ភ្នំពេញៈ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា រដ្ឋាភិបាលបន្តវេនដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បើទោះបីជាលោកនៅក្មេង តែលោកមានសមត្ថភាពដឹកនាំគួរឱ្យជឿជាក់ ដោយរយៈពេលខ្លីត្រឹមតែជាង ៥ ខែ «អាចបញ្ចេញស្នាដៃច្រើន ដោយនាំមកនូវប្រជាប្រិយភាពខ្ពស់ លើសពីការរំពឹងទុក»។
ការលើកឡើងរបស់លោក ប៉ែន បូណា នេះធ្វើឡើងតាមរយៈសំណេរនៅលើបណ្តាញសង្គមផ្លូវការរបស់លោកនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលលោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត «ប្រើរយៈពេលយ៉ាងខ្លី សាងប្រជាប្រិយភាពយ៉ាងខ្ពស់»។
លោកបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តដោយមោទនភាពលើសកម្មភាព និងសមិទ្ធផលនៃរដ្ឋាភិបាលរបស់ខ្លួនក្នុងដំណើរការរយៈពេលជាង ៥ ខែ អំឡុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក ប៉ែន បូណា បានអះអាងបន្តថា៖ «ការវាយតម្លៃរបស់សម្តេចធិបតីមិនខុសអ្វីពីចាស់ទុំក្នុងបក្ស និងប្រជាពលរដ្ឋទូទៅឡើយ ពោលគឺរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាបញ្ចេញស្នាដៃល្អហួសពីការរំពឹងទុក។ អាយុតិចតែធ្វើការច្រើន វ័យក្មេងតែសមត្ថភាពចាស់ទុំ ពេលវេលាខ្លី តែដើរបានឆ្ងាយ ...ទាំងនេះគឺជាលក្ខណសម្បត្តិពិសេស និងលេចធ្លោនៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា»។
លោកបន្ថែមថា អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ពិតជាធ្លាប់វាយតម្លៃខ្ពស់លើក្រុមអ្នកដឹកនាំបន្តវេន ដែលអាចធ្វើការបានល្អហួសពីការរំពឹងទុកទាំងក្នុងកិច្ចការជាតិ និងកិច្ចការងារផ្នែកការទូត ដោយបានដាក់ចេញយុទ្ធសាស្ត្រដឹកនាំប្រទេសបានយ៉ាងល្អ និងមានភាពសកម្មលើការងារ ព្រមទាំងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ ជាពិសេសការរថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពសង្គម។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកពីភាពស្វាហាប់ និងការបោះជំហានទៅមុខរបស់រដ្ឋាភិបាលបន្តវេនចាប់តាំងពីការចាប់ផ្តើមដាក់ចេញយុទ្ធសាស្ត្រនយោបាយនាដើមអាណត្តិ និងការអនុវត្តជាក់ស្តែង។
លោកអះអាងថា៖ «រដ្ឋាភិបាលថ្មីនេះព្យាយាមធ្វើការគ្មានទំនេរ ទាំងនយោបាយខាងក្នុង និងនយោបាយការបរទេស ដែលមានការប្រែប្រួលយ៉ាងខ្លាំងដូចជា ការចូលរួមយ៉ាងសកម្មនៅក្នុងវេទិការតំបន់ និងសកល»។
ដោយឡែក លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឯកភាពចំពោះការលើកឡើងរបស់លោកប៉ែន បូណា ដែលលោកមើលឃើញពីសក្តានុពលរបស់រដ្ឋាភិបាលថ្មី ដែលមានសមាជិកប្រមាណ ៨០% ជាអ្នកជំនាន់ថ្មី ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងអនុវត្តដោយស្វាហាប់។
