ភ្នំពេញៈ កម្ពុជា និងបណ្តាប្រទេសចំនួន ១២ ទៀត បានផ្តល់អនុសាសន៍គន្លឹះចំនួន៧ចំណុច សម្រាប់ការអភិវឌ្ឍវិស័យមុខងារសាធារណៈសកលប្រកបដោយប្រសិទ្ធភាព ខណៈដែលប្រទេសទាំងនេះបានចែករំលែកវិធីសាស្ត្រទំនើបក្នុងការបង្កើនផលិតភាពក្នុងវិស័យសាធារណៈ នៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលសកល។
កិច្ចប្រជុំ កំពូលរដ្ឋាភិបាលសកលឆ្នាំ២០២៤ ធ្វើឡើងដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាសំខាន់ៗក្នុងវិស័យមុខងារសាធារណៈ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ នៅវិទ្យាស្ថានបណ្តុះបណ្តាលមន្ត្រីរាជការសិង្ហបុរី នៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងនោះដែរកម្ពុជា និងបណ្តាប្រទេសចំនួន១២ផ្សេងទៀត ក៏បានចូលរួមផងដែរ រួមមាន សិង្ហបុរីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ, ចក្រភពអង់គ្លេស អូស្រ្ដាលី នូវែលសេឡង់ ហ្គាណា នីហ្សេរីយ៉ា ម៉ាល់តា ហ្វីលីពីន ឥណ្ឌូនេស៊ី កោះកៃម៉ាន អាស៊ែបៃហ្សង់ និងអេស្តូនី បានផ្តល់អនុសាសន៍គន្លឹះសម្រាប់អភិវឌ្ឍវិស័យមុខងារសាធារណៈសកល ប្រកបដោយប្រសិទ្ធភាព។
លោក ឌុច ដារិន្ទ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានចូលរួមកិច្ចប្រជុំ កំពូលរដ្ឋាភិបាលសកលឆ្នាំ២០២៤ ព្រមទាំងបានចូលរួមធ្វើបទបង្ហាញលើប្រធានបទ ស្តីពីការសម្រេចបានបរិវត្តកម្មពិតប្រាកដ៖ វិធីសាស្រ្តទំនើប ក្នុងការបង្កើនផលិតភាពក្នុងវិស័យមុខងារសាធារណៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈថា វេទិការដ្ឋាភិបាលសកល សហការជាមួយរដ្ឋាភិបាលសិង្ហបុរី រៀបចំកិច្ចប្រជុំនេះ ក្នុងគោលបំណងពិភាក្សាផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើទស្សន:របៀបរបបនៃការដឹកនាំ និងចូលរួមដោះស្រាយបញ្ហារួមដែលបានជួបប្រទះក្នុងវិស័យមុខងារសាធារណៈ នៅជុំវិញពិភពលោក។
លោកបានបញ្ជាក់ថា៖«តាមទស្សនៈរបស់ខ្ញុំ វិធីសាស្រ្តទំនើប ក្នុងការបង្កើនផលិតភាពក្នុងវិស័យមុខងារសាធារណ:ក្នុងបរិបទសកល គួរមានកត្តាពាក់ព័ន្ធសំខាន់ៗចំនួន៨ ដូចជាការកែលម្អ ប្រព័ន្ធ ICT សម្រាប់ការប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាព,ការបង្កើតកម្មវិធីបណ្តុះបណ្តាលទៀងទាត់ ដើម្បីបង្កើនជំនាញនវានុវត្តន៍ និងបន្តបណ្តុះបណ្តាលមន្រ្តីរាជការក្នងការប្រើប្រាស់បច្ចេកវិទ្យា»។
លោក ឌុច ដារិន្ទ បានបន្តថា៖ «ការបង្កើនពិពិធកម្ម ភាពខ្លាំង និងការពង្រឹងគុណាធិបតេយ្យនៃថ្នាក់ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់, ការអនុវត្តនៃរង្វាស់សមិទ្ធកម្មដែលអាចវាស់វែងបាន និងច្បាស់លាស់, ការបង្កើតយន្តការផ្តល់មតិយោបល់ដើម្បីកែលម្អឱ្យបានទៀងទាត់ដើម្បីកំណត់បញ្ហាប្រឈម និងឱកាសក្នុងការកែលម្អ, ការបង្កើត និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មសម្រាប់មន្ត្រីរាជការ»។
ចំណែកចំណុច សំខាន់២ទៀតគឺការលើកទឹកចិត្តឱ្យមានកិច្ចសហការជាវិជ្ជមានក្នុងចំណោមអង្គភាពផ្សេងៗ និងការយល់ច្បាស់ពីវប្បធម៌ក្នុងស្រុក និងរចនាសម្ព័ន្ធផ្ទៃក្នុងទាំងផ្ទាល់ និងប្រយោល។
