលោក សុខ វាសនា បានណែនាំឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ចូលរួម ផ្សព្វផ្សាយទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ។
សូមជម្រាបថា ច្រកទ្វារកំពង់ផែអន្តរជាតិនៅខេត្តព្រះសីហនុរួមមាន ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង,ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ, ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងទីស្នាក់ការត្រៀមបណ្ដេញចេញប្រចាំនៅខេត្តព្រះសីហនុ៕