លោកបន្តថា៖ «ភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាលថ្មី ជាពិសេសសម្តេច ហ៊ុន ម៉ាណែត គឺល្អណាស់ ដោយសារ ពួកគាត់មានចំណេះដឹង យល់ដឹងពីបរិបទក្នុង និងក្រៅប្រទេស ដែលនាំឱ្យការសម្របខ្លួន និងដោះស្រាយសម្ពាធនានាបានយ៉ាងល្អ ហើយអាចរុញទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត និងមហាអំណាច»។
លោក ជ័យ តិច បានផ្តល់យោបល់ដល់រដ្ឋាភិបាលបន្តវេន ឱ្យពិចារណាកាត់បន្ថយចំនួនមន្ត្រីច្រើនជ្រុលនៅតាមក្រសួង-ស្ថាប័នរដ្ឋ ដែលត្រូវមានកូតាតួនាទីមន្ត្រីត្រឹមត្រូវហើយសមស្របនឹងកិច្ចការជាក់ស្តែង ដោយអាចមិនរើសមន្ត្រីបន្ថែមជាដើម។
លោកថា រដ្ឋាភិបាលថ្មីគួរបន្តការប្រឹងប្រែងកៀរគរវិនិយោគិនបរទេស ដោយការបែងចែកតួនាទីដល់មន្ត្រីតាមស្ថាប័នពាក់ព័ន្ធ និងការពង្រឹងការធ្វើការទូត ជាក់ស្តែងក្រសួងការបរទេសតែម្តង។
លោកយល់ថា៖ «រដ្ឋាភិបាលត្រូវបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព ប្រព័ន្ធធារាសាស្ត្រ ជាដើម ហើយខ្ញុំក៏សូមអំពាវនាវឱ្យមានការពង្រឹងច្បាប់ពាក់ព័ន្ធ បញ្ហាចរាចរណ៍ គ្រឿងញៀន គ្រឿងស្រវឹង បញ្ហាសីលធម៌សង្គម ការគាំពារសង្គម»។
សម្រាប់លោក រ៉ូ វណ្ណៈ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយវិញ លើកឡើងថា បញ្ហាប្រជាប្រិយភាពជារឿងសំខាន់របស់មេដឹកនាំ ក៏ប៉ុន្តែលោកថា ចៀសវាងការធ្វើនយោបាយយកប្រជាប្រិយភាពដើម្បីតែប្រជាប្រិយភាព តែរដ្ឋាភិបាលល្អត្រូវតែជារដ្ឋាភិបាលនិយាយតិច ធ្វើច្រើន ហើយបើនិយាយច្រើន គឺត្រូវធ្វើឱ្យកាន់តែច្រើន។
លោកសង្កេតឃើញថា រដ្ឋាភិបាលបន្តវេននេះ បង្កើតគោលនយោបាយច្រើន កៀរគរធនធានមនុស្សច្រើន ប៉ុន្តែមិនទាន់ឃើញមានប្រសិទ្ធភាពការងារច្រើននៅឡើយទេ ដែលប្រហែលរង់ចាំតាមដានបន្តទៀត។
លោកបានលើកឡើងថា៖ «ភាពជាអ្នកដឹកនាំល្អ គួរតែត្រូវបានវិនិច្ឆ័យ លើប្រសិទ្ធភាព និងសីលធម៌។ ប្រសិទ្ធភាពរបស់រដ្ឋាភិបាលថ្មី នៅតែស្ថិតក្នុងចំណោទបញ្ហានៅឡើយ។ ការតែងតាំងមន្ត្រីនយោបាយច្រើនពេក ដែលគេនិយមហៅថា ក្បាលធំជាងខ្លួន នឹងមិនអាចឱ្យរដ្ឋាភិបាល ធ្វើដំណើរបានលឿនទេ»។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលថ្មីគួរកសាងស្ថាប័នរដ្ឋឱ្យមានភាពរឹងមាំ ដោយការជ្រើសរើសធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ ចៀសវាងនិន្នាការបក្ខពួក ឬគ្រួសារនិយម ហើយត្រូវលើកកម្ពស់នីតិរដ្ឋ និងអភិបាលកិច្ចល្អ ព្រមទាំងសុចរិតភាពនយោបាយ ដែលអាចនាំឱ្យបង្កើនការគាំទ្រពីពលរដ្ឋ និងអាចរក្សាអំណាចនយោបាយបានយូរអង្វែងផង៕