យោងតាមគេហទំព័រ ក្រសួងមុខងារសាធារណៈ បានលើកឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈនូវអនុសាសន៍គន្លឹះដែលកម្ពុជា និងបណ្តាប្រទេសទាំង ១២ បានផ្តល់រួមមាន៖ ១ ការកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំជាមួយនឹងចក្ខុវិស័យច្បាស់លាស់ដែលចែករំលែកដោយប្រធានស្ថាប័ន និងមន្ត្រីជាន់ខ្ពស់,២ ការពង្រឹង និងការបណ្ដុះបណ្តាលកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ និងមានចំណេះដឹងផ្នែកឌីជីថលក្នុងវិស័យមុខងារសាធារណៈ។
៣ ការបង្កើនជំនឿទុកចិត្តដោយប្រជាពលរដ្ឋក្នុងស្ថានភាពមិនច្បាស់លាស់,៤ ការបណ្តុះវប្បធម៌សេវាសាធារណៈ ប្រកបដោយភាពរហ័សរហួន ធន់ ហើយផ្តោតលើការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ,៥ ការជំរុញរចនាសម្ព័ន្ធការងារប្រកបដោយការសហការគ្នា ដើម្បីសម្រេចនូវគោលដៅរួមរបស់អង្គភាព,៦ ការរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងក្រមសីលធម៌សម្រាប់ការគ្រប់គ្រង បញ្ញាសិប្បនិមិ្មតក្នុងវិស័យមុខងារសាធារណៈ និង៧ ការបង្កើនពិពិធកម្ម និងការលើកកម្ពស់គុណាធិបតេយ្យនៃថ្នាក់ដឹកនាំក្នុងវិស័យមុខងារសាធារណៈ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា វិស័យមុខងារសាធារណៈនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗ ដែលជាវិស័យស្នូលនិងមានសារៈសំខាន់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការផលិតចេញនូវធនធានមនុស្សរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ។
លោកបានប្រាប់ថា ៖«យើងដឹងហើយថា រដ្ឋាភិបាលកម្ពុជា ចង់អភិវឌ្ឍខ្លួនឱ្យក្លាយទៅជារដ្ឋាភិបាលឌីជីថល, ប្រជាជនឌីជីថល ទើបនៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលថ្មីនេះ សម្តេចធិបតីបានបន្ថែមគោលនយោបាយអាទិភាពមួយទៀត គឺបច្ចេកវិទ្យា ដើម្បីធ្វើឱ្យកម្ពុជាដើរទៅទាន់តាមការវិវត្តរបស់សម័យកាលឌីជីថល។ ដូច្នេះ ការជំរុញប្រព័ន្ធបច្ចេកវិទ្យាក្នុងការគ្រប់គ្រងគឺជារឿងសំខាន់ ជាពិសេសនៅក្នុងវិស័យសាធារណៈ សម្រាប់បម្រើជូនសេចក្តីត្រូវការរបស់ពលរដ្ឋ»។
ថ្មីៗនេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបបានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) នៅប្រទេសសិង្ហបុរី លើផ្នែកដំណោះស្រាយឌីជីថល ក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ ក្រោយពីប្រកួតប្រជែងជាមួយនឹងផលិតផលឌីជីថល សេវា និងកម្មវិធី ទាំង១២៥ នៃប្រទេសជាសមាជិកអាស៊ានទាំង១០។
លោក ហុង វណ្ណៈ ថ្លែងថា ៖ «ដូច្នេះហើយ ទើបយើងឃើញថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើការងារអភិវឌ្ឍន៍ផ្នែកប្រព័ន្ធព័ត៌មានផ្នែកឌីជីថលនេះ»។
សូមជម្រាបថា ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ ដើម្បីជាការជំរុញ និងតម្រង់ទិសឆ្ពោះទៅកាន់ការកសាងរដ្ឋាភិបាលឌីជីថល៕